ជាតិ
ព្រះមហាក្សត្រ
៧​ឆ្នាំ​ផុត​ទៅ តែ​សម្តេចព្រះ​វររាជបិតា​ប​ន្ត​និត្យ​នៅក្នុង​បេះដូង​រាស្ត្រ​ខ្មែរ​រៀងរហូត​!
15, Oct 2019 , 4:57 pm        
រូបភាព
១៥ តុលា ឆ្នាំ​២០១២ ជា​ថ្ងៃ​ដ៏​សោ​កស​ង្រែ​ង​របស់​រាស្ត្រ​ខ្មែរ ក្រោយ​ដំណឹង​នៃ​ការ​សោយ​ព្រះ​ទិវង្គត ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​ព្រះជន្ម​៨៩​ព្រះវស្សា​។ តាមរយៈ​ស្នា​ព្រះហស្ត ព្រះរាជ​បណ្តាំ និង​ព្រះទ័យ​យកចិត្ត​ទុក​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ប្រជារាស្ត្រ​នៅតែ​ចងចាំ និង​នឹក​ដល់​ព្រះវររាជបិតា​ជានិច្ច​។



​នាឱកាស​ខួប​៧​ឆ្នាំ នៃ​ការគោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ នេះ សារព័ត៌មាន ThmeyThmey សូម​ដកស្រង់​ការបញ្ចេញ​មតិយោបល់​មួយចំនួន​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែលមាន​ការ​នឹករលឹក​យ៉ាងខ្លាំង​ដល់​សម្តេចព្រះ​វររាជបិតា​។​

«​ខ្ញុំ​ស្តាប់​ហើយ​...​នឹក​ស្រណោះ​សម្តេច​តា​ណាស់​...​ទឹកភ្នែក​ស្រក់​មិនដឹង​ខ្លួន​»​។ នេះ​ជា​សំណេរ​ដែល​ចេញពី​បេះដូង​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Winner ក្រោយ​បាន​មើលឃើញ​ឃ្លី​ប​ចម្រៀង «​លា​ហើយ​កម្ពុជា​» ដែលជា​ព្រះ​សូរ្យ​សៀង​របស់​សម្តេច​ព្រះវររាជ​បិតា​ផ្ទាល់​។​



​ខណៈដែល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ពិធី​បុណ្យអុំទូក​នាពេលខាងមុខ លោក សុ​ផា នឹក​អង្គ​សម្តេចឪ​យ៉ាងខ្លាំង​។ លោក​បានសរសេរថា​៖ «​ជិត​ដល់​បុណ្យ​អ៊ុំ​ទូក​ហើយ ខ្ញុំ​នឹក​សម្ដេ​ច​តា​ណាស់​»​។ តាមរយៈ​សំណេរ​ខ្លី​មួយ​នេះ យើង​អាច​ដឹងបាន​ថា លោក សុ​ផា ជា​អ្នក​ដែល​តែងតែ​តាមដាន​ពិធីបុណ្យ​អុំទូក ទាំង​ការចូលរួម​ដោយផ្ទាល់ និង​តាម​ទូរទស្សន៍ ជាពិសេស​នៅ​ដែល​ព្រះមហាក្សត្រ បង្ហាញ​ព្រះភ័ក្ត្រ​នៅមុខ​ទន្លេចតុមុខ ផ្តល់​កម្លាំង​ដល់​កីឡាករ និង​ប្រជារាស្ត្រ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​។​

​ព្រះរាជ​បូនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​បារាំង និង​ព្រះរាជ​បណ្តាំ​ស្តីពី​ការបង្រួបបង្រួម​ជាតិ គឺ​គុណ​តម្លៃ​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​។ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចាន់​រឿន បាន​សរសេរ​យ៉ាងខ្លី​ថា ចំពោះ​ស្នា​ព្រះហស្ត និង​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ  កូនចៅ​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេចបាន​នោះឡើយ​។

​អារម្មណ៍​មិន​ខុសគ្នា​នោះឡើយ ស្រីមុំ ទទួលស្គាល់ថា ព្រះមហាវីរក្សត្រ​សោយ​ព្រះ​ទិវង្គត​អស់​៧​ឆ្នាំ​ទៅហើយ ប៉ុន្តែ​ការ​នឹករលឹក​មិនអាច​រសាយ​ផុត​នោះឡើយ​។ រីឯ​លោក សុធា​រ៉ា បានបង្ហាញ​ពី​មោទកភាព​របស់ខ្លួន ដែល​បានកើត​មកជា​ជនជាតិខ្មែរ និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះមហាវីរក្សត្រ​។​

«​ខ្ញុំព្រះករុណា​ពិតជា នឹក​ដល់​ស្នាមញញឹម​របស់​ព្រះវររាជបិតា​ខ្លាំងណាស់​។ ទោះបីជា​ខ្ញុំ​មិនដែល​ជួប​ព្រះភ័ក្ត្រ​ទ្រង់​ដោយផ្ទាល់​ក៏ដោយ ប៉ុន្តែ​ស្នាមញញឹម​ទ្រង់​ដែល​ខ្ញុំ​បានឃើញ​តាម​កញ្ចក់​ទូរទស្សន៍​នានា ខ្ញុំ​ពិតជា​ស្រណោះ​ខ្លាំង និង​មហា​សោកស្តាយ​នៅពេល​ព្រះអង្គ​បាន​ឃ្លាតឆ្ងាយ​ពី​យើង​»​។ នេះ​ជា​សំណេរ​របស់លោក បញ្ញា អម​ជាមួយ​រូបភាព​នៃ​ការ​រំលឹក​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ សម្តេចព្រះ​មហាវីរក្សត្រ​៕


© រក្សាសិទ្ធិដោយ thmeythmey.com