អន្តរជាតិ
ជប៉ុន​៖ ក្រុម​ជួយសង្គ្រោះ បន្ត​ស្វែងរក​អ្នក​នៅមាន​ជីវិត ខណៈ​អ្នកស្លាប់​កើន​ដល់ ៧៤​នាក់​
16, Oct 2019 , 10:13 am        
រូបភាព
​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅក្នុង​ប្រទេស​ជប៉ុន នា​ថ្ងៃទី​១៥ ខែតុលា បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​ស្វែងរក​មនុ​ស្ស​ដែល​អាច​នៅ​រស់រានមានជីវិត បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​ព្យុះ Hagibis នៅ​ថ្ងៃទី​១២ និង​១៣ ខែតុលា​។ ការណ៍​នេះ បង្ក​ឲ្យ​អ្នក​ជួយសង្គ្រោះ​មាន​ភាព​អស់សង្ឃឹម​ជាខ្លាំង​ក្នុងការ​ស្វែងរក​មនុស្ស​មានជីវិត បន្ទាប់ពី​ចំនួន​មនុស្ស​ស្លាប់ បាន​កើនឡើង​ជាង​៧០​នាក់ ។



​ព្យុះ Hagibis ដែល​មានន័យថា​ល្បឿន បាន​វាយប្រហារ​មកលើ​ប្រទេស​ជប៉ុន តាំងពី​ថ្ងៃ​១២ ខែតុលា បាន​បង្ក​ឲ្យ​មាន​ខ្យល់​បក់​យ៉ាងខ្លាំង ទឹកជំនន់ ការបាក់​ដី នៅតាម​បណ្តា​ខេត្ត​៣៦​របស់​ជប៉ុន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ជប៉ុន NHK បាន​អះអាងថា ចំនួន​មនុស្ស​ស្លាប់ បាន​កើន​ឡើងដល់ ៧៤​នាក់​ហើយ បើ​គិត​មកដល់​ថ្ងៃ​១៥ ខែតុលា​។

«​កិច្ចការ​ជួយសង្គ្រោះ និង​រុករក​អ្នក​បាត់​ខ្លួន គឺ​កំពុងធ្វើការ​លើសពី ២៤​ម៉ោង​»​។ នេះ​ជាស​ម្តី​របស់​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ នា​កិច្ចប្រជុំសភា​។ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​លើកឡើងថា ដើម្បី​ជួយសង្គ្រោះ​មនុស្ស​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព ជប៉ុន​មិនមាន​គម្រោង​កាត់បន្ថយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្ស​ឡើង​។ ប៉ូលិស កង​យាមល្បាត​សមុទ្រ ក្រុម​ពន្លត់​អគ្គិភ័យ និង​យោធា​ប្រមាណ​ជា ១១​ម៉ឺន​នាក់ កំពុង​ធ្វើ​ប្រតិបត្តិការ​រុ​រក​នេះ ហើយ​មនុស្ស ៣០០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ពី​គ្រោះមហន្តរាយ​។ នេះ​បើ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។



​មកទល់ពេលនេះ ឥទ្ធិពល​ព្យុះ Hagibis បាន​បង្ក​ឲ្យ ប្រជាជន​ជប៉ុន​ប្រមាណ​ជា ២៤០០០ នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​ជាង ១២​ម៉ឺន​គ្រួសារ គ្មាន​ទឹក​ប្រើប្រាស់​។ លើសពីនេះទៅទៀត មនុស្ស​ជាង ១​ម៉ឺន​នាក់​កំពុងស្នាក់នៅ​ក្នុង​ជម្រក​របស់​រដ្ឋាភិបាល ហើយ​មិនទាន់មាន​ព័ត៌មាន​ច្បាស់លាស់​ឡើយ​ថា ពេលណា​ពួកគេ​អាច​ត្រលប់មក​ផ្ទះ​វិញ​។
​ដោយសារតែ​គ្រោះមហន្តរាយ​នេះ រដ្ឋាភិបាល​បាន​សន្យាថា នឹង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​តំបន់ ដែល​ទទួលរង​នូវ​ផលប៉ះពាល់ ប៉ុន្តែ​ទីក្រុង​តូ​ក្យូ មិនបាន​បញ្ជាក់​ពី​ចំនួន​ថវិការ​ជាក់លាក់​ឡើយ​។

​សូមបញ្ជាក់ថា ព្យុះ Hagibis ដែល​មានន័យថា​ល្បឿន​ក្នុង​ភាសា​ហ្វីលីពីន បាន​វាយប្រហារ​មកលើ​ជប៉ុន​ជាមួយនឹង​សន្ទុះ​ខ្យល់ ២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ បញ្ហា​នេះ បណ្តាល​ឲ្យ​មានការ​ប​ផ្លិ​ច​បំផ្លាញ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន​តែម្ដង​៕



Tag:
 ជប៉ុន​
  ព្យុះ​Hagibis
© រក្សាសិទ្ធិដោយ thmeythmey.com