ជាតិ
នយោបាយជាតិ
រដ្ឋមន្ត្រីការពារជាតិ ៖ កុំចាំបាច់ទុកឲ្យជ្រួលច្របល់ ទើបពន្លត់! គឺត្រូវដាក់មុន សម្តេច ទៀ បាញ់ ចូលរួមក្នុងពិធីរម្លឹកខួប២៥ឆ្នាំនៃការបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ (រូបពីក្រសួងទំព័រហ្វេសប៊ុកនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា)
× ភ្នំពេញ៖ ជាថ្មីម្តងទៀត ក្រោយមានបញ្ជាពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាបន្តទៅកាន់គ្រប់បណ្តាអង្គភាពយោធា ឲ្យសហការជាមួយក្រសួង ស្ថាប័ន រហូតដល់អាជ្ញាធរដែនដីនៅគ្រប់មូលដ្ឋាន ឲ្យចាត់វិធានការលើលោក សម រង្ស៊ី និង បក្សពួក បើពួកគេ ពិតជាមកកម្ពុជាមែន ហើយក៏ត្រូវទប់ស្កាត់ចលនារបស់លោក នៅក្នុងស្រុកផងដែរ ដែលកំពុងអនុវត្តដោយអ្នកគាំទ្ររបស់លោក។
បញ្ជានេះ គឺធ្វើឡើងក្នុងឱកាសដែលសម្តេច ទៀ បាញ់ ចូលរួមជាអធិបតីក្នុងពិធីរម្លឹកខួបលើកទី២៥ឆ្នាំនៃការបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ រដ្ឋមន្ត្រីការពារជាតិ សង្កត់ធ្ងន់ដូច្នេះថា៖«អ្វីៗដែលកំពុងកើតឡើងនេះ គឺវាចាំបាច់ណាស់ ត្រូវតែសហការចាត់វិធានការឲ្យមានប្រសិទ្ធិភាពនៅគ្រប់ទិសទីនិងគ្រប់មូលដ្ឋានទាំងអស់»។
សម្តេចរដ្ឋមន្ត្រី បន្ថែមថា៖«និយាយឲ្យចំ កន្លែងណា ដែលមានការញុះញង់ ការបំផុសបំផុលកើតឡើង ជារូបភាពណាក៏ដោយ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ គឺត្រូវតែចាត់វិធានការតែម្តង មិនចាំបាច់ទុកឲ្យប្រមូលផ្តុំធំឬក៏កើតឡើងនូវភាពជ្រួលច្របល់រួចស្រេចហើយ ទើបយើងពន្លត់ក្រោយទេ គឺដាក់មុនតាំងពីពេលនៅតូច នៅ [កំពុង] កើតឡើងហ្នឹងតែម្តង»។
លោក សម រង្ស៊ី និង បក្សពួក៨នាក់ទៀត ដែលសុទ្ធតែជាមេដឹកនាំសំខាន់ៗរបស់ក្រុមប្រឆាំង ត្រូវតុលាការកម្ពុជា ចោទប្រកាន់ពីឧបឃាត ដែលសំដៅលើការរៀបចំគម្រោងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។ ទន្ទឹមនេះ មានសកម្មជននិងមន្ត្រីរបស់លោក ដែលកំពុងរស់នៅក្នុងស្រុក បានរងការចោទប្រកាន់ជាហូរហែពីបទរួមគំនិតក្បត់ជាតិ ដោយអ្នកខ្លះត្រូវជាប់ឃុំ និងអ្នកខ្លះត្រូវគេចខ្លួន។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានប្រកាសជាថ្មីថា លោក នឹងវិលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមការគ្រោងទុក ដោយមិនរាថយឡើយ។ លោក រំពឹងថា ប្រជាពលរដ្ឋជាច្រើននៅក្រៅប្រទេស នឹងមកជាមួយលោក ហើយប្រជាពលរដ្ឋនៅក្នុងប្រទេស នឹងទៅទទួលលោក៕
Tag:
ទៀ បាញ់
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com