ជាតិ
សុខភាព
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«ទីផ្សារបន្លែសរីរាង្គ»ចាំតែស្វាគមន៍កសិករស្រុកស្អាង សៀង លីគាង ក្នុងតម្លៃទ្វេដងពីបន្លែគីមី
× កណ្តាល៖ រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកស្រី សៀង លីគាង ងាកមកដាំបន្លែសរីរាង្គសម្រាប់ផ្គត់ផ្គង់ឱ្យផ្សារទំនើបៗ នៅរាជធានីភ្នំពេញ។ ម្ចាស់ចម្ការដើមខាត់ណា រូបនេះ បានបញ្ជាក់ដូច្នេះ៖«ដាំបន្លែសរីរាង្គមិនពិបាកលក់ទេ ឲ្យតែយើងថែទាំបានល្អ គឺទីផ្សារចាំតែស្វាគមន៍យើង»។ កសិករវ័យ៤៩ឆ្នាំ សៀង លីគាង អះអាងថា ការដាំបន្លែសរីរាង្គ គឺទទួលបានប្រាក់ចំណេញច្រើនជាងដាំបន្លែគីមី ហើយថែមទាំងមិនប៉ះពាល់ដល់សុខភាពអ្នកដាំនិងអ្នកបរិភោគទៀតផង។
សូមទស្សនាវីដេអូសម្ភាសខ្លីរវាងកញ្ញា សាម ស្រីណុច អ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី សៀង លីគាង អ្នកដាំបន្លែសរីរាង្គនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដូចតទៅ៖
បើតាមកសិករស្រុកស្អាង រូបនេះ បន្លែដើមខាត់ណាសរីរាង្គ ដែលអ្នកស្រីកំពុងដាំ គឺមិនពិបាកដាំនិងថែទាំ, មិនចំណាយប្រាក់ទិញថ្នាំគីមី និងមិនចំណាយថ្លៃជួលកម្លាំងពលកម្មនោះទេ។ ក្រៅពីដើមខាត់ណា អ្នកស្រី លីគាង ក៏បានដាំស្ពៃតឿនិងស្អៃចង្កឹះ បន្ទាប់បន្សំផងដែរ។ អ្នកស្រី សៀង លីគាង បានឲ្យដឹងបន្ថែមថា តម្លៃដើមខាត់ណាដែលអ្នកស្រីធ្លាប់ប្រើថ្នាំគីមីក្នុងមួយគីឡូក្រាមអាចលក់បានចន្លោះពី៤០០០ទៅ៥០០០រៀល។ ប៉ុន្តែ ដើមខាត់ណាសរីរាង្គដែលអ្នកស្រី កំពុងដាំអាចលក់បាន៨០០០រៀលក្នុងមួយគីឡូក្រាម។
បច្ចុប្បន្ន ស្រុកស្អាង មានកសិករ៣០គ្រួសារ ដាំបន្លែសរីរាង្គ និងប្រមាណ៦០០គ្រួសារ ដាំបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ដែលជាអ្នកបញ្ជាទិញបន្លែទាំងនេះ យកទៅលក់បន្តនៅតាមបណ្តាផ្សារទំនើបនានា នៅរាជធានីភ្នំពេញ។ នេះបើតាមអ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ដែលធ្លាប់បានប្រាប់ ThmeyThmey25 ។ អ្នកស្រី មានប្រសាសន៍ថា ក្រុមអ្នកផលិតបន្លែទាំងនេះអាចផ្គត់ផ្គង់ឱ្យទីផ្សារជិត៣០០គីឡូក្រោមក្នុងមួយថ្ងៃ។
(អ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ)
ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិរូបនេះ ប្រាប់ ThmeyThmey25 បន្ថែមដូច្នេះថា៖«តម្លៃបន្លែទាំងនោះនៅលើទីផ្សារ ដែលក្រុមកសិករទទួលបាន គឺស្ថិតក្នុងកិច្ចសន្យាមួយច្បាស់រវាងអ្នកផលិតជាមួយទីផ្សារដែលគេដឹង ស្គាល់ និងទុកចិត្តបាន។ ដោយឡែក បន្លែគីមីនៅលើទីផ្សារគឺគ្មានលំនឹងនោះទេ ថ្ងៃនេះលក់បានថ្លៃ ស្អែកឡើងគឺតម្លៃ ប្រាកដជាធ្លាក់ ដែលធ្វើឱ្យអ្នកផលិតបន្លែតាមមិនទាន់ទីផ្សារបែបនេះ។ បើបន្លែសរីរាង្គដែលកសិករបានចុះកុងត្រាជាមួយទីផ្សារតម្លៃ៤០០០រៀលក្នុងមួយគីឡូក្រោម ទោះបន្លែគេដទៃធ្លាក់ថ្លៃនៅត្រឹម៥០០រៀលក្នុងមួយគីឡូក្រោម ក៏បន្លែសរីរាង្គនៅរក្សាបានតម្លៃ៤០០០រៀលដដែល»៕
Tag:
បន្លែ
សរីរាង្គ
គីមី
ស្អាង
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com