អន្តរជាតិ
អង្គការសហប្រជាជាតិ បញ្ចប់ប្រតិបត្តិការរក្សាសន្តិភាពនៅហៃទី កម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅហៃទី។ រូបភាព AFP
×
ដោយ៖ ងួន សុភាវត្តី
នៅថ្ងៃទី១៥ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចបញ្ចប់ប្រតិបត្តិការរក្សាសន្តិភាពជិត១៥ឆ្នាំនៅហៃទី។ ជាមួយការបញ្ចប់ប្រតិបត្តិការនេះ អង្គការសហប្រជាជាតិ ក៏បានបង្ហាញពីភាពសោកស្តាយដែលមិនអាចជួយដោះស្រាយ វិបត្តិសេដ្ឋកិច្ច នយោបាយ និងវិបត្តិសង្គមប្រទេសនេះបាន។
អង្គការសហប្រជាជាតិ បានចាប់ផ្តើមបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ហៃទីជាលើកដំបូងកាលពីឆ្នាំ២០០៤ ក្រោយការទម្លាក់ប្រធានាធិបតី Jean-Bertrand Aristide ដោយក្រុមយោធា និងពីសម្ពាធប្រជាជនផង។ នៅក្នុងឆ្នាំ២០១៧ អង្គការនេះ ចាប់ផ្តើមបញ្ជូនប៉ូលិសខ្លួនទៅរក្សាសន្តិភាពនៅទីនោះជំនួសអោយពួកយោធាដែលបានធ្វើរដ្ឋប្រហារវិញ។
យ៉ាងណាមិញ ហៃទី នៅតែបន្តជាប្រទេសដែលក្របំផុតនៅទ្វីបអាមេរិកកណ្ដាល រួមជាមួយអស្ថិរភាពនយោបាយផង។ នៅប៉ុន្មានឆ្នាំនេះ ប្រទេសមួយនេះកាន់តែធ្លាក់ជ្រៅទៅៗក្នុងបញ្ហានយោបាយ ចំពេលដែលមានការបាតុកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតីសព្វថ្ងៃ Jovenel Moise ពីរឿងពុករលួយ រួចជាមួយនឹងការតវ៉ាពីប្រជាជនស្នើអោយប្រធានាធិបតីរូបនេះចុះចេញពីតំណែងផង។
ទោះជាយ៉ាងនេះក្តី លោក Moiseបាននិយាយក្នុងសន្និសីទកាសែតមួយថា លោកមិនចុះចេញទេ។ លោកមានលើកឡើងថា៖ « វាគឺជារឿងដែលគ្មានទំនួលខុសត្រូវសំរាប់ខ្ញុំក្នុងការសរសេរលិខិតលាឈប់ហើយទុកអោយប្រទេសមួយនេះចោលក្នុងសភាពបែបនេះ»។ ចាប់តាំងពីឡើងកាន់អំណាចឆ្នាំ២០១៧មក លោក Moise បានជួបប្រទះនឹងការប្រឆាំងរបស់បក្សប្រឆាំងដែលបានបដិសេធជ័យជំនះរបស់លោកក្នុងការបោះឆ្នោតកន្លងទៅ។
នៅថ្ងែទី១៥ ខែតុលា អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការពិភពលោកមួយនេះ លោកស្រី Kelly Craft បាននិយាយថា ដំណោះស្រាយនៅហៃទី បានដើរដល់ផ្លូវបំបែកហើយ។ លោកស្រីបជំរុញឲ្យអ្នកពាក់ព័ន្ធផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងផ្នែកដែលពាក់ព័ន្ធ ជជែកគ្នាតាមផ្លូវសន្តិភាពដើម្បីសម្រួលបញ្ហាតាមដែលអាចធ្វើបាន។
ទន្ទឹមនឹងនេះដែរ លោកស្រី Craft ក៏ឆ្លៀតរំឭកពីការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកដែលជាដៃគូផ្តល់ជំនួយឲ្យហៃទីទាំងពីឆ្នាំ២០១០មកម្លេះ ជាមួយសរុបជាទឹកប្រាក់ចំនួន៥,២ពាន់លានដុល្លារ។
ប្រមុខអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានបង្ហាញជំហរទុទិដ្ឋិនិយមចំពោះស្ថានការណ៍ប្រទេសក្រីក្រមួយ។ លោកសរសេរក្នុងរបាយការណ៍មួយថា បញ្ហាជាច្រើន បានអូសបន្លាយតាំងពីខែកក្កដាឆ្នាំ២០១៨មក ហើយបានបង្ហាញពីសញ្ញាតិចតួចណាស់ក្នុងការដោះស្រាយ។ យើងជំរុញអោយផ្នែកពាក់ព័ន្ធទាំងអស់ទុកភាពខុសគ្នាមួយឡែកសិន ហើយងាកមកធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាទាំងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com