កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
បែលហ្ស៊ិក អ៊ីតាលី រុស្ស៊ី និងប៉ូឡូញ កក់កៅអីទៅ Euro 2020
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ បែលហ្ស៊ិក អ៊ីតាលី រុស្ស៊ី និងប៉ូឡូញ ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2020 ដោយស្វ័យប្រវត្តិ បន្ទាប់ពីរកបានពិន្ទុនាំមុខដាច់ក្នុងវគ្គជម្រុះតាមពូលរៀងៗខ្លួន។
បែលហ្ស៊ិកដែលស្ថិតក្នុងពូល I បានក្លាយជាក្រុមដំបូងគេដែលអាចឈានទៅ Euro ឆ្នាំ ២០២០ តាមរយៈជ័យជម្នះទាំង៨លើក ដោយទទួលបានពិន្ទុសរុប ២៤ពិន្ទុ។ ក្រុមរហស្សនាមបិសាចក្រហមបានយកឈ្នះគូប្រជែងក្រុមក្នុងមួយពូល I នេះ ដូចជា រុស្ស៊ី ស៊ីប ស្កុតឡែន កាហ្សាក់ស្ថាន និងសាំងម៉ារ៉ាំង។ ប្រកួតលើកចុងក្រោយ បែលហ្ស៊ិកឈ្នះម្ចាស់ផ្ទះ កាហ្សាក់ស្ថាន ២-០ ដោយមានពិន្ទុនាំមុខក្រុមលេខ៣ក្នុងពូលរហូត១៤ពិន្ទុ ខណៈការប្រកួតសល់២លើកទៀតប៉ុណ្ណោះ។
ក្នុងពូលនេះដែរ រុស្ស៊ីក៏ទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ ម្ចាស់ផ្ទះ World Cup 2018 មួយនេះ រកបាន២១ពិន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ពូល I នាំមុខដាច់ក្រុមគូប្រជែងលេខ៣ ស៊ីប ចំនួន១១ពិន្ទុ ស្របពេលសល់តែ២ប្រកួត។ ឆ្លងកាត់ការប្រកួត៨លើក រុស្ស៊ីបរាជ័យតែមួយលើកប៉ុណ្ណោះ គឺចាញ់បែលហ្ស៊ិក ៣-១ កាលពីជួបគ្នាជើងទី១។ ជំនួបបន្ទាប់រុស្ស៊ី ប៉ះបែលហ្ស៊ិក និងសាំងម៉ារ៉ាំងដែលជាការប្រកួតបង្គ្រប់កិច្ច។
អ៊ីតាលីដែឈ្នះគ្រប់ប្រកួតនៅពូល J ក្នុងចំណោម៧ប្រកួត ក៏បានកៅអីទៅប្រជែងពានរង្វាន់អឺរ៉ុបឆ្នាំ២០២២ផងដែរ។ អ៊ីតាលីរកបាន២១ពិន្ទុពេញ នាំមុនក្រុមលេខ២ ហ្វាំងឡង់ដែលរកបាន១២ពិន្ទុ និងលេខ៣ អាមេនី១០ពិន្ទុ បូស្ន៊ី ១០ពិន្ទុ ក្រិក៥ពិន្ទុ និងលិចតិនស្តាញ២ពិន្ទុ។ ជំនួបលើកទី៧ ដែលអ៊ីតាលីឈ្នះក្រិក ២-០ បាននាំពួកគេនាំមុខក្រុមលេខ៣ចំនួន ១១ពិន្ទុ ស្របពេលការប្រកួតសល់តែ៣លើក។
ហ្វាំងឡង់ អាមេនី និងបូស្ន៊ី ដែលមានពិន្ទុប្រដេញគ្នាក្នុងពូល J ត្រូវប្រជែងយកលេខ២ ដើម្បីឈានទៅវគ្គបន្ត។
ដោយឡែក ប៉ូឡូញក៏មានពិន្ទុគ្រប់គ្រាន់ដើម្បីទទួលបានមួយកៅអីទៅ Euro 2020 ដែរ។ ១៩ពិន្ទុ ពីការប្រកួត៨លើកក្នុងពូល G របស់ប៉ូឡូញ នាំឲ្យពួកគេមានពិន្ទុនាំមុខក្រុមលេខ៣ ម៉ាសេដ្វានខាងជើងចំនួន៨ពិន្ទុ ខណៈការប្រកួតសល់២លើក។ អូទ្រីសនៅលេខរៀងទី២ មាន១៦ពិន្ទុ ម៉ាសេដ្វានខាងជើងមាន១១ពិន្ទុ ស្មើក្រុមលេខ៤ស្លូវេនី អ៊ីស្រាអែលមាន៨ពិន្ទុ ហើយឡេតូនីសូន្យពិន្ទុនៅបាតតារាង។
សម្រាប់ការដណ្តើមយកចំណាត់ថ្នាក់ទី២ ក្នុងពូល G អូទ្រីសមានភាគរយខ្ពស់ជាងគេ តាមពីក្រោយដោយ ម៉ាសេដ្វានខាងជើង ស្លូវេនី និងអ៊ីស្រាអែលដែលមានភាគរយតិចជាងគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com