ជាតិ
ហុងគ្រី សន្យាបន្តគាំទ្រកម្ពុជា លើបញ្ហាEBA សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី ជេណូស អាឌឺ (Janos ADER) នៅប្រទេសហុងគ្រី នៅថ្ងៃទី១៥ តុលា ២០១៩
× ភ្នំពេញ៖ ហុងគ្រី សន្យាបន្តគាំទ្រកម្ពុជា លើការដោះស្រាយបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី ជេណូស អាឌឺ (Janos ADER) ដែលបានប្រាប់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ តុលា ។
ក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ដោយលើយកខ្លឹមសារសំខាន់នៃកិច្ចប្រជុំស្តីពីបញ្ហាទឹក មុននឹងឈានដល់និយាយពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ។ និយាយនៅចំណុចនេះ សម្ដេច ហ៊ុន សែន បានប្រាប់ប្រធានាធិបតីហុងគ្រីថា កម្ពុជាចង់ឃើញសហភាពអឺរ៉ុប អនុវត្តការងារដោយភាពត្រឹមត្រូវដល់កម្ពុជា ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះ។
«ហើយអ្វីដែលដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា»។ នេះបើតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលស្នើឱ្យប្រធានាធិបតីហុងគ្រី បន្តគាំទ្រដល់កម្ពុជា ក្នុងការតតាំងជាមួយសហភាពអឺរ៉ុប លើបញ្ហាអនុគ្រោះពន្ធនេះ។
ឆ្លើយតបនឹងសម្ដេច ហ៊ុន សែន លោក ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតីហុងគ្រី បានសង្កត់ធ្ងន់ថា ៖«ទាក់ទងទៅនឹងបញ្ហា EBA នេះ ហុងគ្រី នឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត»។
បន្ថែមពីនេះសម្ដេច ហ៊ុន សែន ក៏អញ្ជើញប្រធានាធិបតីហុងគ្រី មកទស្សនកិច្ចប្រទេសកម្ពុជាផងដែរ ដើម្បីឱ្យឃើញពីស្ថានការណ៍ជាក់ស្ដែងនៅកម្ពុជា។ «នៅពេលនោះ ឯកឧត្តម(ប្រធានាធិបតីហុងគ្រី)នឹងបានឃើញជាក់ស្ដែងនូវស្ថានភាពរបស់ប្រទេសកម្ពុជា ដូចជាបានទៅទស្សនានូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាគឺប្រាសាទអង្គរវត្ត»។នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ គណកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការនៃការអនុវត្តនីតិវិធីពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានរយៈពេល ១៨ ខែ ដើម្បីតាមដាន ប្រមូលព័ត៌មាន និងសរសេររបាយការណ៍ មុនឈានដល់ការសម្រេចចិត្តដក ឬមិនដក។
មុនចាកចេញពីប្រទេសកម្ពុជា លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាផុតអាណត្តិ បានជំរុញឲ្យរដ្ឋាភិបាលបន្តគោរព និងលើកកម្ពស់សិទ្ធិមនុស្សឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះ«អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ, EBA»។ លោកលើកឡើងថា ប្រសិនបើកម្ពុជាបាត់បង់ EBA អ្នករងគ្រោះពិតប្រាកដគឺពលរដ្ឋក្រីក្រ ជាពិសេសអ្នកធ្វើការក្នុងវិស័យកាត់ដេរ៕
Tag:
ហ៊ុន សែន
EBA
ហុងគ្រី
© រក្សាសិទ្ធិដោយ thmeythmey.com