ជាតិ
ក្រសួងសាធារណការ ប្រមូលចំណូល ២៨លានដុល្លារ ក្នុងរយៈពេល៩ខែ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០១៩ ការផ្ដល់សេវាសាធារណៈក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មានជាង ១លានប្រតិបត្តិការ និងប្រមូលចំណូលដុលបានសរុបជាង ១១៤ពាន់លានរៀល (ប្រហែល២៨លានដុល្លារ) ។
តួលេខចំណូលខាងលើនេះ ត្រូវបានលើកឡើងដោយលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំមួយអំពីការបន្ថែមជម្រើសបង់កម្រៃសម្រាប់លេខយានយន្តចុះបញ្ចីពិសេសផ្ទាល់ខ្លួន និងកម្រៃសេវាក្នុងវិស័យសារធារណ និងដឹកជញ្ជូន នៅថ្ងៃទី១៤ខែតុលា។ កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីតំណាងធនាគារចំនួន៩នៅកម្ពុជា។
លោកស្រី កុយ សុដានី បានលើកឡើងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានយកចិត្តទុកដាក់បង្កើតប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្ដល់សេវាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយពេលវេលាផ្ដល់សេវា ការចំណាយក្រៅផ្លូវការ ក៏ដូចជាបង្ខិតសេវាកាន់តែជិតប្រជាពលរដ្ឋ។
នាពេលថ្មីៗនេះ ក្រសួងបានប្រកាសលក់លេខរថយន្តពិសេសផ្ទាល់ខ្លួន ដែលជាបង្គុំលេខ និងអក្សរឡាតាំងមិនលើសពី៨ខ្ទង់។ លោកស្រី កុយ សុដានី ឲ្យដឹងថា ក្រសួងមានបំណងផ្ដល់ជម្រើសក្នុងការបង់ប្រាក់បញ្ជាទិញ និងដេញថ្លៃលេខរថយន្ត តាមបច្ចេកវិទ្យាទំនើប។ លោកស្រីរំពឹងថា ធនាគារទាំង៩ ដែលចូលរួមប្រជុំនេះ នឹងចូលរួមសហការជាមួយក្រសួង ដើម្បីផ្ដល់ជម្រើសទូទាត់ប្រាក់កម្រៃសេវាតាមប្រព័ន្ធធនាគារ ជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានគ្រឹះស្ថានធនាគារចំនួន៦ ហើយដែលបានចាប់ដៃគូរជាមួយក្រសួង ក្នុងការទូទាត់កម្រៃសេវាសាធារណៈ៕
Tag:
សាធារណការ
ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com