រថយន្ត
អន្តរជាតិ
អ៊ីរ៉ង់​គ្រោង​ផលិត​រថយន្ត​វៃឆ្លាត​ដែល​អាច​បើកបរ​ដោយ​ខ្លួនឯង
14, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទំនាក់ទំនង និង​បច្ចេក​ព័ត៌មានវិទ្យា​អ៊ីរ៉ង់ បានប្រកាស​ពី​គម្រោង​សាងសង់​រថយន្ត​វៃឆ្លាត​ដែល​អាច​បើកបរ​ដោយ​ខ្លួនឯង (Smart Self-Driving Car) នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Iran Front Page ប៉ុន្តែ​មិនបាន​លើកឡើង​លម្អិត​ពី​កាលបរិច្ឆេទ​នោះឡើយ​។​



​តាមរយៈ​បណ្តាញ​សង្គម Twitter របស់ខ្លួន លោក Mohammad Javad Azari Jahromi បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​គម្រោង​។ រដ្ឋមន្ត្រី​រូបនេះ បាន​គូសបញ្ជាក់ថា​៖ «​យុវជន​របស់​យើង​តែងតែ​ធ្វើ​អ្វី​ដែលមាន​ការវិវត្ត​ទៅមុខ​»​។​

​ទាក់ទង​នឹង​ផែនការ​ផលិត​រថយន្ត​វៃឆ្លាត​ដែល​បើកបរ​ដោយ​ខ្លួនឯង លោក Jahromi អះអាងថា លោក​បាន​ប្រាប់​ទៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមហ៊ុន​ទូរគមនាគមន៍ ដើម្បី​បង្កើនល្បឿន​ទៅមុខ​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​រថយន្ត​វៃឆ្លាត​ដែល​គ្មាន​មនុស្ស​បើក ក្រោម​កិច្ចសហការ​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​។​

​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​រូបនេះ បាន​ពន្យល់ថា​៖ «​យើង​មិន​នៅ​ពីក្រោយ​បញ្ញា​សិប្បនិម្មិត (AI) និង​ចំណេះដឹង​ផ្សេងៗ​ទាក់ទង​នឹង​ទិន្នន័យ​នោះឡើយ​។ នេះ​ជា​ពេលវេលា​សម្រាប់​យើង​ក្នុងការ​បង្កើត​ផលិតផល​។ វា​នឹង​អាច​លេច​ជា​រូបរាង​ឡើង​ក្នុង​រយៈពេល​ខ្លី​»៕

© រក្សាសិទ្ធិដោយ thmeythmey.com