អន្តរជាតិ
ក្រោយអាមេរិកបោះបង់ ក្រុមឃើដរត់រករបបលោក អាសាដ ដើម្បីគេចពីក្រញាំតួកគី យោធាតួកគីក្នុងប្រតិបត្តិការនៅភាគខាងជើងស៊ីរី។ រូបភាព AFP
× ក្រុមសកម្មប្រយុទ្ធឃើដ នៅថ្ងៃទី១៣ ខែតុលា បានប្រកាសពីកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយជាមួយរដ្ឋាភិបាលលោក បាសា អាល់ អាសាដ ដើម្បីបើកផ្លូវឲ្យមានការពង្រាយយោធាស៊ីរីនៅភាគខាងជើងដើម្បីទប់ទល់សកម្មរបស់តួកគី។ កិច្ចព្រមព្រៀងដែលមិនរំពឺងថា នឹងអាចកើតឡើងបាននេះ ជាយុទ្ធសាស្ត្ររបស់ក្រុមឃើដដើម្បីការពារខ្លួន ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដកទ័ពចេញដោយគ្មានអាល័យនោះ។
បួនថ្ងៃក្រោយតួកគីបើកប្រតិបត្តិការយោធាចូលភាគខាងជើងស៊ីរី ក្រុមឃើដដែលអស់ខែលការពារបន្ទាប់ពីអាមេរិកដកកងទ័ពរបស់ខ្លួន ក៏ងាកទៅរកជំនួយពីរដ្ឋាភិបាលក្រុងដាម៉ាស់។ កិច្ចព្រមព្រៀងមួយ បានលេចជារូបរាងរវាងរដ្ឋាភិបាលឃើដដែលគ្រប់គ្រងភាគខាងជើងស៊ីរី និងរដ្ឋាភិបាលប្រធានាធិបតី បាសា អាល់ អាសាដ ដើម្បីពង្រាយយោធាស៊ីរីប្រឆាំងយុទ្ធនាការរបស់តួកគីដែលធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ បាត់បង់ផ្ទះសម្បែង។
ក្នុងសេចក្ដីប្រកាសថ្ងៃទី១៣ ខែតុលា កម្លាំងស៊ីរីប្រជាធិបតេយ្យដែលដឹកនាំក្រុមឃើដក្នុងប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាម បញ្ជាក់ថា ដើម្បីបញ្ចៀស និងទប់ទល់ការឈ្លានពានរបស់តួកគី កិច្ចព្រមព្រៀងមួយត្រូវបានបង្កើតឡើងជាមួយរដ្ឋាភិបាលស៊ីរីដែលនឹងបើកផ្លូ្វឲ្យយោធាស៊ីរីពង្រាយតាមបណ្ដោយព្រំដែនស៊ីរី-តួកគី។ មិនមានព័ត៌មានលម្អិតអ្វីក្រៅពីនេះឡើយ ខណៈក្រុមឃើដក៏មិនបញ្ជាក់ថា វត្តមានយោធាស៊ីរី នឹងប៉ះពាល់សិទ្ធិគ្រប់គ្រងភាគខាងជើងរបស់ខ្លួនឬយ៉ាងណាដែរ។
ក្រុមឃើដស៊ីរី ទំនងគ្មានជម្រើសអ្វីផ្សេងក្រៅពីរត់រកជំនួយពីកងទ័ពស៊ីរីដែលមានរុស្ស៊ីនៅពីក្រោយឡើយ ខណៈអាមេរិកមិនទាន់ចាត់វិធានការអ្វីទាល់តែសោះឆ្លើយតបនឹងប្រតិបត្តិការយោធារបស់តួកគី ក្រៅពីការគំរាមដាក់ទណ្ឌកម្មនោះ។ យុទ្ធនាការរដូវផ្ការីករបស់តួកគីនេះ បានសម្លាប់ជនស៊ីវិល និងសកម្មជនឃើដខ្ទង់រយនាក់ទៅហើយ ឯមនុស្សជាច្រើនទៀតរងរបួស។ អ្វីគួរបារម្ភ គឺសកម្មជនក្រុមរដ្ឋឥស្លាមដែលស្ថិតក្រោមការឃុំខ្លួនដែលគ្រប់គ្រងដោយក្រុមឃើដតែម្ដង។
យុទ្ធនាការរបស់តួកគីដែលចាប់ផ្ដើមកាលពីសប្ដាហ៍មុន ត្រូវបានរៀបចំជាយូរមកហើយ ប៉ុន្តែមិនអាចអនុវត្តបានដោយសារវត្តមានយោធាអាមរិកជាមួយក្រុមឃើដ។ ការដកទ័ពរបស់អាមេរិក ជាការផ្ដល់ភ្លើងបៃតងដោយប្រយោលពីសំណាក់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ គោលដៅរបស់តួកគី គឺបង្កើតតំបន់សុវត្ថិភាពមួយជម្រៅ៣០ទៅ៤០គីឡូម៉ែត្រក្នុងទឹកដីស៊ីរីសម្រាប់ការធ្វើមាតុភូមនិវត្តន៍ជនភៀសខ្លួនស៊ីរី និងការបោសសម្អាតការគំរាមកំហែងមកលើសន្តិសុខតួកគីផង។
ប្រតិបត្តិការនេះ ធ្វើឲ្យក្រុងអង់ការ៉ារងការរិះគន់យ៉ាងខ្លាំង។ អាល្លឺម៉ង់ និងន័រវ៉េស សម្រេចចិត្តផ្អាកការលក់អាវុធឲ្យតួកគី ខណៈអាមេរិកឯណោះវិញកំពុងធ្វើច្បាប់ដាក់ទណ្ឌកម្ម ខណៈដែលលោក ត្រាំ ព្រមានថា សេដ្ឋកិច្ចរបស់តួកគីនឹងរលាយ បើសិនហ៊ានធ្វើអ្វីហួសហេតុនោះ។ យ៉ាងណាមិញ ប្រមុខដឹកនាំតួកគី តៃយីប អ៊ែរដូហ្កាន់ អះអាងហើយថា គ្មានអ្វីមកបង្អាក់យុទ្ធនាការសឹករបស់តួកគីបានឡើយ មិនអាចលោកខាងលិចអ្វីទេ៕
Tag:
អាមេរិក
ស៊ីរី
ឃើដ
តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com