ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន សង្ឃឹមថា ប្រទេសនៅអឺរ៉ុប នឹងប្រព្រឹត្តដោយយុត្តិធម៌ចំពោះកម្ពុជា ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឆែក
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប នឹងប្រព្រឹត្តដោយយុត្តិធម៌ចំពោះកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងពីក្តីរំពឹងនេះ នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក Andrej Babis នាយករដ្ឋមន្ត្រីឆែក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖«ក្នុងបរិបទកម្ពុជានិងសហភាពអឺរ៉ុប ខ្ញុំសង្ឃឹមថាប្រទេសឆែកដែលជាមិត្តចាស់និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា នឹងបន្តគាំទ្រកម្ពុជា ដើម្បីធានាថា ដំណើរកម្ពុជា ឆ្ពោះទៅកាន់ប្រជាធិបតេយ្យប្រកបដោយសន្តិភាពនិងកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបន្តទៅមុខទៀតដោយគ្មានការរាំងស្ទះ។ ប្រមុខរដ្ឋាភិបាល បន្តថា៖«ខ្ញុំ សូមអរគុណឆែក ដែលបានអះអាងជាថ្មីនូវជំហរគាំទ្រកម្ពុជាក្នុងក្របខណ្ឌសហភាពអឺរ៉ុប»។
គណៈប្រតិភូកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣ ក្នុងតំបន់អឺរ៉ុប គឺ ឆែក ហុងគ្រី និង ប៊ុលហ្គារី។ ដំណើរទស្សនកិច្ចនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែតុលា។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ សហភាពអឺរ៉ុប បានចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការ ស្តីពីនីតិវិធីនៃការឈានទៅដក EBA ជាបណ្តោះអាសន្ននៅកម្ពុជា ដោយមកដល់ពេលនេះ វា មានរយៈពេលប្រមាណ៨ខែហើយ។ សហភាពអឺរ៉ុប ត្រូវការពេលវេលាសរុប១៨ខែ ដើម្បីសម្រេចថា ដក EBA ពីកម្ពុជា ឬក៏មិនដក៕
© រក្សាសិទ្ធិដោយ thmeythmey.com