ជាតិ
ក្រសួង​សាធារណការ ប្រមូល​ចំណូល ២៨​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ​
16, Oct 2019 , 7:39 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ ការផ្ដល់សេវា​សាធារណៈ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន មាន​ជាង ១​លាន​ប្រតិបត្តិការ និង​ប្រមូល​ចំណូល​ដុល​បាន​សរុប​ជាង ១១៤​ពាន់​លាន​រៀល (​ប្រហែល​២៨​លាន​ដុល្លារ​) ។​



​តួលេខ​ចំណូល​ខាងលើនេះ ត្រូវបាន​លើកឡើង​ដោយ​លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​កិច្ចប្រជុំ​មួយ​អំពី​ការបន្ថែម​ជម្រើស​បង់​កម្រៃ​សម្រាប់​លេខ​យានយន្ត​ចុះ​ប​ញ្ចី​ពិសេស​ផ្ទាល់ខ្លួន និង​កម្រៃ​សេវា​ក្នុង​វិស័យ​សារ​ធា​រណ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៤​ខែតុលា​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​តំណាង​ធនាគារ​ចំនួន​៩​នៅ​កម្ពុជា​។​

​លោកស្រី កុយ សុ​ដា​នី បាន​លើកឡើងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​យកចិត្តទុកដាក់​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ការផ្ដល់សេវា​ធារ​ណៈ ជូន​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ពេលវេលា​ផ្ដល់​សេវា ការចំណាយ​ក្រៅផ្លូវការ ក៏ដូចជា​បង្ខិត​សេវា​កាន់តែ​ជិត​ប្រជាពលរដ្ឋ​។​

​នាពេល​ថ្មីៗ​នេះ ក្រសួង​បានប្រកាស​លក់​លេខ​រថ​យន្ត​ពិសេស​ផ្ទាល់ខ្លួន ដែលជា​បង្គុំ​លេខ និង​អក្សរ​ឡាតាំង​មិន​លើសពី​៨​ខ្ទង់​។ លោកស្រី កុយ សុ​ដា​នី ឲ្យ​ដឹងថា ក្រសួង​មានបំណង​ផ្ដល់​ជម្រើស​ក្នុងការ​បង់ប្រាក់​បញ្ជា​ទិញ និង​ដេញថ្លៃ​លេខ​រថយន្ត តាម​បច្ចេកវិទ្យា​ទំនើប​។ លោកស្រី​រំពឹងថា ធនាគារ​ទាំង​៩ ដែល​ចូលរួម​ប្រជុំ​នេះ នឹងចូលរួម​សហការ​ជាមួយ​ក្រសួង ដើម្បី​ផ្ដល់​ជម្រើស​ទូទាត់​ប្រាក់កម្រៃ​សេវា​តាម​ប្រព័ន្ធ​ធនាគារ ជូន​ប្រជាពលរដ្ឋ ខណៈ​បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ធនាគារ​ចំនួន​៦ ហើយ​ដែល​បាន​ចាប់​ដៃគូរ​ជាមួយ​ក្រសួង ក្នុងការ​ទូទាត់​កម្រៃ​សេវាសាធារណៈ​៕

Tag:
 សាធារណការ​
  ដឹកជញ្ជូន​
© រក្សាសិទ្ធិដោយ thmeythmey.com