FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ កូរ៉េខាងជើង ទទួលភ្ញៀវកូរ៉េខាងត្បូងដែលគ្មានអ្នកគាំទ្រ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងជើង ត្រូវទទួលស្វាគមន៍បងប្អូនកូរ៉េខាងត្បូងក្នុងការប្រកួតជម្រុះ World Cup 2022 ជុំទីពីរ ពូល H នៅថ្ងៃទី១៥ ខែតុលា វេលាម៉ោង ៣:៣០នាទីល្ងាច [ម៉ោងនៅកម្ពុជា]។ តាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្រុមទាំងពីរនឹងតតាំងគ្នាដោយគ្មានអ្នកគាំទ្រកូរ៉េខាងត្បូងឡើយ នាកីឡដ្ឋាន Kim Il-Sung ក្រុងព្យុងយ៉ាង។
នេះនឹងក្លាយជាជំនួបដំបូងផងដែររវាងក្រុមបងប្អូនកូរ៉េទាំងពីរនៅលើទឹកដីកូរ៉េខាងជើងក្នុងរយៈពេលជិត៣០ឆ្នាំចុងក្រោយ។ កូរ៉េទាំងពីរសុទ្ធតែបង្ហាញខ្លួនបានល្អដោយរកបាន៦ពិន្ទុ ក្រោយប្រកួតឈ្នះទាំង២លើករៀងខ្លួន ក្នុងនោះកូរ៉េខាងជើងឈ្នះលីបង់ ២-០ នៅជំនួបបើកឆាក និងឈ្នះស្រីលង្កា ១-០ នៅជំនួបទី២។
ចំណែកកូរ៉េខាងត្បូង ឈ្នះតួកម៉េនីស្ថាន ២-០ និងស៊ីស្រីលង្កាដល់ទៅ ៨-០។ កូរ៉េខាងត្បូង ឈរកំពូលតារាងពូល H ព្រោះមានគ្រាប់ស៊ុតច្រើនជាងកូរ៉េខាងជើងដែលស្ថិតនៅលេខរៀងទី២។
កូរ៉េខាងជើង និងខាងត្បូងជួបគ្នាលើកចុងក្រោយក្នុងវគ្គជម្រុះ FIFA World Cup នៅអាហ្វ្រិកខាងត្បូងឆ្នាំ ២០១០ ប៉ុន្តែធ្វើឡើងក្នុងទឹកដីកណ្តាលប៉ុណ្ណោះ បន្ទាប់ពីក្រុមទាំងពីរជួបគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិនៅក្រុងព្យុងយ៉ាងនៅឆ្នាំ១៩៩០។
ដោយឡែកការប្រកួតក្នុងពូល H មួយទៀត ស្រីលង្កាត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីទទួលលីបង់នៅកូឡុំបូ នៅថ្ងៃនេះដែរ វេលាម៉ោង ៩:០០នាទីយប់ [ម៉ោងនៅកម្ពុជា]។ ស្រីលង្កានៅបាតតារាងមានសូន្យពិន្ទុ រីឯលីបង់នៅចំណាត់ថ្នាក់ទី៤ មាន៣ពិន្ទុ៕
Tag:
World Cup
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com