ជាតិ
សំរាមកំពុងបំផ្លាញសោភណ្ឌភាពខេត្តព្រះសីហនុ!
× ភ្នំពេញ៖ ដោយសារកំណើនប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុកើនឡើងជាគំហុកនោះ វាបានធ្វើឱ្យខេត្តតំបន់ទេសចរណ៍នេះ កំពុងជួបបញ្ហាសំរាម និងបរិស្ថាន។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា ការរីកចម្រើនរយៈពេល ២ឆ្នាំនេះ បានធ្វើឱ្យសំរាមមានការកើនឡើង ពី ១០ទៅ ១៥ភាគរយក្នុងមួយឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៥ ខេត្តព្រះសីហនុ មានសំរាមចន្លោះពី ១០០ទៅ ២០០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នសំរាមក្នុងខេត្តនេះ មានរហូត ១,០០០តោនក្នុងមួយថ្ងៃ។
បញ្ហាសំរាមកើនឡើងនេះ បានធ្វើឱ្យខេត្តព្រះសីហនុ ប្រឈមនឹងបញ្ហាបរិស្ថាន អនាម័យ និងបាត់បង់សោភណ្ឌភាព។ នោះក៏ព្រោះតែការប្រមូលសំរាមបច្ចុប្បន្ន មិនទាន់សភាពការណ៍ ដែលធ្វើឱ្យសំរាមគរនៅពាសពេញផ្លូវសាធារណៈ ហើយមានក្លិនស្អុយទៀតផង។ បញ្ហាប្រឈមដ៏ធំមួយទៀតនោះ គឺនៅពេលសំរាមគរច្រើននោះ វាបានហូរតាមទឹកភ្លៀង ចូលលូទឹកកខ្វក់ និងធ្លាក់ចូលសមុទ្រ ។ មូលហេតុដែលនាំឱ្យសំរាមបំផ្លាញសម្រស់ខេត្តទេសចរណ៍មួយនេះ ដោយសារតែក្រុមហ៊ុនប្រមូលសំរាមជួបវិបត្តិខ្វះកម្មករ រួមទាំងកត្តាគួបផ្សំផ្សេងទៀត ដូចជាបញ្ហាផ្លូវ និងចរាចរណ៍ជាដើម។
ត្រង់ចំណុចនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានដឹងពីបញ្ហាសំរាមនេះ បានបញ្ជាក់ថា៖«ខេត្តព្រះសីហនុ ជាខេត្តសេដ្ឋកិច្ច នូវពេលក្រុមហ៊ុនប្រមូលសំរាមរើសកម្មករគ្រប់ គឺបានតែរយៈពេលខ្លីតែប៉ុណ្ណោះ (ព្រោះ)ពួកគេនឹងទៅរកការងារកន្លែងថ្មី គួបផ្សំនឹងផ្លូវថ្នល់មានការខូចខាត និងការកកស្ទះចរាចរណ៍។ ព្រោះតាមធម្មតាឡានអាចដឹកសំរាមចេញបាន ៣ជើងក្នុងមួយថ្ងៃ តែនៅពេលកកស្ទះការដឹកជញ្ជូនសំរាមចេញបានតែមួយជើងក្នុងមួយថ្ងៃ ជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន»។
បច្ចុប្បន្នក្រុមហ៊ុនប្រមូលសំរាមនៅខេត្តព្រះសីហនុ មានរថយន្តដឹកសំរាមចំនួន ៨៥គ្រឿង ហើយក្រុមហ៊ុនគ្រោងបន្ថែមរថយន្តជិត១០០គ្រឿងទៀតនៅពេលខាងមុខ ដើម្បីសម្អាតសំរាមនិងបរិស្ថាននៅក្នុងខេត្តនេះ ។ នេះបើតាមលោក គួច ចំរើន។
Tag:
គួច ចំរើន
សំរាម
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com