អន្តរជាតិ
ជិះសេះសលើភ្នំខ្ពស់ជាងគេនៅឧបទ្វីបកូរ៉េ លោក គីម ពន្លះអាមេរិករឿងដាក់ទណ្ឌកម្ម មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជិះសេះសឡើងភ្នំ Paekdu ដែលជាភ្នំខ្ពស់ជាងគេនៅឧបទ្វីបកូរ៉េ។ រូបភាព KCNA
× ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើដំណើរដោយជិះសេះសឡើងភ្នំ Paekdu ដែលជាភ្នំខ្ពស់ជាងគេនៅឧបទ្វីប និងជាភ្នំពិសិដ្ឋមួយក្នុងចំណោមប្រជាជនកូរ៉េ។ វត្តមានលោក គីម នៅទីតាំងសំខាន់បែបនេះ ត្រូវគេជឿថា មានការប្រកាសព័ត៌មានថ្មីៗពីកូរ៉េខាងជើងមិនខាន ព្រោះមេដឹកនាំកូរ៉េខាងជើងរូបនេះតែងឡើងភ្នំ Paekdu មុនពេលប្រកាសគោលនយោបាយសំខាន់ៗ ឬក៏ព្រឹត្តិការណ៍ធំៗប៉ុណ្ណោះ។ លោក គីម ក៏ឆ្លៀតរិះគន់អាមេរិករឿងទណ្ឌកម្មផងដែរ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១៦ ខែតុលា បានចុះផ្សាយសកម្មភាពមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅលើភ្នំ Paekdu ដែលមានកំពូលភ្នំខ្ពស់ជាងគេនៅឧបទ្វីបកូរ៉េ។ អ្វីគួរឲ្យចាប់អារម្មណ៍ លោក គីម បានជិះសេះសមួយក្បាលដែលពោរពេញដោយថាមពលលើភ្នំដែលប្រជាជនកូរ៉េទាំងពីរចាត់ទុកជាទីតាំងពិសិដ្ឋ។ ភ្នំនេះ ក៏ជាទីកំណើតនៃការតស៊ូប្រឆាំងការគ្រប់គ្រងរបស់ជប៉ុន និងទីកំណើតរបស់លោក គីម ជុងអ៊ីល ផងដែរ។
ជាធម្មតា លោក គីម តែងឡើងភ្នំដ៏ខ្ពស់នេះនៅមុនពេលមានការសម្រេចចិត្ត ឬព្រឹត្តិការណ៍សំខាន់ណាមួយ។ នៅឆ្នាំ២០១៧ លោក គីម បានឡើងភ្នំ Paekdu មុនបន្ទន់ឥរិយាបថទន់ភ្លន់ដាក់កូរ៉េខាងត្បូងនៅឆ្នាំ២០១៨ ។ កាលពីឆ្នាំ២០១៣ មេដឹនាំវ័យក្មេងរូបនេះ ក៏ទៅភ្នំនេះដែរ មុនពេលប្រហារជីវិតពូថ្លៃ ចាង សុងថេក នៅពេលបន្ទាប់។ សម្រាប់វត្តមានលើកនេះ គេរំពឹងថា ទំនងជាមានការប្រកាសគោលនយោបាយថ្មី ឬក៏បញ្ហាទាក់ទងការចរចាជាមួយអាមេរិកក៏ថាបាន។
ការចរចាសព្វថ្ងៃបន្តជាប់គាំងអំឡុងពេលជំនួបនៅស៊ុយអែត ដោយកូរ៉េខាងជើងចោទអាមេរិកថា មិនមានគោលនយោបាយថ្មីដើម្បីចរចា ហើយប្រកាន់ជំហរអមិត្តដដែល។ ជំនួបនៅស៊ុយអែតកាលពីដើមខែនេះ ជាជំនួបលើកទីមួយរវាងអាមេរិក និងកូរ៉េខាងជើងក្រោយជំនួបបរាជ័យនៅវៀតណាម និងជំំនួបបន្ទាន់មួយរវាងលោក គីម និងលោក ត្រាំ នៅតំបន់គ្មានយោធាខណ្ឌចែកឧបទ្វីបកូរ៉េកាលពីខែចុងខែមិថុនាកន្លងទៅ។
អំឡុងពេលត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់នៅជើងភ្នំ Paekdu ប្រមុខដឹកនាំកូរ៉េខាងជើងវ័យក្មេង ក៏បានរិះគន់ក្រុងវ៉ាស៊ីនតោនដែលបន្តដាក់ទណ្ឌកម្ម និងសម្ពាធលើកូរ៉េខាងជើង។ បើតាម KCNA លោក គីម អះអាងថា បញ្ហាដែលកូរ៉េខាងជើងប្រឈមមុខសព្វថ្ងៃ កើតចេញពីទណ្ឌកម្មមិនឈប់ឈរ និងការដាក់សម្ពាធរបស់អមិត្ត។
ជាមួយនឹងទណ្ឌកម្មរាប់សិបជាន់បែបនេះ មេដឹកនាំកូរ៉េខាងជើង បានស្នើឲ្យប្រទេសកូរ៉េខាងជើងទាំងមូលរួបរួមគ្នាដោយផ្អែកលើគោលការណ៍ពឹងពាក់លើខ្លួនឯង ដើម្បីជាការឆ្លើយតបនឹងបច្ចាមិត្ត។ សម្រាប់លោក គីម ការឈឺចាប់របស់ប្រជាជនកូរ៉េដែលផ្ដល់ដោយអាមេរិក លែងក្លាយជាការឈឺចាប់ទៀតហើយ តែប្រែទៅជាកំហឹងវិញម្ដង៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com