ជាតិ
សម្ដេច ទៀ បាញ់ នឹងចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​យោធា​ពិភពលោក នៅ​ចិន
17, Oct 2019 , 8:59 am        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
​សម្ដេច ទៀ បាញ់ រដ្ឋ​ម​ន្រី្ត​ក្រសួងការពារជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​៧​នៅ​ប្រទេស​ចិន នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យោធា​នេះ នៅ​ធ្វើឡើង​នៅ​ទីក្រុង​អ៊ូ​ហាន (Wuhan) ខេត្ត​ហ៊ូ​បេ (Hubei) ដែល​នឹង​រៀបចំ​ក្រោម​ប្រធានបទ ការចែករំលែក​មិត្តភាព និង​លើកកម្ពស់​សន្តិភាព​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​នាយកដ្ឋាន​កិច្ចការ​អាស៊ាន​នៃ​អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស​របស់​ក្រសួងការពារជាតិ​។



​ជាមួយគ្នានេះដែរ សម្ដេច ទៀ បាញ់ នឹងចូលរួម​វេទិកា សៀង សាន ប៉េកាំង លើក​ទី​៩ (9th Beijing Xiangshan Forum) នៅ​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​។ ក្នុង​វេទិកា​នេះ សម្ដេច ទៀ បាញ់ នឹងចូលរួម​ពិភាក្សា​លើ​ប្រ​ធានា​បទ​សំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​តំបន់​។ ទន្ទឹមនឹងនេះ សម្ដេច​រដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​នៅ​សម័យប្រជុំ​ពេញអង្គ​ទី​៣ ក្រោម​ប្រធានបទ ផលប្រយោជន៍​នៃ​ប្រទេស​តូច និង​មធ្យម និង​សន្តិសុខ​រួមគ្នា​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា នឹង​ជួបពិភាក្សា​ជាមួយ​លោក Wei Fenghe ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋ​ម​ន្រី្ត​ការពារជាតិ​នៃ​ប្រទេស​ចិន ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​៕


Tag:
 ទៀ បាញ់​
  កីឡា​យោធា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com