ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំនាញ​៩ ដែលមាន​ទីផ្សារការងា​រ​ច្រើន ទាំង​នៅពេល​បច្ចុប្បន្ន និង​អនាគត
14, Oct 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ជំនាញ​វិស្វកម្ម​អគ្គិសនី វិស្វកម្ម​មេកានិច បរិស្ថានវិទ្យា គីមី​អាហារ សវនកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ សំណង់​ស៊ីវិល ស្ថាបត្យកម្ម និង​កសិកម្ម គឺជា​ជំនាញ​ដែលមាន​តម្រូវការ​ទីផ្សារការងារ​ច្រើន​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​លោក​។ នេះ​បើតាម​លោក សូ សុធីរ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។ អ្នកស្រាវជ្រាវ​រូបនេះ បាន​សង្កត់ធ្ងន់ថា ជំនាញ​គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ នឹង​លែងមាន​ទីផ្សារការងារ​ច្រើន ព្រោះ​បច្ចេកវិទ្យា​នៅក្នុង​វិស័យនេះ កំពុងតែ​ជំនួស​មនុស្ស​ជា​បណ្ដើរៗ​ហើយ​។​



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ លោក សូ សុធីរ បណ្ឌិត​វិទ្យាសាស្ត្រ​អប់រំ និង​ជា​សាស្ត្រាចារ្យ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ដូចតទៅ​៖




​លោក សូ សុធីរ បណ្ឌិត​វិទ្យាសាស្ត្រ​អប់រំ និង​ជា​សាស្ត្រាចារ្យ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា ការជ្រើសរើស​ជំនាញ​នៅ​សាកលវិទ្យាល័យ ជាការ​ជ្រើស​រើសមុខរ​បរ​សម្រាប់​ថ្ងៃ​អនាគត​។ បើតាម​អ្នកស្រាវជ្រាវ​រូបនេះ ការសិក្សា​នៅ​ថ្នាក់​ចំណេះដឹង​ទូទៅ គ្រាន់តែ​ជាការ​បុកគ្រឹះ​ផ្ទះ​ប៉ុណ្ណោះ តែ​ការរៀន​ជំនាញ​នៅ​សាកលវិទ្យាល័យ គឺជា​ការសាងសង់​ផ្ទះ​ឡើង​ទៅលើ​តាម​ម៉ូដ​រៀងៗ​ខ្លួន​។ «​ជំនាញ​វិស្វកម្ម​អគ្គិសនី វិស្វកម្ម​មេកានិច បរិស្ថានវិទ្យា គីមី​អាហារ សវនកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ សំណង់​ស៊ីវិល ស្ថាបត្យកម្ម និង​កសិកម្ម គឺជា​ជំនាញ ដែលមាន​ទីផ្សារការងា​រ​ច្រើន​ទាំង​ពេលបច្ចុប្បន្ន និង​៥​ឆ្នាំ​ខាងមុខ​ទៀត​»​។ នេះ​ជាការ​អះអាង​ចំៗ​របស់លោក សូ សុធីរ ដោយ​ដកស្រង់​ពី​សៀវភៅ​មគ្គុទេសក៍​សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង​មុខជំនាញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។



​បើតាម​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ​រូបនេះ នៅ​ថ្ងៃ​ខាងមុខ មុខជំនាញ​ដែល​ធ្វើការ​នៅ​ធនាគារ នឹង​លែង​ត្រូវប៉ាន់​ទៀតហើយ​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ធនាគារ​សព្វថ្ងៃ គេ​មាន​App​និង​ATM ដែល​អាចដាក់ និង​ដក​លុយ ដោយ​មិនចាំបាច់​ទៅ​ធនាគារ​។ បើ​មនុស្ស​យល់ដឹង​លើ​វិស័យនេះ​កាន់តែច្រើន គេ​ដក ឬ​ដាក់​លុយ​ដោយ​ខ្លួនឯងបាន​។ ដូច្នេះ បុគ្គលិក​ធនាគារ គេ​នឹង​ត្រូវការ​កាន់តែ​តិច​»​។​

​លោក សូ សុធីរ បាន​ជំរុញ​ឲ្យ​និស្សិត​ចាប់អារម្មណ៍​រៀន​ជំនាញ​កសិកម្ម ព្រោះ​ជំនាញ​នេះ កំពុងមាន​តម្រូវការ​ច្រើន តែមាន​និស្សិត​រៀន​តិច ស្រប​ពេលដែល​ប្រជាជន​កម្ពុជា​ភាគច្រើន តែ​នៅ​ធ្វើស្រែ​តាមបែប​បុរាណ​។​



​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​បើតាម​ទស្សនៈ​ខ្មែរ​យើង​ពី​ដើម គេ​គិតថា ខំរៀន​អស់ប្រាក់​ជាច្រើន មិន​ឲ្យ​កូន​វិល​ទៅធ្វើ​ស្រែ​វិញ​ទេ​។ នេះ​ជា​ទស្សនៈ​ចាស់គំរឹល ព្រោះ​បច្ចុប្បន្ន កសិកម្ម​ឥឡូវ មិន​ដូច​ពីមុន​ទេ គេធ្វើ​ស្រែ ឬក៏​ចិញ្ចឹមសត្វ គេ​មាន​បច្ចេកទេស​ត្រឹមត្រូវ​»​។   

​បើទោះបី​ជំនាញ​ទាំង​៩​ខាងលើ មាន​ទីផ្សារការងារ​ខ្ពស់​មែន តែ​សាស្ត្រាចារ្យ​រូបនេះ បាន​ណែនាំ​ឲ្យ​និស្សិត​កុំ​ភ្លេច​រៀន​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​សិល្បៈ​ផងដែរ ព្រោះ វា​ជា​មុខវិជ្ជា​ដ៏​មានតម្លៃ​សម្រាប់​ប្រទេសជាតិ ប៉ុន្តែ មាន​និស្សិត​រៀន​តែ​៧​ភាគ​ប៉ុណ្ណោះ​។

​ក្រៅពី​ជ្រើសរើស​ជំនាញ​ស្នូល​ហើយ​នោះ លោក សូ សុធីរ ចង់​ឲ្យ​និស្សិត​ខិត​ខំរៀន​ភាសាបរទេស និង​កុំព្យូទ័រ ដែលជា​ជំនាញ​អម ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់​ប្រឡូក​ក្នុង​ការងារ​នៅពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​៕   

Tag:
 សូ សុធីរ​
 ​ជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com