ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​មិន​ខាន បើ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​ច្រើនពេក​
16, Sep 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រប់​សរីរាង្គ​ទាំងអស់​ក្នុង​រាងកាយ គឺ​សុទ្ធតែ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​យ៉ាង​ចាំបាច់ ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​និង​ជៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​។ ពិតណាស់​គ្មាន​នរណាម្នាក់​អាច​រស់រានមានជីវិត​បានយូរ​ថ្ងៃ​ដោយ​មិន​ទទួលទាន​ទឹក​ឡើយ​! បើទោះជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​រួចហើយ​ថា ការទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់ ការធ្វើ​លំ​ហាត់ប្រាណ ការ​បែកញើស ហួសប្រមាណ ការ​ក្អួត និង​រាគ ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ទេ​ថា ការទទួល​ទាន​អាហារ​មួយចំនួន​ក៏​អាចធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ផងដែរ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ ព្រមទាំង​ភេសជ្ជៈ​មួយចំនួន​ដែល​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ៖

១. អាហារ​ប្រៃ​
​ក្រៅពី​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ហើយ​នោះ ការទទួល​ទាន​អាហារ​ប្រៃៗ​ក៏បង្ក​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ជាតិ​អំបិល ឬ​សូ​ដ្យូ​ម​ទាញ​ជាតិ​ទឹក​ចេញពី​រាល់​កោសិកា​ទៅ​ប្រមូលផ្ដុំ​ត្រង់​ផ្នែក​ណាមួយ​ក្នុង​រាងកាយ​វិញ​ដែល​បង្ក​ជា​អាកា​រៈ​ហើម​។​

២. អាហារ​ផ្អែម​
​អ្នក​ចូលចិត្ត​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​មែន​ទេ​? បើ​មែន​នោះ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ហើយ​! នៅពេល​រាងកាយ​ចាប់បាន​ថា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ វា​នឹង​ធ្វើអោយ​អ្នក​នោម​ញឹក ឬ​នោម​ច្រើនជាង​ធម្មតា​។ នេះ​ក៏​ជា​មូល​ហេតុដែល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ជួបប្រទះ​អាកា​រៈ​នោម​ញឹក​និង​មាន​អារម្មណ៍​ស្រេកទឹក​សឹង​គ្រប់ពេល​។​

៣. អាហារ​កែច្នៃ​
​មិន​ត្រឹមតែ​មិនល្អ​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើអោយ​អ្នក​ខ្សោះ​ជាតិ​ទឹក​ផងដែរ​។ នោះ​ក៏​ព្រោះតែ​រាងកាយ​បង្កើន​ការផលិត​ទឹកនោម​ធ្វើ​ឲ្យ​អ្នក​នោម​ញឹក​ជាង​មុន​ដើម្បី​កម្ចាត់​ជាតិពុល​នៃ​អាហារ​កែច្នៃ​ចេញពី​រាងកាយ​។ ជាពិសេស​នោះ គឺ​អាហារ​កែច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​និង​ស្ករ​ដែល​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​គួរ​ឲ្យ​កត់សម្គាល់​។​

៤. ទំពាំង​បារាំង​
​នោះ​ក៏​ព្រោះតែ​បន្លែ​នេះ​មាន​ផ្ទុក​សារធាតុ asparagine ដែល​បណ្ដាល​ឲ្យ​តម្រងនោម​ផលិត​ទឹកនោម​កាន់តែច្រើន​។

៥. ប្រូតេអ៊ីន​
​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ក៏​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​រាងកាយ​ទាមទារ​ជាតិ​ទឹក​ច្រើន​ដើម្បី​ដំណើរការ​បំបែក​និង​ប្រើប្រាស់​ជាតិ​ប្រូតេអ៊ីន​ប្រកបដោយ​ប្រសិទ្ធភាព​។​

៦. កាហ្វេ​
​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​បង្កើន​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​ធ្វើ​ឲ្យ​អ្នក​នោម​ញឹក​ជាង​មុន ហើយ​បាត់បង់​ជាតិ​ទឹក​ច្រើន​ចេញពី​រាងកាយ​។ ការ​ទទួលទាន​កាហ្វេ​ត្រឹម​មួយ​ពែង​នឹងមិន​ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ឡើយ ប៉ុន្តែ​ពី ៣ ទៅ ៤ ពែង​ក្នុង​មួយថ្ងៃ​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​គួរ​ឲ្យ​បារម្ភ​។​

៧. គ្រឿង​ស្រវឹង​
​ក៏​មិន​ខុសពី​កាហ្វេ​ដែរ គ្រឿង​ស្រវឹង​ក៏មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​ដូចគ្នា​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​នឹងធ្វើ​ឲ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ទទួលទាន​ត្រឹម​កម្រិត​មធ្យម គឺ ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com