អន្តរជាតិ
ការប្តឹង​ទម្លាក់​ប្រធានាធិបតី​ទំនងជា​នឹង​ក្លាយជា​ប្រធានបទ​សម្រាប់​ការជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​
16, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​១២​នាក់​នឹង​ឡើង​ឆាក​ជជែក​ដេញដោល​គ្នា​នៅ​វគ្គ​បន្ទាប់ នៅ​ថ្ងៃ​អង្គារ​នេះ​នៅឯ​សាកលវិទ្យាល័យ Otterbein នៅ​ទីក្រុង Westerville រដ្ឋ Ohio​។​

 
​ការជជែក​ដេញដោល​លើក​នេះ​គឺជា​វេទិកា​ដេញដោល​គ្នា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លើក​ទី​បួន ចាប់តាំងពី​ខែមិថុនា​មក ហើយ​ការជជែក​ដេញដោល​លើក​នេះ​នឹង​រៀបចំឡើង​តែមួយ​យប់​ប៉ុណ្ណោះ​សម្រាប់​បេក្ខជន​ទាំងអស់​។ លោកស្រី Tulsi Gabbard សភាតំណាងរាស្ត្រ​មកពី​រដ្ឋ​ហា​វៃ និង​លោក Tom Steyer អតីត​អ្នកវិនិយោគទុន និង​ជា​សកម្មជន​បរិស្ថាន នឹងចូលរួម​ជាមួយ​បេក្ខជន​ខាង​គណបក្ស​ប្រជា​ធិ​តេ​យ្យ ដែល​បាន​ចូលរួម​នៅក្នុង​ការជជែក​ដេញដោល​កាលពី​ខែកញ្ញា​កន្លងទៅ​។​
 
​ការជជែក​ដេញដោល​នៅ​ថ្ងៃ​អង្គារ​នេះ ទំនងជា​នឹង​ផ្តោត​សំខាន់​ទៅលើ​ការស៊ើបអង្កេត​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump​។​
 
​កាលពី​សប្តាហ៍​មុន អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden បាន​ចូលរួម​ជាមួយនឹង​ក្រុម​ប្រជាធិបតេយ្យ​ផ្សេងទៀត អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ប្តឹង​ទម្លាក់​លោក Trump ចេញពី​តំណែង​នៅ​អំឡុងពេល​ថ្លែង​សន្ទរកថា​របស់លោក​នៅក្នុង​ទីក្រុង Rochester រដ្ឋ New Hampshire ។​
​លោក Biden បាន​ថ្លែងថា «​ទាំង​ពិភពលោក និង​ពលរដ្ឋ​អាមេរិកាំង​យល់ថា​លោក Trump បានធ្វើ​ឲ្យ​ខ្លួន​លោក​ជាប់ទោស​រួចទៅហើយ​។ លោក Trump បាន​ក្បត់​ពាក្យសម្បថ​របស់លោក ក្បត់ប្រទេសជាតិ និង​ប្រព្រឹត្ត​ទង្វើ​ខុសឆ្គង​»​។​
 
​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បានចាប់ផ្តើម​បើក​ការស៊ើបអង្កេត​ចោទប្រកាន់​លោក Trump បន្ទាប់ពី​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់​បាន​ដាក់ពាក្យ​បណ្តឹង​អំពី​ការសន្ទនារ​តាម​ទូរស័ព្ទ​រវាង​លោក Trump និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy កាលពី​ថ្ងៃទី​២៥ ខែកក្កដា​កន្លងទៅ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com