ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី មូរ សុខ​ហួរ អះអាងថា ថ្នាក់ដឹកនាំ​ប្រឆាំង ចូលមក​អាស៊ី​បណ្តើរៗ​ហើយ​
16, Oct 2019 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ហើយ បានចាប់ផ្តើម​ធ្វើដំណើរ​ចូលមក​តំបន់​អាស៊ី​។ អ្នកស្រី មូរ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់ព័ត៌មាន​នេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ VOA កាលពី​ថ្ងៃ​១៥ ខែតុលា ឆ្នាំ​២០១៩​។



​អ្នកស្រី មូរ សុខ​ហួរ ដែល​ត្រូវបាន​អតីត​គណបក្សប្រឆាំង តែងតាំង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្ត ថ្លែង​ដូច្នេះ​ថា​៖«​យើង មាន​ថ្នាក់ដឹកនាំ​យើង បាន​ទៅដល់​អាស៊ី​តាំងពី​ម្សិលមិញ​ហើយ ហើយ [និងមាន] ​បន្តបន្ទាប់​ទៀត​។ ដំណើរ​របស់​យើង គឺជា​ដំណើរ​ឆ្ពោះទៅរក​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​ប្រទេស​កម្ពុជា​»​។

​អ្នកស្រី បន្តថា នៅ​ថ្ងៃទី​១៥ ខែតុលា គឺជា​ថ្ងៃ​ចុងក្រោយ​របស់​អ្នកស្រី នៅក្នុង​សហរដ្ឋអាមេរិក​។ អ្នកស្រី ប្រាប់ថា បន្ទាប់​ពីថ្ងៃ​នោះមក អ្នកស្រី នឹង​ចេញពី​សហរដ្ឋអាមេរិក ចូលមក​តំបន់​អាស៊ី ជាមួយ​ថ្នាក់ដឹកនាំ​ប្រឆាំង​ដទៃទៀតដែរ​។

​កាលពី​កន្លងមក អតីត​គណបក្សប្រឆាំង បានកំណត់​ឲ្យ​លោក សម រង្ស៊ី  ចូលមកតំបន់​អាស៊ី នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ មុននឹង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ យ៉ាងណា អតីត​គណបក្សប្រឆាំង នៅ​មិនទាន់​ផ្តល់ព័ត៌មាន​លម្អិត​នោះទេ ថា​លោក សម រង្ស៊ី  និង ថ្នាក់ដឹកនាំ​របស់លោក ចូលមក​ប្រទេស​ណាមួយ ក្នុង​តំបន់​អាស៊ី​។

​រដ្ឋាភិបាលកម្ពុជា អះអាងថា បាន​បញ្ជូន​ដីកា​ចាប់​លោក សម រង្ស៊ី និង បក្សពួក ទៅគ្រប់​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​)​។ រដ្ឋាភិបាល ត្រៀមកម្លាំង​រួចហើយ ដើម្បី​ចាប់​លោក សម រង្ស៊ី និង បក្សពួក​របស់លោក​។

​លោក សម រង្ស៊ី  រំពឹងថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្រៅ​ប្រទេស នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​ជាមួយ​លោក ហើយ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស នឹង​ចេញទៅ​ទទួល​លោក​។ លោក សម រង្ស៊ី  និង មនុស្ស​សំខាន់ៗ​៨​ទៀត​របស់លោក ត្រូវបាន​ចោទ​ពីបទ​ឧបឃាត (​ការរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​) ឯ​អ្នកគាំទ្រ​ក្នុងស្រុក​មួយចំនួន ត្រូវ​ចោទ​ពី​បទរួមគំនិត​ក្បត់ជាតិ (​ការចូលរួម​គាំទ្រ​គម្រោង​ធ្វើ​រដ្ឋប្រហារ​)៕

Tag:
 មូរ សុខ​ហួរ​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com