អ្នកស្រី មូរ សុខ​ហួរ​៖ ខ្ញុំ បាន​លា​កូនចៅ​រួចហើយ [​សម្រាប់​មាតុភូមិ​និវត្ត​]
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី មូរ សុខ​ហួរ​៖ ខ្ញុំ បាន​លា​កូនចៅ​រួចហើយ [​សម្រាប់​មាតុភូមិ​និវត្ត​]
15, Oct 2019 , 5:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​អ្នកស្រី មូរ សុខ​ហូរ អនុប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈកម្មការ​រៀប​ចំ​មាតុភូមិ​និវត្ត បញ្ជាក់​ជំហរ​ជាថ្មី​ថា លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ក្រុមប្រឆាំង នឹង​ម​កកម្ពុជា​នៅតាម​ការគ្រោងទុក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។



​លោកជំទាវ លា​កូន​លា​ចៅ​ហើយ​ឬ​នៅ ត្រៀមខ្លួន​ហើយ​ឬ​នៅ ដើម្បី​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​? អ្នកស្រី មូរ សុខ​ហួរ ឆ្លើយ​ទៅ​លោក ជុន ច័ន្ទ​បុត្រ ក្នុង​កិច្ច​សម្ភាស​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ បាន​លា​កូន​លា​ចៅ​ខ្ញុំ​ហើយ ហើយ​អារម្មណ៍​ខ្ញុំ​ស្ងប់​ហើយ ស្ងប់​ឈានទៅ​ប្រទេសជាតិ​យើង​វិញ ស្ងប់​ដើម្បី​បន្ត​បម្រើ​ប្រជាពលរដ្ឋ​យើង​វិញ​។ អ្វីដែល​ខ្ញុំ​បាន​ប្រាប់​ទៅ​កូន​ខ្ញុំ ហើយ​ចៅ​ខ្ញុំ​ទាំងពីរ គឺ​ឈាម​យើង ឈាម​កូន ឈាម​ចៅ គឺ​ឈាម​ខ្មែរ​...»​។

​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ស្រុក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា ថា កូនចៅ​របស់​អ្នកស្រី មូរ សុខ​ហូរ សុទ្ធតែ​រស់​នៅឯ​បរទេស​។ លោក បញ្ជាក់ថា​៖«​កូនចៅ​គាត់ ជា​កូនកាត់ ដូច្នេះ គ្មាន​អ្នកណា​រស់នៅ​ស្រុក​ខ្មែរ​ទេ​។ តាម​ខ្ញុំ​ដឹង គឺ​នៅ​អាមេរិក​»​។ 

​យ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទ​រ័ត្ន នៅតែ​មិនទាន់​ជឿថា លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ​ក្រុមប្រឆាំង ហ៊ាន​មក​កម្ពុជា​វិញ​។ លោក ថ្លែងថា​៖«​បើ​គាត់​មក​តំបន់​អាស៊ី គឺអាច តែបើ​មក​កម្ពុជា  ខ្ញុំ មិន​ឃើញថា គាត់​មានលទ្ធភាព​នោះទេ​»​។

​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ យល់ថា ការរៀបចំ​ផែនការ​អំពី​ការធ្វើ​មាតុភូមិ​និ​វិត្ត​នេះ នៅ​មិនទាន់​ច្បាស់លាស់​នោះទេ​។ លោក លើកឡើងថា​៖«​យើង សួរ​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស ដូច​នៅ​កូរ៉េ ជាដើម ថា​ពួកគាត់ ហ៊ាន​បោះបង់​ការងារ ដើម្បី​មក​កម្ពុជា​ទេ​? ខ្ញុំ ថា​ពួកគាត់ ត្រូវ​ពិចារណា​។ សូម្បីតែ​សកម្មជន​ឆ្នើមៗ ក៏ត្រូវ​សួរ​គ្នា​ដែរ មិនទាន់​ទុកចិត្ត​គ្នា​ទេ​ថា អ្នកណា​មក អ្នកណា​មិន​មក​»​។

​កាលពី​ថ្ងៃទី​២ ខែតុលា លោក សម រង្ស៊ី បានបញ្ជាក់​ជាថ្មី​តាម​វីដេអូ​ឃ្លី​ប ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការវិល​មក​កម្ពុជា ដោយ​គ្មាន​ការប្រែប្រួល​ឡើយ​។ លោក និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​៨​នាក់​ផ្សេងទៀត ត្រូវ​ចោទ​ពីបទ​ឧបឃាត (​ការរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​) ខណៈ​អ្នកគាំទ្រ​ក្នុងប្រទេស ត្រូវបាន​ចោទប្រកាន់​ជា​ហូរហែ​ពីបទ​រួមគំនិត​ក្បត់ជាតិ (​ចូលរួម​គាំទ្រ​គម្រោង​ធ្វើ​រដ្ឋប្រហារ​)៕
 

Tag:
 មូរ សុខ​ហួរ​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com