ជាតិ
សេដ្ឋកិច្ច
អ្នក​នាំចេញ​ផលិតផល​កាត់ដេរ​មិន​ប្រាកដ​ពី​ជោគវាសនា​របស់ EBA
15, Oct 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងរៀបចំចូលរោងចក្រធ្វើការ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងរៀបចំចូលរោងចក្រធ្វើការ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ដោយ: VOA
​រាជធានី​ភ្នំពេញ ៖ ​តំណាង​ក្រុម​ថៅកែ​រោងចក្រ​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ថា​តើ​អាច​រក្សា​ការអនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប «​អ្វីៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ឬ​ហៅថា EBA ក្រោយពី​បាន​ជួបចរចា​ដោយផ្ទាល់​ជាមួយ​ក្រុម​សមាជិកសភា​អឺរ៉ុប​កាលពី​សប្តាហ៍​ទី​១​នៃ​ខែតុលា​នេះ​។​
 
​កាលពី​ថ្ងៃទី​៥​ខែតុលា លោក​វ៉ាន់ ស៊ូ​អ៊ាង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅថា GMAC និង​លោក​ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​នេះ បានធ្វើ​ដំណើរ​ទៅកាន់​សហភាព​អឺរ៉ុប​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ដក​EBA ពី​កម្ពុជា​។​
 
​សហភាព​អឺរ៉ុប​ដែល​បាន​ព្រមាន​ថា​នឹង​ដក​ការអនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្លុក​របស់ខ្លួន​ប្រសិនបើ​កម្ពុជា​មិន​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​នយោបាយ​។​
 
​កាលពី​ខែសីហា សហភាព​អឺរ៉ុប​បានបញ្ចប់​ការសិក្សា​រយៈពេល​ប្រាំ​មូ​យ​ខែ ស្តីពី​លទ្ធភាព​ព្យួរ EBA នេះ​ដោយ​រង់ចាំ​ធ្វើការ​សម្រេច​ជា​ចុងក្រោយ​នៅ​ថ្ងៃទី​១២ ខែ កុម្ភៈ ឆ្នាំ​២០២០​ខាងមុខ​។​
 
​ប្រសិនបើ​បាត់បង់ EBA កម្ពុជា​អាច​នឹង​ខាតបង់​ប្រាក់ចំណូល​ប្រមាណ​៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​លោក Ken Loo អគ្គលេខាធិការ​(GMAC) ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​មិនទាន់​អាច​សន្និដ្ឋានបានថា​តើ​សហភាព​អឺរ៉ុប​នឹង​ដកថយ​ពី​ការព្យួរ EBA ដល់​កម្ពុជា​ឬ​យ៉ាងណា ក្រោយពី​ជំនួប​ជាមួយ​ក្រុមអ្នកច្បាប់​នៅ​អឺរ៉ុប​និង​តំណាង​ប្រទេស​សមាជិក​អឺរ៉ុប​ចំនួន​១៤​ប្រទេស​ក្នុងចំណោម​សមាជិក​អឺរ៉ុប​សរុប​ចំនួន​២៨​ប្រទេស​។​
 
​លោក​បញ្ជាក់ថា​ប្រតិភូ​សមាគម​រោងចក្រ​កាត់ដេរ​មិន​ទទួលបាន​ការធានា​ណាមួយ​ជា​ផ្លូវការ​នោះទេ​។​
 
«​យើង​អត់​ទាន់​ដឹងបាន អត់​ទាន់​បានដឹង ទាល់តែ​ចាំ​ដល់​ខែ​២»​។​
 
​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ធ្លាប់បាន​ទទូច​ឲ្យ​អឺរ៉ុប​រក្សា​ការអនុគ្រោះ​ពន្ធ​EBA នេះ​ដល់​កម្ពុជា​ក្នុង​សប្តាហ៍​កន្លងទៅ​។​
 
​ប៉ុន្តែ លោក Blaise Kilian នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា មិនមាន​ការអធិប្បាយ​ណាមួយ​ទៅលើ ជំហរ​របស់​សហភាព​អឺរ៉ុប ទាក់ទិន​ការរក្សា​ទុក ឬ​មិន​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ EBA ដល់​ប្រទេស​កម្ពុជា​នោះទេ​។​
 
​យ៉ាងណាក៏ដោយ លោក Blaise Kilian គិតថា EBA មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​។​«​យើង​ចង់ឃើញ EBA ត្រូវបាន​គេ​រក្សាទុក ដែលជា​លទ្ធផល អ្នកគាំទ្រ​អាច រួមចំណែក​បន្ថែមទៀត ទៅលើ​ការ​ជឿនលឿន​ដ៏​សម្បើម​ខាង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​បាន​នាំមក​ជូន​ប្រជាជន​កម្ពុជា​ក្នុង​ទសវត្ស​រិ៍​ជាច្រើន​កន្លងមក​នោះ​»​។​
 
​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ កែលម្អ​ស្ថានភាព​សិទ្ធិ​ការងារ​បាន​ច្រើន​មកហើយ​ដើម្បី​បំពេញ​ទៅតាម​លក្ខខណ្ឌ​របស់​ស​ហ​ភាព​អឺរ៉ុប ពាក់ព័ន្ធ​ទៅនឹង​ការទទួលបាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA នេះ​។ តែ​លោ​កថា រដ្ឋាភិបាល​នៅ​មិនទាន់​អាច​រក​ច្រក​ដោះស្រាយបាន ចំពោះ​ការបំពេញ​ទៅតាម​ការចង់បាន​រប​ស់​សហភាព​អឺរ៉ុប ទាក់ទិន​នឹង​សិទ្ធិ​នយោបាយ គ្រា​ការដែល​បង្ក្រាប​លើ​ក្រុម​អតីត​សមាជិក និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រំលាយចោល​បន្ត​កើនឡើង​ខ្លាំង​។​
 
​ចំណែក​លោក​ឃុន ថា​រ៉ូ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អង្គ​ការសង់​ត្រា​ល់ (Central) យល់ថា ពេលវេលា​របស់​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្វី​ដែលជា​ចង់បាន​របស់​សហភាព​អឺរ៉ុប កំពុងតែ​ខើ​យ​ខ្លី​ទៅហើយ​។​
 
​លោក​មើលឃើញថា ការបង្ក្រាប​ខាង​នយោបាយ​ដែល​មិនចេះចប់​ទៅលើ ក្រុម​គណបក្សប្រឆាំង​ដែល​ត្រូវបាន​គេ​ផាត់​ចេញពី​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នោះ នឹង​មិនជា​រឿង​ល្អ​ទេ សម្រាប់​ការ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ EBA នោះ​។​
 
VOA មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​លោ​កកេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បានទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​
 
​ទោះជា​យ៉ាងណា លោក​ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា មានប្រសាសន៍ថា រដ្ឋាភិបាល​បន្ត​ពិភាក្សា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប​អំពី EBA នេះ​នៅឡើយ តែ​លោក​មិនដឹងថា​តើ​លទ្ធផល​នឹង​ទៅជា​យ៉ាងណា​នោះទេ​។​
 
​នៅ​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្តើម​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆែក ហើយ​លោក​នឹង​បន្ត​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី និង​ប៊ុលហ្គារី ទៀត​ក្នុង​ក្របខ​ណ្ឌ័​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​នៅ​ទ្វីបអឺរ៉ុប​នេះ​។ មានការ​វាយតម្លៃ​មួយចំនួន​ថា​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​អាច​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ប្រទេស​សមាជិក​អឺរ៉ុប​មួយចំនួន​ដើម្បី​ផលប្រយោជន៍ EBA ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com