ជាតិ
កម្ពុជា គ្រោង​ទិញ​យន្តហោះ​ស៊ើបការណ៍ និង​អាវុធ​ពី​ឆែក ដើម្បី​ពង្រឹង​វិស័យ​សន្តិសុខ និង​ការពារជាតិ​
15, Oct 2019 , 11:23 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបលោក Andrej Babis នាយករដ្ឋមន្រ្តីឆែក នៅទីក្រុង​ប្រាក សាធារណរដ្ឋឆែក នៅថ្ងៃទី១៤ តុលា ឆ្នាំ២០១៩
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបលោក Andrej Babis នាយករដ្ឋមន្រ្តីឆែក នៅទីក្រុង​ប្រាក សាធារណរដ្ឋឆែក នៅថ្ងៃទី១៤ តុលា ឆ្នាំ២០១៩
​ភ្នំពេញ​៖ កម្ពុជា គ្រោង​ទិញ​យន្តហោះ​ស៊ើបការណ៍ និង​អាវុធ​បន្ថែម​ពី​រដ្ឋាភិបាល​ឆែក ដើម្បី​ពង្រឹង​វិស័យ​សន្តិសុខ និង​ការពារជាតិ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក កាលពី​ថ្ងៃទី​១៤ តុលា ។​



​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ឆែក ដើម្បី​សិក្សា​លើ​លទ្ធភាព​ទិញ​យន្តហោះ និង​អាវុធ​ទាំងនោះ​ហើយ​។ «​កាលពីពេល​មុននេះ កម្ពុជា​បាន​ទិញ​យន្តហោះ​ស៊ើបការណ៍ L-39 ចំនួន​៦​គ្រឿង​រួចហើយ​។ ព្រឹក​នេះ ខ្ញុំ​ក៏បាន​ស្នើសុំ​ពិភាក្សា​អំពី​លទ្ធភាព​កម្ពុជា អាច​ទិញ​នូវ​យន្តហោះ​ស៊ើបការណ៍ L-39 ប្រភេទ​ថ្មី ៣ ទៅ ៤​គ្រឿង​បន្ថែមទៀត ហើយ​យើង​នឹង​បន្ត​ការពិភាក្សា​ពី​បញ្ហា​នេះ រួមទាំង​អាវុធ​មួយចំនួន ដែល​កម្ពុជា​កំពុង​នាំចូល និង​អាច​ថែម​នូវ​អាវុធ​ធុន​ស្រាល​មួយចំនួន​ផ្សេងទៀត នៅក្នុង​វិស័យ​ទំនាក់​សន្តិសុខ និង​ការពារជាតិ​របស់​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​។​




​ជាមួយគ្នានេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ ឯកសារ​សំខាន់ៗ​ចំនួន​ពីរ​រួមមាន​៖​ទី​១. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងសុខាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិបាល​ឆែក VAMED ។ និង​ទី​២. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ឆែក​។​

​កាលពី​ឆ្នាំ​២០១៧​កន្លងមក ផលិតផល​សរុប​ក្នុងស្រុក GDP​របស់​សាធារណរដ្ឋ​ឆែក​មាន​ចំនួន ៣៧៥,៩​ពាន់​លាន​ដុល្លា​អាមេរិក ក្នុងនោះ GDP សម្រាប់​មនុស្ស​ម្នាក់​៣៥,៥០០​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ​។ អត្រាកំណើន GDP ៤,៣​ភាគរយ ហើយ​ផលិតផល​សំខាន់ៗ​គិត​ជា​ភាគរយ​(GDP) ក្នុងនោះ​ផ្នែក​សេវា ៥៩,២​ភាគរយ ឧស្សាហកម្ម ៣៨​ភាគរយ និង​កសិកម្ម​២,៨​ភាគរយ​។​សាធារណរដ្ឋ​ឆែក​ជា​ប្រទេស​មានការ​នាំចេញ នូវ​ផលិតផល​សំខាន់ៗ​មួយចំនួន​ដូចជា​គ្រឿង​ម៉ាស៊ីន ឧបករណ៍​ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន​: និង​សារ​ធាតុគីមី​ជាដើម​។

​សូមបញ្ជាក់ថា កម្ពុជា បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត ជាមួយ​អតីត​សាធារណរដ្ឋ​សង្គមនិយម​ឆេ​កូ​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី​១៨ ខែឧសភា​ឆ្នាំ​១៩៥៦​។ នៅ​ឆ្នាំ​១៩៧៥ ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ត្រូវបាន​កាត់ផ្តាច់​ក្នុង​របប​ខ្មែរក្រហម​។ ក្រោយ​របប​នេះ​ដួលរលំ កម្ពុជា​បាន​ភ្ជាប់​ទំនង​ទំនង​ជាមួយនឹង​សាធារណរដ្ឋ​សង្គមនិយម​ឆេ​កូ​ស្លូ​វ៉ា​គី​នៅ​ឆ្នាំ​១៩៧៩​។ ហើយ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឆែក ត្រូវបាន​បង្កើត​ឡើងវិញ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​១៩៩៦  បន្ទាប់ពី​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី បែង​ចែកជា​ពីរ​ប្រទេស​។

​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ឆែក នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ នៅ​ឆ្នាំ​២០២១​ខាងមុខ​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

Tag:
 ​ហ៊ុន សែន​
  សន្តិសុខ​
  ការពារជាតិ​
  ឆែក​
© រក្សាសិទ្ធិដោយ thmeythmey.com