នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​ស្ថាប័ន​ឧស្សាហកម្ម UN ជួយ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស
ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​ស្ថាប័ន​ឧស្សាហកម្ម UN ជួយ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស
16, Oct 2019 , 4:19 pm        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក លី យ៉ុង អគ្គនាយកអង្គការ UNIDO នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងប្រទេសហុងគ្រី
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក លី យ៉ុង អគ្គនាយកអង្គការ UNIDO នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងប្រទេសហុងគ្រី
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រា​ប់លោក លី យ៉ុង អគ្គនាយក​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ (UNIDO) អំពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ សម្តេច ជួប​លោក លី យ៉ុង នៅ​ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 



​ក្នុងជំនួប​នោះ សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើងថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​សំខាន់​មួយ ដែល ត្រូវការ​ការគាំទ្រ ដោយសារតែ​ខេត្ត​នេះ កំពុង​ឆ្លងកាត់​ការអភិវឌ្ឍ ជាពិសេស​លើ​វិស័យ​សេវា​ផ្សេងៗ​។ ម្យ៉ាងទៀត កន្លងមក ខេត្ត​ព្រះសីហនុ បាន​រងគ្រោះ​ទឹកជំនន់ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​ចាំបាច់ គឺ​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បាន​សរសេរ​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​កម្ពុជា នៅតែ​យកចិត្តទុកដាក់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយជា​ខេត្ត​មួយ​ដ៏​សំខាន់​ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ហើយ​អ្វីដែល​យើង​កំពុងតែ​យកចិត្តទុកដាក់ គឺ​ការកសាង​ផ្លូវ​ឡើងវិញ ដែល​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១៥០​លាន​ដុល្លារ ដើម្បី​ធ្វើ​ផ្លូវ​និង​ប្រព័ន្ធ​លូ​ផងដែរ​»​។

​ប្រភព​ដដែល បន្តថា​៖«​សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​អង្គការ UNIDO បន្ត​ជួយ​ដល់​គម្រោង​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​។ សម្តេច​បញ្ជាក់ថា នៅពេលនេះ​ចំនួន​នៃ​ការសាងសង់ នៅ​ខេត្ត​ព្រះសីហនុ មាន​ច្រើនឡើងៗ ដូច្នេះ តម្រូវការ​របស់​កម្ពុ​ជា ត្រូវតែ​ផ្តល់​អាទិភាព​ជាពិសេស មិន​ត្រឹមតែ​ការគ្រប់គ្រង​ទឹក​កខ្វក់​ទេ គឺ​វិស័យ​អគ្គិសនី​ផងដែរ ដែល​កំពុងមាន​តម្រូវការ​កាន់តែច្រើន​»​។

​ក្រៅពីនេះ ប្រមុខ​រដ្ឋាភិបាល ស្នើ​ឲ្យ​អង្គការ UNIDO ជួយ​លើ​គោលនយោបាយ​ពីរ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា គឺ  ការជួយ​អភិវឌ្ឍ​គោលនយោបាយ​ផលិតកម្ម​អង្ករ ដើម្បី​នាំចេញ និង  គោលនយោបាយ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥​។ ប្រមុខ​រដ្ឋាភិបាល ថ្លែងថា​៖«​អង្គការ UNIDO ពិត​ជាមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​នេះ​»​។​

​លោក លី យ៉ុង អះអាងថា លោក បាន​ជួប​អភិបាល​ទីក្រុង​សិន​ជិន ប្រទេស​ចិន ហើយ​ទីក្រុង​សិន​ជិន ចង់​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​គម្រោង​ថ្មី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ប៉ុន្តែ លោក ពុំបាន​បញ្ជាក់​នោះទេ ថា គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ នឹងត្រូវ​បង្កើត​នៅ​ខេត្ត​ណាមួយ​នៃ​ប្រទេស​កម្ពុជា​។ 

​អគ្គនាយក​អង្គការ UNIDO រូបនេះ ប្រាប់ថា លោក គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ឆ្នាំក្រោយ ហើយ លោក ចង់​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។ លោក សន្យាថា នឹង​ជំរុញ​ឲ្យ​មានការ​គាំទ្រ​ពី​ប្រទេស​ចិន ពិសេស​ពី​ខេត្ត​សិន​ជិន​តែម្តង ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​ការអភិវឌ្ឍ​កម្ពុជា​។

​បើតាម​លោក លី យ៉ុង នៅ​ឆ្នាំ​២០១៧ UNIDO និង កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា និង​បានចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សំខាន់ៗ ដូចជា វិស័យ​ស្បៀង ឧស្សាហកម្ម និង បរិស្ថាន ជាដើម​៕

Tag:
 ហ៊ុន សែន​
  តំបន់​សេដ្ឋកិច្ច​ពិសេស​
  UNIDO
© រក្សាសិទ្ធិដោយ thmeythmey.com