អន្តរជាតិ
ប្រធាន IMF ថ្មី៖ ស្ត្រីទាំងអស់ កុំយកប្រាក់ខែទាបជាងបុរស នាយិកាប្រតិបត្តិ IMF គ្រីស្តាលីណា ចចជីវ៉ា ។ រូបភាព AFP
×
ដោយ៖ ឈួន ឈីវអ៊ីង
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយនៅថ្ងៃទី១៥ ខែតុលា ថា ស្ត្រីនៅជុំវិញពិភពលោក បានទទួលយកការងារដែលមិនបានប្រាក់ខែច្រើនជាងបុរសនាពេលកន្លងមក។ ចាប់ពីពេលនេះ លោកស្រី ឲ្យយោបល់ថា ពួកគេមិនគួរធ្វើគឺយល់ព្រមទទួលប្រាក់ខែទាបនៅកន្លែងធ្វើការ។
កុំទទួលយកប្រាក់ខែតិចជាងបុរសដែលជាមិត្តរួមការងារ។ នេះជាដំបូន្មានរបស់នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា ដែលបានបានចែករំលែកពីបទពិសោធតាំងពីដំបូងនៃអាជីពរបស់លោកស្រីក្នុងអំឡុងសម័យសូវៀត។ លោកស្រីបន្តថា ពេលនោះ លោកស្រីមិនដឹងថា អាចចរចារបានលក្ខខណ្ឌប្រសើរជាងបានឡើយ។
សម្រាប់ស្ត្រីបច្ចប្បន្ន លោកស្រី ចចជីវ៉ា សង្កត់ធ្ងន់ថា៖ «កុំទទួលយកប្រាក់ខែទាបជាងបុរសឲ្យសោះ។» លោកស្រីលើកឡើងបែបនេះនាជំនួបរវាង IMF និងធនាគារពិភពលោកក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១៥ ខែតុលា។
ការងារដែលមិនទទួលបានប្រាក់ខែ គឺជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពសេដ្ឋកិច្ចដែលគ្មានទំនួលខុសត្រូវ និងជាអម្រែកវិសមាមាត្រលើស្ត្រី។ នេះបើតាមរបាយការណ៍ដែលចេញដោយ IMF នៅថ្ងៃទី១៥ ខែតុលា។ បើតាមរបាយការណ៍ដដែល ស្ត្រីធ្វើការងារដែលគ្មានប្រាក់ខែច្រើនជាង ២ ម៉ោងលើសបុរសជារៀងរាល់ថ្ងៃ ហើយសូម្បីតែនៅក្នុងប្រទេសដែលមានសមភាពបំផុតនៅលើពិភពលោក ក៏ស្ត្រីនៅតែធ្វើការងារដែលមិនទទួលបានប្រាក់ឈ្នួលយ៉ាងហោចណាស់ ២០ភាគរយច្រើនជាងបុរស។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ទឹក និងអគ្គិសនី ក៏ដូចជាការប្រើប្រាស់អ៊ីនធឺណិត ប៉ុន្តែក៏ត្រូវផ្តល់សេវាដូចជាការថែទាំកុមារ និងថែទាំមនុស្សចាស់ដើម្បីបង្កើនឱកាសអប់រំ និងជួយស្ត្រីឱ្យទទួលបានការងារដែលមានប្រាក់ខែជំនួសការងារមិនបានទទួលបានប្រាក់ខែ។
ជាមួយគ្នានោះ នាយិកាថ្មីរបស់ IMF ដដែល ក៏បានស្នើឲ្យស្ត្រីមានសមត្ថភាពនិងមានទំនុកចិត្តលើខ្លួនឯង ដើម្បីក្លាយជាបុគ្គលជោគជ័យប្រកបដោយវិជ្ជាជីវៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com