កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត​គ្រាប់​ទី​៧០០ តែ​ព័រ​ទុយ​ហ្គា​ល់​ចាញ់​អ៊ុយ​ក្រែ​ន​នៅ​ជម្រុះ Euro 2020
15, Oct 2019 , 10:39 am        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយទៀត​ជាមួយនឹង​ការរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​លើក​ទី ៧០០​ក្នុង​អាជីព​។ ១​គ្រាប់​របស់ Ronaldo កើតឡើង​ក្នុងការ​ប្រកួត​ដែល​ព័រទុយហ្កាល់​ចាញ់​អ៊ុយ​ក្រែ​ន ២-១ ក្នុងជំនួប​វគ្គ​ជម្រុះ​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2020 នៅ​រាត្រី​ថ្ងៃទី​១៤ ខែតុលា​។



​គ្រាប់​បាល់​ទី​៧០០​នេះ បាន​នាំ​ឲ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​ក្លាយជា​កីឡា​ករទី​៦​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​ដែល​ស្ថិតក្នុង​ចំណោម​អ្នក​ស៊ុត​បាន​ចាប់ពី​៧០០​គ្រាប់​ឡើងទៅ​។

​កីឡាករ​ដែល​រក​គ្រាប់​ស៊ុត​លើស​ខ្សែប្រយុទ្ធ​ក្រុម Juventus ចំនួន​៥​រូប រួមមាន​កីឡាករ​សញ្ជាតិ​ឆែក Joef Biscan ចំនួន​៨០៥​គ្រាប់​។ Romario កីឡាករ​ប្រេ​ស៊ី​ល ៧៧២​គ្រាប់​, Pele ប្រេ​ស៊ី​ល ៧៦៧, កីឡាករ​សញ្ជាតិ​ហុង​គ្រី Ferenc Puskas ស៊ុត​បាន​៧៤៦, Gerd Muller កីឡាករ​សញ្ញា​តិ​អាល្លឺម៉ង់ រកបាន​៧៣៥​គ្រាប់​។​


(រាប់ពីឆ្វេង) Gerd Muller, Ferenc Puskas, Pele, Romario និង Josef Bican

៧០០​គ្រាប់​របស់ Ronaldo ធ្វើបាន​ក្នុងការ​បង្ហាញខ្លួន​សរុប​ចំនួន ៩៧៣​ប្រកួត​ចាប់តាំងពី​រូបគេ​ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​២០០២​មក​។ សម្រាប់​ជម្រើសជាតិ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​រកបាន​៩៥​គ្រាប់ Sporting Lisbon ៥​គ្រាប់ Manchester United ១១៨​គ្រាប់ Real Madrid ច្រើនជាងគេ​រហូតដល់​៤៥០​គ្រាប់ និង Juventus ចំនួន​៣២​គ្រាប់​។​

​យ៉ាងណាក៏ដោយ ១​គ្រាប់​របស់ Ronaldo ដើម្បី​បង្គ្រប់​គ្រាប់​ទី​៧០០​នេះ មិនបាន​ជួយ​ព័រ​ទុយ​ហ្គា​ល់រ​កបាន​៣​ពិន្ទុ​ឡើយ ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​អ៊ុយ​ក្រែ​ន ២-១ ក្នុងជំនួប​វគ្គ​ជម្រុះ​ពូ​ល B នៃ​ពាន​តំបន់​អឺរ៉ុប​ឆ្នាំ​២០២០​។ ផ្ទុយទៅវិញ​ជ័យជម្នះ​របស់​អ៊ុយ​ក្រែ​ន​នេះ​បាន​ជួយ​ពួគគេ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​។​

​ឆ្លងកាត់​ការប្រកួត​៧​លើក អ៊ុយ​ក្រែ​ន​ឈរ​កំពូល​តារាង​ពូ​ល B មាន​១៩​ពិន្ទុ ខណៈ​ព័រ​ទុយ​ហ្គា​ល់​ដែល​ប្រកួត​៦​លើក​មាន​១១​ពិន្ទុ ឈរ​លេខ​រៀង​ទី​២ តាម​ពីក្រោយ​ដោយ​ស៊ែ​ប៊ី​នៅ​លេខ​៣ មាន​១០​ពិន្ទុ​។ លុច​សំបូ និង​លី​ទុយ​អា​នី​នៅ​លេខ​រៀង​បន្តបន្ទាប់​ស្ទើ​តែ​អស់​ឱកាស​ទៅហើយ​។​

​ក្នុង​ពួ​ល​នេះ ព័រ​ទុយ​ហ្គា​ល់​ជាមួយ​ស៊ែ​ប៊ី​ត្រូវ​ប្រជែង​គ្នា​ខ្លាំង​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​ទី​២ សម្រាប់​មួយ​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020៕


Tag:
 Cristiano Ronaldo
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com