ជាតិ
សាសនា / ធម៌
ក្នុង​មួយ​វត្ត អាចធ្វើ​កឋិន​បានតែ​ម្តង​ប៉ុណ្ណោះ
15, Oct 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​បុណ្យកឋិន គឺជា​បុណ្យ​មួយ​របស់​ព្រះពុទ្ធសាសនា ដែលមាន​រយៈពេល​២៩​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។ អាច​និយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើម​ធ្វើបុណ្យ​កឋិន នៅក្រោយ​ថ្ងៃ​ចេញ​ព្រះវស្សា​។​



​បើតាម​ព្រះ​វិន័យ វត្ត​មួយ អាច​ប្រារព្ធ​ពិធីបុណ្យ​កឋិន​បានតែ​មួយថ្ងៃ​គត់ ក្នុង​រយៈពេល​២៩​ថ្ងៃនេះ ដោយ​ប្រារព្ធ​នៅ​ថ្ងៃ​ណា​ក៏​បានដែរ តាម​ការរៀបចំ​របស់​គណៈកម្មការ​វត្ត និង​តាម​ការស្នើសុំ​របស់​ម្ចាស់​កឋិន​។  បុណ្យ​នេះ មិន​ត្រឹមតែ​ជា​បុណ្យ​បែប​ព្រះ​វិន័យ​ទេ តែ​ថែមទាំង​ក្លាយជា​បុណ្យប្រពៃណី​ខ្មែរ​ផងដែរ​។​
 
​ថ្វីដ្បិតតែ​វត្ត​មួយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើបុណ្យ​កឋិន​លើសពី​មួយថ្ងៃ​ក៏ពិតមែន តែ​វត្ត​មួយ​អាច​ទទួលបាន​កឋិន​ច្រើន​លើសពី​មួយ​បាន​។ វត្ត​ខ្លះ អាចមាន​កឋិន​ច្រើន​ហែ​ចូល ដោយមាន​ម្ចាស់​ផ្សេងៗ​គ្នា តែ​ពិធី​នេះ​ដាច់ខាត ត្រូវ​រៀបចំ​យ៉ាងណា​ឲ្យ​ចំ​ថ្ងៃ​ជាមួយគ្នា ដោយ​មិនអាច​ខុស​ថ្ងៃ​គ្នា​បានឡើយ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ ក្នុង​មួយ​វត្ត​អាចមាន​កឋិន​ប៉ុន្មាន​ក៏បាន​ដែរ តែ​ត្រូវ​ប្រារព្ធ​ឡើង​ជាមួយគ្នា​ក្នុង​ថ្ងៃ​តែមួយ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺថា បុណ្យកឋិន មិន​ត្រឹមតែ​ទាយក ទាយិកា​នោះទេ ដែល​អាច​ធ្វើបាន សូម្បីតែ​ព្រះសង្ឃ​ខ្លួនឯង​ផ្ទាល់ ក៏​អាច​ផ្តួចផ្តើម​ធ្វើជា​ម្ចាស់​បុណ្យកឋិន​បានដែរ​៕


Tag:
 ព្រះពុទ្ធសាសនា​
  កឋិន
© រក្សាសិទ្ធិដោយ thmeythmey.com