អន្តរជាតិ
ព្យុះ Hagibis ៖ ជប៉ុន​ខំ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន ខណៈ​អ្នកស្លាប់​កើន​ដល់​៦៧​នាក់​
15, Oct 2019 , 11:04 am        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ បាន​គំរាម​គំហែង និង​រំខាន​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​អ្នក​ជួយសង្គ្រោះ​របស់​ជប៉ុន​រាប់ម៉ឺន​នាក់​ដែល​កំពុង​ស្វែងរក​ជនរងគ្រោះ បន្ទាប់ពី​ឥទ្ធិពល​របស់​ខ្យល់ព្យុះ​ទី​ហ្វុ​ង Hagibis​។ មកដល់ពេលនេះ​យ៉ាងហោចណាស់​មនុស្ស ៦៧​នាក់​ត្រូវបាន​បាត់បង់​ជិវិត​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន AFP នៅ​ថ្ងៃទី​១៥ តុលា​។​



​ព្យុះ Hagibis បាន​វាយប្រហារ​ប្រទេស​ជប៉ុន​តាំងពី​យប់​ថ្ងៃទី​១២ ខែតុលា ដែល​បណ្តាល​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង ករណី​បាក់​ដី និង​គ្រោះទឹកជំនន់​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នៅតាម​បណ្តា​ខេត្ត​៣៦ នៃ​ខេត្ត​ទាំង​៤៧​របស់​ប្រទេស​នេះ​។

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​គ្រោះមហន្តរាយ​នៅ​ថ្ងៃទី​១៤ ខែតុលា​ថា មកដល់ពេលនេះ​មាន​ជនរងគ្រោះ​ជាច្រើន​នៅ​មិនទាន់បាន​រកឃើញ ហើយ​ក្រុម​អ្នកជំនាញ​កំពុង​ព្យាយាម​រុករក និង​ជួយសង្គ្រោះ​ពួកគេ​ទាំងយប់​ទាំង​ថ្ងៃ​។

​លោក​បាន​សន្យាថា នឹងធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​និង​អ្នក​ដែល​នៅមាន​ជីវិត ព្រមទាំង​បានដាក់​បញ្ជា​ទៅ​ក្រសួងការពារជាតិ​ឲ្យ​បញ្ជូន​ទ័ព​បម្រុង​មួយ​ពាន់​នាក់​ទៅ​ចូលរួម​ប្រតិបត្តិ​ការស្វែងរក​នោះ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ចំនួន​អ្នកស្លាប់​ក៏​កើនឡើង​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា មាន​ដល់​ទៅ​៦៧​នាក់​ទៅហើយ ខណៈ​ជា​ច្រើ​នាក់​បន្ត​បាត់​ខ្លួន​។

​អ្នកនាំពាក្យ​របស់​ឆ្មាំ​សមុទ្រ​ជប៉ុន​និយាយថា អ្នកស្លាប់​និង​របួស​រួមមាន​កម្មករ​ម្នាក់​ដែល​រថយន្ត​ត្រូវបាន​ហូរ​តាម​ទឹកជំនន់​។ យ៉ាងហោចណាស់ មាន​នាវិក ៧​នាក់​នៅក្នុង​នាវា​ដឹកទំនិញ​មួយ​ដែល​បាន​លិច​នៅ​ឈូង​សមុទ្រ​តូ​ក្យូ​ក្នុង​យប់​ថ្ងៃ​សៅរ៍​។ នាវិក ៤​នាក់​ផ្សេងទៀត មកពី​ប្រទេស​ចិន មី​យ៉ាន់​ម៉ា និង​វៀតណាម ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល​នៅពេល​នាវា​លិច ខណៈ​កង​ឆ្មាំ​សមុទ្រ​កំពុង​ស្វែងរក​នាវិក​ម្នាក់​ដែល​បាត់​ខ្លួន​នៅឡើយ​។

​បើតាម​សារព័ត៌មាន​ក្នុងស្រុក​និយាយថា ខ្យល់ព្យុះ Hagibis មាន​ល្បឿន​ដល់​ទៅ ២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ភ្លៀង​ធ្លាក់​ខ្លាំង​ជោកជាំ បណ្តាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ និង​មាន​ទីក​ជំនន់​ខ្លាំង​នៅ​ភាគ​ខាងកើត និង​ខាងជើង​ប្រទេស​។

​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៤ ខែតុលា គ្រួសារ​ជាង ៧​ម៉ឺន​គ្រួសារ​នៅតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​ប្រព័ន្ធ​ទឹក​ត្រូវបាន​កាត់ផ្តាច់​។ គ្រោះមហន្តរាយ​នេះ​បានធ្វើឱ្យ​មនុស្ស​រាប់ម៉ឺន​នាក់​រស់នៅក្នុង​ជំរំ​ភៀសខ្លួន ហើយ​ពួកគេ​មិន​ប្រាកដថា​ពេលណា​នឹង​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com