អន្តរជាតិ
ហ្វីលីពីន បើក​យុទ្ធនា​ការផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្វិតដៃជើង​ទូទាំងប្រទេស​
15, Oct 2019 , 3:05 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​អាណាព្យាបាល​តម្រង់​ជួរ​ចាប់ពី​ព្រលឹម​ដើម្បី​យក​កូនៗ​របស់​ពួកគេ​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​ស្វិតដៃជើង​។ នៅ​ថ្ងៃទី​១៤ ខែតុលា ប្រទេស​ហ្វីលីពីន​បានចាប់ផ្តើម​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​ផ្តល់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​គ្រុន​ស្វិតដៃជើង​ទៅ​ឲ្យ​កុមារ​រាប់លាន​នាក់​។ ជំងឺ​នេះ​បាន​ផ្ទុះឡើង​ជាថ្មី​ម្តងទៀត បន្ទាបពី​បាត់​វត្តមាន​ជិត​ពីរ​ទសវត្សរ៍​មកហើយ​។



​ជំងឺ​គ្រុន​ស្វិតដៃជើង បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ហ្វីលីពីន​កាលពី​អំឡុង​ខែកញ្ញា​កន្លងទៅ ដែល​ប៉ះពាល់​កុមារ​រាប់លាន​នាក់​។ ការធ្លាក់ចុះ​អត្រា​ផ្ដល់​វ៉ាក់សាំង​បង្ការ បូកផ្សំ​នឹង​បញ្ហា​ឱសថ​ការពារ​ផង​នោះ ធ្វើ​ឲ្យ​ជំងឺ​ដែល​អាច​បង្ការ​ទុក​មុន​បាន​នេះ ប្រែ​ទៅជា​គ្រោះថ្នាក់​។

​នៅ​ថ្ងៃទី​១៤ ខែតុលា រដ្ឋាភិបាល​ហ្វីលីពីន បាន​បើក​យុទ្ធនា​ការផ្ដល់​វ៉ាក់សាំង​ការពារ​ទ្រង់ទ្រាយ​ធំ​ដល់​កុមារ​រាប់លាន​នាក់​នៅ​ទូទាំងប្រទេស​។ ស្ត្រី​ម្នាក់​ឈ្មោះ Miranda ថ​ដែល​យក​កូន​របស់ខ្លួន​ទៅ​វ៉ាក់សាំង​ការពារ​ជំងឺ​ស្វិតដៃជើង​នេះ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា វ៉ាក់សាំង​នេះ​សម្រាប់​កូន​របស់​នាង​។ កូន​របស់​ស្ត្រី Miranda ស្ថិតក្នុង​ចំណោម​កុមារ​ហ្វីលីពីន​ជាង​១៣​លាន​នាក់ ដែល​មិន​ទទួលបាន​ការពារ​។ កាលពី​ខែមិថុនា អត្រា​ទទួលបាន​វ៉ាក់សាំង​សម្រាប់​មនុស្ស​វ័យក្មេង​ហ្វីលីពីន ធ្លាក់​ត្រឹម​២៤​ភាគរយ​ប៉ុណ្ណោះ​។ 

​គួរ​កត់សម្គាល់ថា ជំងឺ​គ្រុន​ស្វិតដៃជើង​អាច​បង្ក​ឲ្យ​កុមារ​ខ្វិន និង​អាច​បណ្តាល​ឲ្យ​ស្លាប់ ប៉ុន្តែ​វា​ជា​ករណី​កម្រ​ប៉ុណ្ណោះ​។ ជំងឺ​នេះ​គ្មាន​វិធី​ព្យាបាល​នោះទេ តែ​អាច​ការពារ​បាន​ដោយ​ការ​បន្តក់​វ៉ាក់សាំង​ចូល​មាត់​ផ្ទាល់ ឬ​ចាក់​បញ្ចូល​។ វា​ជា​ជំងឺ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ហើយ​បាត់បង់​តួនាទី​សាច់ដុំ និង​មាន​អាកា​រៈ​ក្តៅខ្លួន អស់កម្លាំង ឈឺក្បាល ឈឺ ក ឈឺ​ខ្នង​ជាដើម​។ វីរុស​នៃ​ជំងឺ​នេះ​រស់នៅក្នុង​លាមក ដូច្នេះ​វា​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ក្រោយពេល​បន្ទោបង់​ចៀសវាង​ការឆ្លង​។

​បើតាម​អង្គការ​សុខភាព​ពិភពលោក ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​នេះ​នៅក្នុង​ប្រទេស​ហ្វីលីពីន​មាន​កម្រិត​ខ្ពស់​ណាស់ ដោយសារតែ​ការទទួលយក​ការចាក់​វ៉ាក់សាំង​បង្កា​នៅមាន​ចំនួន​ទាប ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​វ៉ាក់សាំង​គ្រុនឈាម​កាលពី​លើក​មុន​។

​សូម​បញ្ជាក់ដែរថា ហ្វីលីពីន​គឺជា​ប្រទេស​ដំបូង​ដែល​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺគ្រុនឈាម Dengvaxia កាលពី​ឆ្នាំ ២០១៦ ប៉ុន្តែ​ក្មេងៗ​បាន​ស្លាប់​ក្រោយពេល​ចាក់​ចូលទៅក្នុង​ខ្លួន​ពួកគេ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាជន​ហ្វីលីពីន បាត់បង់​ទំនុកចិត្ត​លើ​ការទទួល​វ៉ាក់សាំង​កា​ពារ​៕


© រក្សាសិទ្ធិដោយ thmeythmey.com