អន្តរជាតិ
លោក ស៊ី ជិនភីង៖ រាល់ការប៉ុនប៉ងពុះចែកប្រទេសចិន នឹងត្រូវបង្ក្រាប ប្រធានាធិបតី ស៊ី ជិនភីង, រូបភាព AFP
× ប្រធានាធីបតីចិន ស៊ី ជិនភីង បានព្រមានច្បាស់ៗថា រាល់ការប៉ុនប៉ងបំបែកប្រទេសចិន នឹងត្រូវបានបង្ក្រាប។ ការលើកឡើងបែបនេះ គឺធ្វើឡើងស្របពេលទីក្រុងប៉េកាំង កំពុងប្រឈមមុខនឹងបញ្ហាការតវ៉ានៅហុងកុង ការរិះគន់របស់អាមេរិកពាក់ព័ន្ធនឹងជនជាតិមូស្លីម វីហ្គ័រ សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។
នាជំនួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ KP Sharma Oli នៅថ្ងៃទី១៣ ខែតុលា លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានលើកឡើងថា រាល់ជនទាំងឡាយណា ដែលមានបំណងពុះចែកផ្នែកណាមួយនៃប្រទេសចិន នឹងប្រឈមទៅនឹងការបង្ក្រាបដូចឆ្អឹងជាបំណែកៗ។ ក្នុងន័យនេះ លោក ស៊ីចង់បញ្ជាក់ថា បើទោះបីជាមានកម្លាំងបរទេសនៅពីក្រោយនៃការប៉ុនប៉ងនេះក៏ដោយ ប្រជាជនចិនចាត់ទុកសកម្មភាពនេះ គ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះ ហើយវានឹងមិនអាចកើតឡើងជាដាច់ខាត។
មេដឹកនាំចិន ទំនងចង់សំដៅទៅដល់ហុងកុង ដែលមានការធ្វើបាតុកម្មអស់រយៈពេលជាច្រើនខែមកហើយ និងការរិះគន់របស់អាមេរិកទៅលើជនជាតិភាគតិចវីហ្គ័រ។ នេះបើផ្អែកទៅតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងន័យគាំទ្រគំនិតរបស់ប្រធានាធិបតីចិន នាយករដ្ឋមន្ត្រី Oli បានគូសបញ្ជាក់ថា នេប៉ាល់ជំទាស់ជាដាច់ខាតទៅនឹងរាល់សកម្មភាពវិទ្ធង្សនាទាំងឡាយណា ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងនៅលើទឹកដីនេប៉ាល់។
ពាក់ព័ន្ធទៅនឹងសម្តីរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តចិនរូបនេះ បញ្ហាជាច្រើន បានធ្លាក់មកផ្ទួនៗទៅ លើរដ្ឋាភិបាលទីក្រុងប៉េកាំង។ ជាក់ស្តែងទីក្រុងចិន កំពុងព្យាយាមបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។ ស្របពេលជាមួយគ្នាដែរ បាតុកម្មនៅទីក្រុងហុងកុង កំពុងតែមានភាពតានតឹង ដោយអាជ្ញាធរបានបាញ់គ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក ការបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុកម្មនៅលើអតីតដែនអាណានិគមអង់គ្លេសមួយនេះ។
បន្ថែមពីលើនេះ កន្លងមក អាមេរិកបានដាក់អង្គការចិនចំនួន២៨ ចូលទៅក្នុងបញ្ជីខ្មៅ ហើយថែមទាំងរឹតត្បិតការផ្តល់ទិដ្ឋាការដល់មន្ត្រីចិនថែមទៀត។
សូមបញ្ជាក់ថា ការព្រមានចំៗបែបនេះរបស់ប្រមុខរដ្ឋចិន គឺធ្វើឡើងក្នុងដំណើរទស្សនកិច្ចទៅប្រទេសនេប៉ាល់ជាលើកដំបូងបំផុតក្នុងរយៈពេល ២២ឆ្នាំកន្លងមកនេះ។ នៅអំឡុងទស្សនកិច្ចនេះ ចិន និងនេប៉ាល់ បានចុះកិច្ចព្រមព្រៀងពង្រីកខ្សែរថភ្លើងតភ្ជាប់ពីប្រជាជាតិហ៊ីម៉ាឡាយ៉ាទៅកាន់តំបន់ទីបេរបស់់ចិន ដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់នេប៉ាល់ក្នុងការទាញយកប្រយោជន៍ពីចិន បន្ថែមពីការពឹងផ្អែកលើឥណ្ឌានោះ៕
Tag:
ចិន
នេប៉ាល់
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com