ជាតិ
បាក់ច្រាំងទន្លេនៅកំពង់ចាមប្រមាណ១គីឡូម៉ែត្រ បណ្ដាលឲ្យប៉ះពាល់ផ្ទះ៣៤ខ្នង រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម ទិដ្ឋភាពការចុះពិនិត្យការបាក់ច្រាំងទន្លេរបស់អភិបាលខេត្តកំពង់ចាម
× បាក់ច្រាំងទន្លេប្រមាណពី៥០០ទៅ១០០០ម៉ែត្រ នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេតកំពង់ចាម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បណ្តាលមកពីចរន្តទឹកទន្លេហូរបុកប៉ះច្រាំងទន្លេតែម្ខាង (ច្រាំងខាងលិច)។ ការបាក់ច្រាំងទន្លេនេះ បានប៉ះពាល់ដល់ផ្ទះពលរដ្ឋ៣៤ខ្នង។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៥តុលានេះថា៖«បាក់ច្រាំងទន្លេនេះ ដោយសារចរន្តទឹកទន្លេហូរបុកប៉ះច្រាំងទន្លេតែម្ខាង បណ្ដាលផ្ទះពលរដ្ឋ៣៤បានរងការប៉ះពាល់ ហើយអាជ្ញាធរបានចុះរុះរើផ្ទះពលរដ្ឋបាន៣ខ្នងហើយ។ ផ្លូវពីក្រុងកំពង់ចាមទៅស្រុកកងមាស ត្រូវផ្អាកចរាចណ៍ចំពោះរថយន្តធុនធ្ងន់»។
លោក អ៊ុន ចាន់ដា បានចាត់វិធានការភ្លាម បន្ទាប់ពីកើតហេតុ ដោយបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនបូមខ្សាច់ ដើម្បីរង់ចាំមន្ទ្រីជំនាញដោះស្រាយនិងសិក្សាឡើងវិញ។ អភិបាលខេត្តកំពង់ចាម នឹងដាក់សំណើទៅរាជរដ្ឋាភិបាលតាមគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីមានវិធានការការពារការបាក់ច្រាំងទន្លេ។ អាជ្ញាធរ ចុះជួយរុះរើផ្ទះពលរដ្ឋ ដែលប៉ះពាល់ និងផ្អាកចរាចរណ៍ធន់ធ្ងន់ ជាបណ្ដោះអាសន្នជៀសវាងរំជួយដីបណ្ដាលឲ្យបាក់ច្រាំងទន្លេ៕
© រក្សាសិទ្ធិដោយ thmeythmey.com