អន្តរជាតិ
ម៉ាឡេស៊ី គ្រោងទិញទំនិញឥណ្ឌាបន្ថែម ដើម្បីរម្ងាប់កំហឹងក្រុងញូវដែលីរឿងកាស្មៀរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីមហាធៀ មហាម៉ាត់ និងនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រ ម៉ូឌី, រូបភាព (bussiness insider)
× ម៉ាឡេស៊ី កំពុងពិចារណាលើការនាំចូលបន្ថែមទៀតលើផលិតផលស្ករស និងសាច់ក្របីពីឥណ្ឌា។ នេះជាយុទ្ធសាស្ត្ររបស់ក្រុងគួឡាឡាំពួ បន្ទាប់ពីមានរបាយការណ៍មួយចំនួនបានលើកឡើងថា ឥណ្ឌាអាចនឹងរិតត្បិតលើការនាំចូលផលិតផលប្រេងដូងរបស់ម៉ាឡេស៊ីព្រោះមិនពេញចិត្តនឹងដែលរឿងម៉ាឡេស៊ី រិះគន់ខ្លួនពាក់ព័ន្ធនឹងតំបន់កាស្មៀរ។
នៅខែកញ្ញា ឆ្នាំ២០១៩ នាកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានលើកឡើងថា ឥណ្ឌាបានឈ្លានពាន និងគ្រប់គ្រងតំបន់កាស្មៀរ។ ជាកាឆ្លើយតប ឥណ្ឌា កំពុងពិចារណារឹតត្បិតលើការនាំចូលផលិតផលមកពីម៉ាស៊ីឡេដូចជា ប្រេងដូងជាដើម។
#BoycottMalaysia ឬពហិការទំនិញម៉ាឡេស៊ី ត្រូវបានជនជាតិឥណ្ឌាសរសេរលើបណ្តាញ Twitter ព្រោងព្រាត។ ចំណែកជំនួញឥណ្ឌាមួយចំនួន បានអះអាងថា រោងចក្រឥណ្ឌាជាច្រើន បានឈប់បញ្ជាទិញប្រេងដូងពីម៉ាឡេស៊ីនៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩ ដោយសារតែ ខ្លាចពន្ធលើប្រេងដូងឡើងខ្ពស់ និងវិធីសាស្ត្រផ្សេងទៀត ដែលដាក់ដោយរដ្ឋាភិបាលឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ដើម្បីលួងចិត្តរដ្ឋាភិបាលឥណ្ឌា ទីក្រុងគូឡាឡាំពួ នឹងបើកកិច្ចចរចាពាណិជ្ជកម្មមួយ ដើម្បីកំណត់បញ្ហាព្រួយបារម្ភរបស់ទីក្រុងញូវដែលី លើអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តាមរយៈសេចក្តីថ្លែងការណ៍ក្រសួងឧស្សាហកម្មកែច្នៃវត្ថុធាតុដើមម៉ាឡេស៊ី ការសម្រេចនាំចូលផលិតផលឥណ្ឌាបន្ថែម ធ្វើឡើងបន្ទាប់ពី ម៉ាឡេស៊ីមើលឃើញតួនាទីដ៏សំខាន់របស់ឥណ្ឌា។ ការណ៍នេះ ម៉ាឡេស៊ី ពិចារណានាំចូលបន្ថែមសាច់ក្របី និងស្ករសឆៅនៅឆ្នាំក្រោយ។
វិធានការរបស់ទីក្រុងគូឡាឡាំពួបែបនេះ ក៏ដោយសារឥណ្ឌា គឺជាទិសដៅធំទី៣របស់ម៉ាឡេស៊ីលើការនាំចេញផលិតផលប្រេងដូង និងដើមដូងប្រេង និងអាចរកចំណូលបានប្រមាណជា ១,៦៣ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកែច្នៃវត្ថុធាតុដើម Teresa Kok បានលើកឡើងថា ម៉ាឡេស៊ី មានការព្រួយបារម្ភពីសារព័ត៌មានជាច្រើនដែលបានចុះផ្សាយអំពីភាពល្អក់កករនៃទំនាក់ទំនងម៉ាឡេស៊ី និងឥណ្ឌា ខណៈពេលប្រទេសទាំងពីរមានទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងរឹងមាំជាង ៦ទសវត្សរ៍កន្លងមកហើយ។
សូមបញ្ជាក់ថា ម៉ាឡេស៊ី គឺជាប្រទេសផលិត និងនាំចេញប្រេងដូងធំជាងគេបង្អស់លំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីឥណ្ឌូណេស៊ី។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៨ ប្រេងដូង បានជួយបង្កើនផលិតផលក្នុងស្រុកសរុបម៉ាឡេស៊ី ២,៨ ភាគរយ និងស្មើរនឹង៤,៥ភាគរយ នៃការនាំចេញសរុប។ លើសពីនេះ ម៉ាឡេស៊ី បាននាំចេញទំនិញទៅឥណ្ឌា ១០,៨ពាន់លានដុល្លារ ខណៈដែលម៉ាឡេស៊ីទិញទំនិញពីឥណ្ឌាមកវិញត្រឹមតែ ៦,៤ពាន់លានដុល្លារតែប៉ុណ្ណោះ។
© រក្សាសិទ្ធិដោយ thmeythmey.com