អន្តរជាតិ
រដ្ឋសភា​អាមេរិក អនុម័ត​សំណើ​ច្បាប់ «​ប្រជាធិបតេយ្យ​ហុងកុង​» តែ​ចិន​ថា នឹង​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​
16, Oct 2019 , 2:18 pm        
រូបភាព
ប្រភពរូប​៖ AFP
ប្រភពរូប​៖ AFP
ដោយ:
​រដ្ឋសភា​អាមេរិក បានអនុម័ត​សេចក្ដី​ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ហុងកុង​។ ស្ថាប័ន​នីតិបញ្ញត្តិ​នេះ ក៏​សម្រេច​អនុម័ត​សំណើ​ច្បាប់​ដែល​ហាមឃាត់​ការនាំចេញ​សម្ភារ​បង្ក្រាប​បាតុកម្ម ដូចជា ឧស្ម័ន​បង្ហូរទឹកភ្នែក​ឲ្យ​អាជ្ញាធរ​ហុងកុង​ផងដែរ​។ មិនយូរប៉ុន្មាន​ក្រោយ​ការអនុម័ត​នៅ​រដ្ឋសភា​អាមេរិក ក្រុង​ប៉េកាំង​ព្រមាន​ចាត់វិធានការ​វាយបក​ខ្លាំងៗ​ប្រឆាំង​អាមេរិក ប្រសិនបើ​វា​ក្លាយជា​ច្បាប់​។



​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា រដ្ឋសភា​អាមេរិក បានអនុម័ត​សំណើ​ច្បាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហុងកុង​ឆ្នាំ​២០១៩​។ សំណើ​ច្បាប់​ដែល​ក្រុង​ប៉េកាំង​ចាត់ទុកជា​ការប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​រាំងខ្ទប់​ការ​ងើបឡើង​របស់​ប្រទេស​អាស៊ី​មួយ​នេះ​។ សេចក្តីព្រាងច្បាប់​នេះ បាន​អនុ​ម័​ត​ដោយ​សំឡេង​ជា​ឯកច្ឆ័ន្ទ​។

​ប្រធានរដ្ឋសភា​អាមេរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បញ្ជាក់ថា ទាំង​សមាជិក​បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា និង​ក្នុង​ព្រឹទ្ធសភា ឈរ​ប្រកៀក​ស្មា​គ្នា​ជាមួយ​ប្រជាជន​ហុងកុង​។ ត្រង់នេះ លោកស្រី សង្កត់ធ្ងន់ថា ប្រសិនបើ សហរដ្ឋអាមេរិក មិន​ហ៊ាន​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​ជាមួយ​ចិន​ព្រោះតែ​ប្រយោជន៍​ពាណិជ្ជកម្ម​នោះ ដូច្នេះ​ក្រុង​វ៉ាស៊ីនតោន​បាត់បង់​អំណាច​ផ្នែក​សីលធម៌​ទាំងអស់​ដើម្បី​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ពិភពលោក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​អាមេរិក CNN ។​

អត្ថបទទាក់ទង

​ប្រសិនបើ​ចូល​ជា​ធរមាន​មែន​នោះ ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​នេះ នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​វាយតម្លៃ​ជាប្រចាំ​ឆ្នាំ​លើ​ការអភិវឌ្ឍ​នយោបាយ​ក្នុង​ទីក្រុង​នេះ​។ នោះ​គឺ​មើលថា ហុងកុង នៅតែ​អាច​រក្សា​លក្ខខណ្ឌ​ស្វ័យភាព​គ្រប់គ្រាន់ ដាច់ដោយឡែក​ពី​ចិនដីគោក ក្នុង​គោលដៅ​រក្សា​ការផ្តល់​ឲ្យ​ពិសេស​ពី​សហរដ្ឋអាមេរិក​។ ទន្ទឹមនេះ សំណើ​ច្បាប់​នេះ ក៏​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋបាល​លោក​ត្រាំ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញ​សិទ្ធិមនុស្ស និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​។ 

​ក្រៅពី​សំណើ​ច្បាប់​នេះ រដ្ឋសភា​អាមេរិក នៅ​ថ្ងៃ​អង្គារ​ដដែល ក៏បាន​អនុម័ត​វិធានការ​ពាក់ព័ន្ធ​បញ្ហា​ហុងកុង​ពីរ​ផ្សេងទៀត រួមមាន សេចក្តីសម្រេច​គាំទ្រ​ក្រុមបាតុករ​ហុងកុង និង​សំណើ​ច្បាប់​ការពារ​ហុងកុង​។ សម្រាប់​សេចក្ដីស្នើច្បាប់​នេះ អាមេរិក​នឹង​ហាមឃាត់​ការនាំចេញ​សម្ភាៈ​យោធា​នានា ដែល​ប៉ូលិស​ហុងកុង​អាច​ប្រើ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​។​

​ក្រោយ​ត្រូវ​បានអនុម័ត​រួចរាល់​ដោយ​រដ្ឋសភា​អាមេរិក សំណើ​ច្បាប់​នេះ នឹង​រង់ចាំ​ការបោះឆ្នោត​មួយ​វគ្គ​ទៀត​ក្នុង​ព្រឹទ្ធសភា​អា​មេ​រិត មុននឹង​បញ្ជូនទៅ​សេត​វិមាន​អាមេរិក​សម្រាប់​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​ក្លាយជា​ច្បាប់ ឬក៏​វ៉េតូ​វិញ​។ សម្រាប់​ពេលវេលា​នៃ​ការបោះឆ្នោត ព្រឹទ្ធសភា​នៅតែ​មិនទាន់​កំណត់​នៅឡើយ​។

​ទាក់ទិន​នឹង​ការអនុម័ត​សំណើ​ច្បាប់​គាំទ្រ​ប្រ​ធានា​ធិបតេយ្យ​ហុងកុង​នេះ ក្រុង​ប៉េកាំង តាមរយៈ​ក្រសួងការបរទេស​ខ្លួន បាន​ប្រតិកម្ម​ខ្លាំងៗ​លើ​ជំហរ​នេះ​។ ក្នុង​សន្និសីទ​ព័ត៌មាន ថ្ងៃ​១៦ តុលា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បញ្ជាក់​ឲ្យ​ដឹងថា ប្រសិនបើ​សំណើ​ច្បាប់​ទាំងនេះ ក្លាយជា​ច្បាប់​នោះ វា​នឹងមិន​ត្រឹមតែ​ប៉ះពាល់​ដល់​ប្រយោជន៍​ចិន​និង​ទំនាក់ទំនង​អាមេរិក​-​ចិន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ប្រយោជន៍​អាមេរិក​ទៀតផង​។  ត្រង់នេះ លោក សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ចិន នឹង​ចាត់វិធានការ​វាយបក​ខ្លាំងៗ ដើម្បី​ឆ្លើយតប​នឹង​ការសម្រេចចិត្ត​ខុស​របស់​ភាគី​អាមេរិក ក្នុង​គោលដៅ​ការពារ​ប្រយោជន៍​អភិវឌ្ឍន៍ សន្តិសុខ និង​អធិបតេយ្យភាព​ខ្លួន​។

​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ លើកឡើង​ជាថ្មី​ថា ហុងកុង​ជា​ផ្នែក​របស់​ចិន ហើយ​កិច្ចការ​ហុងកុង​ជា​កិច្ចការ​ផ្ទៃក្នុង​ទាំងស្រុង​របស់​ចិន ដែល​មិន​ត្រូវការ​ការជ្រៀតជ្រែក​ពី​បរទេស​ឡើយ​។ ម្យ៉ាងវិញទៀត លោក Geng ក៏​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បញ្ឈប់​ភ្លាមៗ​ការជំរុញ​សំណើ​ច្បាប់​ពាក់ព័ន្ធ​បញ្ហា​ហុងកុង និង​ឈប់​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​និង​ចិន​ផងដែរ​៕

Tag:
 ​សហរដ្ឋអាមេរិក​
  រដ្ឋសភា​
  ហុងកុង​
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com