កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Bottas ឈ្នះ​ការប្រណាំង​នៅ​ជប៉ុន ជួយ Mercedes ឈ្នះ​ជើងឯក​ផ្នែក​គ្រឿង​ម៉ាស៊ីន​រដូវ​កាល​២០១៩
14, Oct 2019 , 8:19 pm        
រូបភាព
Valtteri Bottas ដែល​បើក​ឲ្យ Mercedes ឈ្នះ​ការប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formula One នៅឯ​ទីលាន Japanese Grand Prix ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១៣ ខែតុលា តាមរយៈ​ការ​ប្រជែង​ឈ្នះ Sebastian Vettel​។ មិត្ត​រួម​ក្រុម​របស់ Bottas កីឡាករ Lewis Hamilton ទទួលបាន​ចំណាត់ថ្នាក់​ទី​៣ ដែល​ធ្វើ​ឲ្យ​រូបគេ​កាន់តែ​ខិតជិត​ការ​ឈ្នះ​ជើងឯក​លើក​ទី​៦ ខណៈ Mercedes ឈ្នះ​ជើងឯក​ខាង​គ្រឿង​ម៉ាស៊ីន រដូវ​កាល​២០១៩​នេះ​។​



Bottas អ្នក​ប្រណាំង​រថយន្ត​សញ្ជាតិ​ហ្វាំ​ង​ឡង់ បាន​ប្រើ​ថេរវេលា ១​ម៉ោង ៥៨​នាទី និង​៣៣.៦៦៧​វិនាទី លើ​ចម្ងាយ​ផ្លូវ​៥២​ជុំ ដើម្បី​ឈ្នះ​ការប្រណាំង​ក្នុង​ក្រុង Suzuka និង​ជា​ជ័យជម្នះ​លើក​ទី​៣ ក្នុងចំណោម​ការប្រណាំង​ចំនួន​១៧​លើក របស់គេ​រដូវ​កាល​នេះ​។ ជ័យជម្នះ​របស់ Bottas និង​លេខ​៣ របស់ Hamilton បាន​ជួយ​ក្រុម Mercedes ឈ្នះ​ជើងឯក​ផ្នែក​គ្រឿង​ម៉ាស៊ីន​រដូវ​កាល​នេះ ទោះ​សល់​ការប្រណាំង​៤​លើក​ទៀត​ក្តី​។ Mercedes រកបាន​ពិន្ទុសរុប ៦១២​ពិន្ទុ នាំមុខ​គូប្រជែង Ferrari ចំនួន ១៧៩​ពិន្ទុ​។​



​ការ​ឈ្នះ​របស់ Bottas នេះ បានធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​មួយរូប​ប៉ុណ្ណោះ​ដែល​នៅសល់​ឱកាស​ដើម្បី​ប្រជែង​ជើងឯក F1 រដូវ​កាល​២០១៩​នេះ ពី​មិត្ត​រួម​ក្រុម Hamilton ដែលមាន​ពិន្ទុ​នាំមុខគេ​។ ការប្រណាំង​នៅសល់តែ ៤​លើក​ទៀត​ប៉ុណ្ណោះ​នឹងត្រូវ​បញ្ចប់​រដូវ​កាល​នេះ ក្នុងនោះ​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស Hamilton ដែលជា​ម្ចាស់​ការពារ​ជើងឯក​ផង​មាន​ពិន្ទុ​នាំមុខ Bottas ចំនួន​៦៤​ពិន្ទុ​។​

​យ៉ាងណាក៏ដោយ Hamilton ត្រូវការ​នាំមុខ Bottas តែ​៧៨​ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន F1 ជា​លើក​ទី​៦​របស់គេ​ក្នុង​អាជីព និង​លើក​ទី​៥ សម្រាប់​ក្រុម Mercedes​។ Hamilton ក៏​នឹង​ត្រៀម​បំបែក​កំណត់ត្រា​របស់ Michael Schumacher ដែល​ឈ្នះ​៤​លើក​អំឡុងពេល​បើកប​រ​ឲ្យ​ក្រុម Ferrari ផង​ពោលគឺ​ក្នុង​រដូវ​កាល ២០០០ ដល់ ២០០៤​។​

​លោក Toto Wolff ប្រធាន​ក្រុម Mercedes បាន​សម្តែង​ការរំភើប​ចិត្ត​ក្រោយ​កូនក្រុម​លោក​ដូច Bottas និង Hamilton បង្ហាញខ្លួន​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​។
«​នេះ​ជា​អ្វីដែល​យើង​មិន​ធ្លាប់​ធ្វើបាន​ពីមុនមក នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ទទួលបាន​អារម្មណ៍​អស្ចារ្យ​។ នេះ​ជា​ព្រឹត្តិការណ៍ F1 ជាការ​ប្រណាំង​រថយន្ត​កំពូល​លើ​លោក​។ វា​អាច​ក្លាយជា​ប្រវត្តិសាស្ត្រ​របស់​យើង​ឬ​អត់​ទេ​? ខ្ញុំ​មិនដឹង​ទេ​។ វា​ពិតជា​អស្ចារ្យ​ណាស់​»​។​

​ការប្រណាំង​បន្ទាប់ នឹងធ្វើ​នៅ​ទឹកដី​ម៉ិ​ក​ស៊ិ​ក Mexico Grand Prix ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ដល់ ២៧ ខែតុលា ឆ្នាំ​២០១៩៕


Tag:
 Formula One
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com