ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​អាំង ជូ​លាន ពន្យល់​ពី​ជំនឿ និង​ទំនាក់ទំនង​រវាង​រាហូ និង​ការកើត​ស្លាប់​របស់​មនុស្ស​
14, Oct 2019 , 9:19 pm        
រូបភាព
​សៀមរាប​៖ គេ​តែង​ស្គាល់​រាហូ ថា​ជា​យក្ស​មានតែ​ក្បាល និង​បង្កើតជា​ព្រឹត្តិការណ៍​សូរ​គ្រាស និង​ចន្ទ​គ្រាស​។ តាម​អ្នកសិក្សា​ស្រាវជ្រាវ រាហូ​គឺជា​ព្រះ​កាល ហើយ​ពាក្យ​កាល​ក្នុង​ភាសាសំស្ក្រឹត​មានន័យថា​ពេល ដែល​វា​ទាក់ទង​នឹង​ការស្លាប់ និង​ការកើត​។ មាន​ភស្ដុតាង​ច្រើន ដែល​អ្នកស្រាវជ្រាវ​ហ៊ាន    សន្ម​ត់​ថា រាហូ​មាន​ទំនាក់​នឹង​ការស្លាប់ និង​ការកើត​ឡើងវិញ​របស់​មនុស្ស​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖




​ប្រវត្តិ​នៃ​វប្បធម៌​ដែលមាន​រូប​រាហូ​ជាប់​នៅតាម​ផ្ដែរ​ប្រាសាទ មឈូស និង​មេរុ​ជាដើម​នោះ មាន​ប្រវត្តិ​យូរលង់​មកហើយ​។ កិច្ច​នេះ ក៏​មិនមែនជា​រឿង​ចៃដន្យ​ដែរ តែ​វា​ជា​ទំនៀម​ដែលមាន​ត​ពី​ដូនតា ហើយ​វា​ក៏​មិនទាន់​បាត់បង់​ទាំងស្រុង​ដែរ មកដល់​សព្វថ្ងៃនេះ​។ ជា​មរតក​វប្បធម៌​អរូបី ដែល​អ្នកស្រុក​និយម​ធ្វើ​តៗ​គ្នា ដោយ​មិនដឹង​ពី​ប្រវត្តិ​បែបណា​ផង​។​



​សាស្ដ្រាចារ្យ និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​វប្បធម៌ លោក អាំង ជូ​លាន បាន​លើកយក​ពី​ទំនៀម​ប្រពៃណី សិល្បៈ​មួយចំនួន ដែល​ទាក់ទង​នឹង​រាហូ មក​បង្ហាញ​ក្នុង​បាឋកថា​របស់លោក​ស្ដីពី វដ្ដសង្សារ​៖ សិល្បៈ និង​កិច្ច​។ រាហូ​ដែល​លោក ជូ​លាន បាន​លើក​ជា​ឧទាហរណ៍​ដែលមាន​ក្នុង​កិច្ច​ពិធី​ប្រពៃណី​របស់​ខ្មែរ​នោះ គឺ​ទាក់ទង​នឹង​ការស្លាប់ និង​ការកើត​ឡើងវិញ​របស់​មនុស្ស​។ លោក​ពន្យល់ថា រាហូ​ដូចជា​កង់​ពេល​មួយ ដែល​វិលជុំ គឺ​រាប់​ពី​ការកើត​រហូតដល់​ស្លាប់​វិញ​។

​លោក​សាស្ដ្រាចារ្យ​បន្ថែមថា រាហូ​ជា​ព្រះ​កាល តែ​ព្រះ​កាល​មិនអាច​មើលឃើញ​ឡើយ​។ សម្រាប់​រាហូ​ជា​អ្វីដែល​អាច​មើលឃើញ​បាន ហើយ​វា​មានន័យ​ដូចគ្នា​។ «​រឿង​ដែល​និយាយ​ទាំង​ប៉ុន្មាន​មក គឺ​សុទ្ធតែ​ទាក់ទង​រឿង​ខ្មោច​ទាំងអស់ តែ​ទាំងអស់នេះ ច្រើនតែ​ឃើញ​នៅ​តំបន់​អង្គរ​ដែល​ខ្លាំងជាងគេ ។ ខ្ញុំ​ជឿថា តាំងពី​សម័យអង្គរ​អី​មក វា​មានបាន​ត មកដល់​ឥឡូវ​។ វា​មិនមែន​មនុស្ស​បង្កើត​មក​ទទេៗ​ទេ​។ ខ្ញុំ​មិនសូវ​ជឿ​ទេ​ថា អារ្យធម៌​អង្គរ​រលាយ​អស់ហើយ តែ​ម៉េច​ពិធី​វា​នៅមាន ព្រោះ​វា​មិនទាន់​បាត់​ហ្នឹងហើយ ទើបត្រូវ​ខំ​ថែ​»​។​



​ក្នុង​បាឋកថា​ទៅកាន់​អ្នកចូលរួម​ប្រមាណ​២០០​នាក់ នៅ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២៥ កញ្ញា លោក អាំង ជូ​លាន បានបង្ហាញ​ភស្ដុតាង​ច្រើន​ទម្រង់ និង​ច្រើន​កន្លែង​មក​លម្អិត ដើម្បីឱ្យ​អ្នកចូលរួម​កាន់តែច្បាស់​ថា រាហូ មាន​ទាក់ទង​នឹង​សេចក្ដីស្លាប់ និង​សេចក្ដី​កើតឡើង​វិញ​។ ជំនឿ​ប្រពៃណី​ដែលមាន​រាហូ គឺ​សុទ្ធសឹង​ភ្ជាប់​ទៅនឹង​ទីកន្លែង របស់របរ កិច្ច​ពិធី​នៃ​សេចក្ដីស្លាប់ ដែល​ក្នុងនោះ មាន​នៅលើ​មឈូស ជើង​សំឡី មេរុ តាម​ផ្ដែរ​ប្រាសាទ​។​ល​។ សម្រាប់​លោក ជូ​លាន ជំនឿ​ដែលមាន​តាំងពី​យូរយារ​មក មិនទាន់​បាត់បង់​ទៅណា​ទេ ហើយ​ការធ្វើ​នោះ ក៏​មិនមែន​ធ្វើតាម​ការនឹកឃើញ​ដែរ​។​

​ជា​អ្នកស្រាវជ្រាវ​ផ្នែក​វប្បធម៌​មួយរូប លោក​សាស្ដ្រាចារ្យ ជូ​លាន យល់ថា​អារ្យធម៌​អង្គរ មិនទាន់​ស្លាប់​ឡើយ​។ លោក​ពន្យល់ថា អារ្យធម៌​ទាំងនោះ មានដូចជា​កិច្ច​ពិធី​ផ្សេងៗ ដែល​អ្នកស្រុក​អង្គរ​កំពុង​ធ្វើ​។ យ៉ាងណា លោក​ទទួលស្គាល់ថា អារ្យធម៌​ទាំងនោះ​កំពុង​លិ​ប​បាត់​បន្ដិច​ម្ដងៗ ដោយសារ​ការបើកទ្វារ ស្វាគមន៍​ទេសចរ​ពី​គ្រប់ទិសទី ហើយ​ចង់​មិន​ចង់ អ្នកស្រុក​ក៏​មិនសូវ​រៀបចំ​កិច្ច​ពិធី​មួយចំនួន​ដែល​ធ្លាប់ធ្វើ​នៅតាម​ប្រាសាទ ឬ​បុរាណ​ដ្ឋា​ន​មួយចំនួន​។​

​ដោយសារ​ទំនៀម​ខ្លះ​មិនទាន់​បាត់បង់ ឬ​នៅ​បន្ដិចបន្ដួច​នេះហើយ ទើប​លោក ជូ​លាន ទទូច​សុំឱ្យ​មានការ​ថែរក្សា អភិរក្ស​។ លោក​យល់ថា អារ្យធម៌ ពិតជា​មានតម្លៃ​ណាស់ ពិសេស​ទុកជា​មរតក​សម្រាប់​អ្នកជំនាន់ក្រោយ​៕


Tag:
 រាហូ​
  អាំង ជូ​លាន​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com