FIFA
កីឡាជាតិ
ជាតិ
អ៊ីរ៉ាក់​មាឌធំ លឿន និង​បច្ចេកទេស​ខ្ពស់ ប៉ុន្តែ​គ្រូ និង​ប្រធាន​ក្រុម​កម្ពុជា​តាំងចិត្ត​លេង​មិន​ខ្លាច​
15, Oct 2019 , 1:45 pm        
រូបភាព
លោក Felix Dalmas (រូបក្នុងរង្វង់) និងសកម្មភាពហ្វឹកហាត់របស់កីឡាករកម្ពុជាត្រៀមប៉ះអ៊ីរ៉ាក់, រូបពី SEA Games 2023 និង FFC
លោក Felix Dalmas (រូបក្នុងរង្វង់) និងសកម្មភាពហ្វឹកហាត់របស់កីឡាករកម្ពុជាត្រៀមប៉ះអ៊ីរ៉ាក់, រូបពី SEA Games 2023 និង FFC
ដោយ:
ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​អ៊ីរ៉ាក់ នា​ជំនួប​ពូ​ល C នៃ​វគ្គ​ជម្រុះ World Cup ជុំ​ទី​២ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ តុលា​នេះ​។ នេះ​ជាការ​ប្រកួត​ដ៏​តានតឹង​សម្រាប់​កម្ពុជា ដ្បិត​អ៊ីរ៉ាក់​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី តែ​វា​ជា​ឱកាស ដើម្បី​បង្ហាញ​ពី​ការព្យាយាម និង​ឆន្ទៈ​ហ៊ាន​លេង​មិន​ខ្លាច​គូប្រកួត​ដល់​អ្នកគាំទ្រ​។ សម្រាប់ សឿ​យ វិសាល ទោះបី​លទ្ធផល​យ៉ាងណាក៏ដោយ រូបគេ​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​។



​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas បាន​លើកឡើងថា ការ​ប៉ះ​អ៊ីរ៉ាក់​ដែលជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី​ល្ងាច​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដ្បិត​ពួកគេ​មានប្រៀប​ទាំង​កាយសម្បទា ល្បឿន និង​កម្រិត​បច្ចេកទេស​។ បើ​មើ​លពី​ចំណាត់ថ្នាក់​ក្នុង FIFA Ranking កម្ពុជា​ឈរ​ក្រោម​អ៊ីរ៉ាក់​រហូត​៩០​ចំណាត់ថ្នាក់ ដោយ​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​១៦៩ ខណៈ​អ៊ីរ៉ាក់​នៅ​លេខ​៧៩​។​

​ទោះបី​យ៉ាងនេះ​ក្តី គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​យល់ថា ការ​ប៉ះ​ក្រុម​មាន​សមត្ថភាព​ខ្លាំង​ជាង​ខ្លួន វា​ជា​ឱកាស​សម្រាប់​កីឡាករ​កម្ពុជា ដើម្បីបង្ហាញ​ពី​សមត្ថភាព ការព្យាយាម និង​ឆន្ទៈ​លេង​របស់ខ្លួន​។ «​ជាការ​ពិត វា​ជាការ​ប្រកួត​មួយ​ដ៏​តានតឹង​សម្រាប់​យើង ប៉ុន្តែ​វា​ក៏​ជាការ​ប្រកួត​មួយ ដែល​ក្រុម​អាច​បង្ហាញ​ដល់​អ្នកគាំទ្រ​នូវ​អ្វី ដែល​យើង​បាន​ព្យាយាម​កន្លងមក ក៏ដូចជា​ឆន្ទៈ​ហ៊ាន​លេង ដែលជា​ជំហាន​នៃ​ការអភិវឌ្ឍ​ក្រុម​ទាំងមូល​»​។ លោក Felix Dalmas លើកឡើង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​១៤ តុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ​។ លោក​បន្ថែមថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​តតាំង​ជាមួយ​អ៊ីរ៉ាក់​។​

​មិន​ខុសគ្នា​ពី​គ្រូបង្វឹក​នោះទេ កីឡាករ សឿ​យ វិសាល ប្រធាន​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ក៏​យល់ឃើញ​ផងដែរ​ថា ការប្រកួត​ដែល​ធ្វើឡើង​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង​សម្រាប់​ពួកគេ​។ «​អ៊ីរ៉ាក់​ជា​ក្រុម​មួយ​ដ៏​ខ្លាំង​នៅក្នុង​តំបន់​ពួកយើង តែ​ពួកយើង​ប្តេជ្ញា​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​មួយ​នេះ​។ ទោះ​យើង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង តែ​យើង​នឹង​ប្រឹង​បន្តទៀត ដើម្បី​សម្រេច​គោលបំណង និង​គោលដៅ​របស់​ក្រុម ដែល​ចង់​អភិវឌ្ឍន៍​ក្រុម​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៅមុខ​រហូត​»​។ នេះ​ការលើកឡើង​របស់​កីឡាករ សឿ​យ វិសាល​។

​ប្រធាន​ក្រុម​រូបនេះ​បាន​បន្ថែមថា​៖«​ទោះបី​លទ្ធផល​យ៉ាងណាក៏ដោយ ពួកយើង​នឹង​ទទួលយក​លទ្ធផល​នេះ​។ ជាពិសេស​គោលបំណង និង​ប្រព័ន្ធ​លេង​របស់​យើង នៅតែ​បន្តទៅ​មុខជា​និច្ច​»​។​

​បើតាម​ប្រវត្តិ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មិន​ធ្លាប់​ជួប​អ៊ីរ៉ាក់​កន្លងមក​នោះទេ​។ សម្រាប់​ប្រកួត​កន្លងមក​កម្ពុជា​ស្មើ ១-១ ជាមួយ​ហុងកុង ចាញ់​បា​រ៉ែ​ន ១-០ និង​ចាញ់​អ៊ីរ៉ង់ ១៤-០ ខណៈ​អ៊ីរ៉ាក់​ឈ្នះ​ហុងកុង ២-០ និង​ស្មើ ១-១ ជាមួយ​បា​រ៉ែ​ន​៕ 



Tag:
 បាល់ទាត់​
  World Cup
  Felix Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com