អន្តរជាតិ
អាមេរិក​និង​ចិន ជួបគ្នា​ម្ដងទៀត មុន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​ក្នុង​ខែវិច្ឆិកា​
15, Oct 2019 , 8:39 pm        
រូបភាព
​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin នៅ​ថ្ងៃទី​១៤ ខែតុលា ថា កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក ចិន នឹង​កើតមាន​ម្តងទៀត​នៅ​សប្តាហ៍​ក្រោយ ខណៈពេល​ភាគី​ទាំងពីរ មានបំណង​បញ្ចប់​កិច្ចព្រមព្រៀង​ដំណាក់​ទីមួយ នៅ​វេទិកា​មេដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ខែវិច្ឆិកា​ខាងមុខ​។



អត្ថបទទាក់ទង

​បន្ទាប់ពី​ជំនួប​ថ្នាក់ខ្ពស់​អាមេរិក និង​ចិន ទទួលបាន​ផ្លែផ្កា​នាពេល​កន្លងមក ឥឡូវ​ដល់​វេន​កិច្ចចរចា​ថ្នាក់​អនុរដ្ឋមន្ត្រី​ម្តង​។ ជំនួប​ខាងលើ គ្រោង​នឹង​ជជែក​ពិភាក្សា​តាម​ទូរ​សព្ទ​ក្នុង​សប្តាហ៍​នេះ ហើយនឹង​មានការ​ជួប​ចរចា​គ្នា​ដោយផ្ទាល់​នៅ​ជំហាន​បន្ទាប់​។ ចំណែក​ជំនួប​ចរចា​ថ្នាក់​ជាន់ខ្ពស់​រវាង​រដ្ឋ​មន្ត្រី​រតនាគារ Steven Mnuchin និង​អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក Robert Lighthizer ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លីវ ហឺ (Liu He) វិញ​ម្តង គឺ​គ្រោង​នឹង​ជជែក​គ្នា​តាម​ទូរ​សព្ទ​នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​កិច្ច​ស​ម្ពា​សន៍​របស់លោក Mnuchin ជាមួយ​សារព័ត៌មាន CNBC​។

​គោលបំណង​នៃ​ជំនួប​ទាំងពីរ​ខាងលើ គឺធ្វើឡើង  ដើម្បី​រៀបចំ​ពិធី​សម្រាប់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី ស៊ី ជិន​ភីង ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ នៅឯ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក នា​ប្រទេស​ស៊ី​លី ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។

​កិច្ចព្រមព្រៀង​រវាង​ចិន និង​អាមេរិក បានសម្រេច​ឡើង​តាម​ការរំពឹងទុក​រប​ស់​ភាគី​ទាំងពីរ​។ ជាក់ស្តែង​ប្រធានាធិបតី​អាមេរិក ត្រាំ បានលើកឡើង​បន្ទាប់ពី​ជំនួប​ជាន់ខ្ពស់​នា​ថ្ងៃទី​១១ ខែតុលា​ថា កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ គឺ​ទទួលបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​។ ការអះអាង​បែបនេះ គឺ​បន្ទាប់ពី​ភាគី​ចិន​យល់ព្រម​ទិញ​ផលិតផល​កសិកម្ម​អាមេរិក​ច្រើនជាង​មុន ហើយ​អាមេរិក​យល់ព្រម​ផ្អាក​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ៥​ភាគរយ​បន្ថែមទៀត​នៅ​ថ្ងៃទី​១៥ ខែតុលា​។

​ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ក៏បាន​បញ្ជាក់​ដូច​ទៅនឹង​ការលើកឡើង​របស់​ត្រាំ​ដែរ​ថា ជំនួប​ចរចា​កន្លងមក​គឺជា «​នីតិវិធី​ដ៏​សំខាន់​» ក្នុងការ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ដែលមាន​រយៈពេល​១៥​ខែ​កន្លងមកនេះ​។​

​សូមបញ្ជាក់ថា ជំនួប​ចរចា​រវាង​អាមេរិក និង​ចិន​ក្នុង​ជុំ​ទី​១៣ បានទទួល​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​ភាគី​ទាំង​ពីរបាន​ឯកភាព​ជាមួយគ្នា​ជាច្រើន​ចំណុច​។ ក្នុងនោះ​ភាគី​ចិន​យល់ព្រម​ទិញ ផលិតផល​កសិកម្ម​អាមេរិក​ពី ៤០​ពាន់​លាន​ដុល្លារ ដល់​៥០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕


Tag:
 ​អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com