ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យ៖ ទ័ពមិនអាចអត់ឱនឲ្យក្រុមលោក សម រង្ស៊ី ឡើយ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
× អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសថា កងយោធពលខេមរភូមិន្ទ មិនអាចអត់ឱនឲ្យបានឡើយ ចំពោះលោក សម រង្ស៊ី និង បក្សពួក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ។
តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២0១៩ អ្នកនាំពាក្រសួងការពារជាតិ សង្កត់ធ្ងន់ដូច្នេះថា៖«ក្នុងបរិបទនេះ កងយោធពលខេមរភូមិន្ទ ត្រូវមានកាតព្វកិច្ចពេញលេញ ដើម្បីការពារព្រះរាជាណាចក្រកម្ពុជាគ្រប់ទម្រង់ទាំងអស់»។
ការចេញសេចក្តីថ្លៃងការណ៍របស់អ្នកនាំពាក្យនាពេលនេះ គឺធ្វើឡើងក្រោយសម្តេច ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ ដាក់បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ចាត់វិធានការលើលោក សម រង្ស៊ី និង បក្សពួក ពេលពួកគេ មកដល់កម្ពុជា ហើយក៏ត្រូវបង្ក្រាបចលនារបស់លោក នៅក្នុងស្រុកផងដែរ។
ក្នុងពិធីរម្លឹកខួប២៥ឆ្នាំនៃការបង្កើតកងពលតូចលេខ៧0 ដែលប្រារព្ធកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២0១៩ រដ្ឋមន្ត្រីការពារជាតិ បង្គាប់ឲ្យបណ្តាអង្គភាពយោធា សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរតាមមូលដ្ឋាន ដើម្បីចាប់វិធានការនេះឲ្យមានប្រសិទ្ធភាព។
ខណៈគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី កាន់តែខិតជិតមកដល់ ស្ទើរតែរាល់ថ្ងៃ ដែលសកម្មជននិងមន្ត្រីរបស់លោកក្នុងស្រុក បានរងការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ (ការចូលរួមក្នុងគម្រោងធ្វើរដ្ឋប្រហារ)។ ចំណែកខ្លួនលោកផ្ទាល់ និងបក្សពួក៨នាក់ទៀត រងពីបទឧបឃាត (ការរៀបចំគម្រោងធ្វើរដ្ឋប្រហារ)។
គេ កំពុងរង់ចាំមើលថាតើលោក សម រង្ស៊ី ហ៊ានមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២0១៩ ពិតមែនឬមិនហ៊ាន៕
Tag:
ក្រសួងការពារជាតិ
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com