អត្ថបទពាណិជ្ជកម្ម
សូមអញ្ជើញសិស្ស-និស្សិត និងអាណាព្យាបាលចូលរួមពិព័រណ៍ការសិក្សា និងការងារ ដើម្បីទទួលព័ត៌មានពីការសិក្សា និងអាហារូបករណ៍នៅបរទេស
× សិស្ស និស្សិត និងអាណាព្យាបាល ប្រមាណជាង២០០០នាក់ នឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ ការសិក្សា និងការងារ ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ កម្មវីធីនេះ រៀបចំដោយ IDP Education ដែលជាស្ថាប័នធំជាងគេលើពិភពលោក ក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស។ កម្មវិធីនេះ ត្រូវបានបើកសម្រាប់សាធារណជន ចូលរួមដោយឥតគិតថ្លៃ។
ការតាំងពិព័រណ៍ការសិក្សា និងការងារឆ្នាំនេះ នឹងទទួលបានការចូលរួមពីសំណាក់ស្ថាប័នសិក្សាប្រមាណចំនួនជាង ៧០ ស្ថាប័ន ពីបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ប្រទេសអូស្ត្រាលី កម្ពុជា កាណាដា អៀរឡង់ ណូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សិង្ហបុរី និងប្រទេសថៃ។ ស្ថាប័ននីមួយៗ នឹងមានស្តង់ដាក់បង្ហាញពីជម្រើសសិក្សាស្តង់ដារពិភពលោក ចាប់តាំងពីកម្រិតវិទ្យាល័យ ដល់កម្រិតបច្ចេកទេស និងឧត្តមសិក្សា។
សិស្ស និស្សិត និងអាណាព្យាបាល នឹងមានឱកាសទទួលបានព័ត៌មាន ពីកម្មវីធីសិក្សា ការណែនាំ និងជំនួយ នៅក្នុងការរៀបចំឯកសារ ទាក់ទងទៅនឹងការដាក់ពាក្យចូលរៀន ដំណើរការសុំទិដ្ឋាការ និងការដាក់អាហារូបករណ៍។ ព័ត៌មាន និងសេវាកម្មទាំងអស់នេះ នឹងត្រូវបានផ្តល់ជូនដោយផ្ទាល់ តាមរយៈអ្នកតំណាងមកពីស្ថាប័នសិក្សានានា នៅលើពិភពលោក អ្នកជំនាញប្រឹក្សាការសិក្សានៅបរទេស របស់ស្ថាប័នIDP មន្ត្រីទិដ្ឋាការ និងតំណាងអាហារូបករណ៍ផ្សេងៗ។ ព័ត៌មានការស្នើសុំដាក់ពាក្យចូលរៀន និងជំនួយក្នុងការដាក់ពាក្យ គឺ ផ្តល់ជូនដល់អ្នកចូលរួមទាំងអស់ ដោយឥតគិតថ្លៃ។
ពិព័រណ៍ការសិក្សា និងការងារក៏មានរួមបញ្ចូលនូវវេទិកាពិភាក្សា ដែលមានការចូលរួមពីសំណាក់អ្នកជំនាញ អតីតនិស្សិតមកពីបរទេស តំណាងអាហារូបករណ៍ និងតំណាងមកពីស្ថានទូត និងសង្គមស៊ីវិល។ វេទិកាពិភាក្សាទាំងនោះ នឹងផ្តោតទៅលើប្រធានបទដែលផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយស្តីអំពី ការអភិវឌ្ឍជំនាញ គោលដៅសម្រាប់ការងារ និងជម្រើសសិក្សាអន្តរជាតិ ដែលជួយដល់សិស្ស និស្សិត និងអាណាព្យាបាល ក្នុងការរៀបចំគម្រោងសិក្សាទៅថ្ងៃអនាគតឲ្យបានល្អប្រសើរ។
លោក ឈាង វ៉ាន់តាក់ ដែលជាអ្នកគ្រប់គ្រងផ្នែកបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស របស់ស្ថាប័នIDP Education (Cambodia) បានមានប្រសាសន៍ថា ការសម្រេចចិត្តខុស ក្នុងការសិក្សា ធ្វើឲ្យខាតបង់ពេលវេលា និងថវិកាជាច្រើន។ ដូច្នេះយើងខ្ញុំសូមលើកទឹកចិត្តឲ្យសិស្ស និស្សិត និងអាណាព្យាបាល មកចូលរួមពិព័រណ៍ការសិក្សា និងការងារ ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ មុនសម្រេចចិត្ត។ អ្នកប្រឹក្សាយើងខ្ញុំ នឹងណែនាំសិស្ស និស្សិត ទាក់ទងនឹងជម្រើសសិក្សា ដែលសមស្របទៅនឹងតម្រូវការ និងបំណងទៅថ្ងៃអនាគត របស់បុគ្គលរៀងៗខ្លួន។
ស្ថាប័នIDP Education មានការិយាល័យចំនួនជាង១០០ នៅក្នុង៣០ប្រទេស ជុំវិញពិភពលោក។ នៅប្រទេសកម្ពុជា ការិយាល័យផ្តល់សេវាកម្មបញ្ជូនសិស្ស និស្សិតទៅរៀននៅបរទេសរបស់ស្ថាប័នIDP មានទីតាំងនៅគ្រប់សាខាទាំង៥ របស់សាលា ACE (Australian Centre for Education) ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ដើម្បីចុះឈ្មោះចូលរួមពិព័រណ៍ការសិក្សា និងការងារដោយឥតគិតថ្លៃ សូមចូលទៅកាន់គេហទំព័រ globaledu.idpevent.org ឬ ទាក់ទងទៅលេខ ០៧៧ ៦៦៧ ១២២៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com