អន្តរជាតិ
ឥណ្ឌូណេស៊ី បំបែកគម្រោងបំផ្ទុះគ្រាប់បែកមុនការស្បថចូលកាន់អំណាចរបស់លោក វីដូដូ រូបភាព AP
×
ដោយ៖ ងួន សុភាវត្តី
មន្ត្រីប៉ូលិសប្រឆាំងអំពើភេរវកម្មឥណ្ឌូណេស៊ី បានបំបែកគម្រោងវាយប្រហារដោយគ្រាប់បបែកអត្តឃាតនៅតំបន់មួយចំនួនក្នុងទីក្រុងអំឡុងពេលការស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោក ចូកូ វីដូដូ ។ លោក វីដូដូ នឹងស្បថចូលកាន់តំណែងអាណត្តិទីពីរនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ។
អ្នកនាំពាក្យមន្ត្រីប៉ូលិសឥណ្ឌូណេស៊ី លោក Dedi Prasetyo បាននិយាយក្នុងសន្និសីទកាសែតថ្ងៃទី១៥ ខែតុលា ថា យ៉ាងតិចណាស់មនុស្ស៤នាក់ បានត្រៀមក្នុងការវាយប្រហារមកដោយប្រើគ្រាប់បែកដែលផ្ទុះខ្លាំង។ គ្រាប់បែកទាំងនេះផ្ទុកសារធាតុមួយចំនួន រូមជាមួយធាតុផ្សំដែលមានគ្រោះថ្នាក់ខ្លាំងគឺ Abrin។
បើតាមអ្នកនាំពាក្យរូបនេះ សារធាតុ Abrin គឺជាសារធាតុម្យ៉ាងរបស់គ្រាប់សណ្ដែក rosary ដែលរដ្ឋាភិបាលអាមេរិកបានយកទៅពិសោធ ហើយបានប្រកាសពីប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាជន។ លោក Dedi បានបន្តប្រាប់ថា គ្រាប់បែកប្រភេទនេះ គឺខុសពីគ្រាប់បែកផ្សេងៗដែលបានប្រើដោយក្រុមភេរវជន ដោយត្រឹមតែ០,៧មីក្រូក្រាមនៃសារធាតុ Abrin នេះ អាចសំលាប់មនុស្សរហួតល់ទៅ១០០នាក់ឯណោះ។
បើគិតតាំងពីខែមុនមក មន្ត្រីប៉ូលិសប្រឆាំងភេរវកម្មឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង្ស័យ រហូតដល់ទៅ២៧នាក់ទៅហើយនៅទូទាំងប្រទេស បូករួមទាំងជនពីរអ្នកដែលបានចាក់លោករដ្ឋមន្ត្រី Wiranto កាលពីសប្ដាហ៍នេះ។ ប៉ូលិសអះអាងថា ពួកគេមានគោលបំណងវាយប្រហារមកលើមន្ត្រីប៉ូលិស និងមន្ត្រីរដ្ឋាភិបាល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្រុមជនសង្ស័យដែលបានចាប់ខ្លួននេះ គឺមកពីក្រុម Jamaah Ansharut Daulah ដែលហៅកាត់ថា JAD។ JAD ត្រូវបានគេសន្មត់ថា ជាបណ្តាញរបស់រដ្ឋឥស្លាម។ ក្រុម JAD ត្រូវបានរដ្ឋាភិបាលឥណ្ឌូនេស៊ីហាមឃាត់នៅឆ្នាំ២០១៨ មួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសថាក្រុមនេះជាក្រុមភេរវជនមក៕
© រក្សាសិទ្ធិដោយ thmeythmey.com