អន្តរជាតិ
សហភាពអឺរ៉ុប គ្រោងបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយថៃឡើងវិញ រូបភាព (Bangkok Post)
× ក្រុមប្រឹក្សាសហភាពអឺរ៉ុបថ្មីៗនេះ បានលើកឡើងថា សហភាពអឺរ៉ុប គ្រោងបើកកិច្ចចរចាជាមួយប្រទេសថៃឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ សហភាពអឺរ៉ុប បានផ្អាកការចរចាពាណិជ្ជកម្មមួយរយៈហើយ ពោលគឺចាប់តាំងពីមានរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០១៤មកម្លេះ។
បន្ទាប់ពីមានការរដ្ឋប្រហាររដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ ២០១៤ អឺរ៉ុប បានលើកឡើងថា ទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុប និងថៃត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ ចំណែកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងភាពជាដៃគូ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវផ្អាកមួយរយៈ។
តាមការចុះផ្សាយរបស់ព័ត៌មាន Bangkok Post សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអឺរ៉ុប ដែលភ្ជាប់សេចក្តីសម្រេចចិត្តខ្លួនទៅនឹងការបោះឆ្នោតកាលពីខែមីនា ឆ្នាំ២០១៩ បានលើកឡើងថា ប្រទេសថៃបានបញ្ចប់ការដឹកនាំដោយរបបយោធាក្នុងរយៈពេល ៥ឆ្នាំជាផ្លូវការ។ ក្នុងន័យនេះ វាគឺជាពេលដ៏សាកសមបំផុត ដែលសហភាពអឺរ៉ុប ត្រូវចាប់ផ្តើមភ្ជាប់ទំនាក់ទំនងជាមួយប្រទេសថៃ ឲ្យកាន់តែទូលំទូលាយជាមុន។
ជាការពិត ការបើកកិច្ចចរចាឡើងវិញនេះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំចុះហត្ថលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងភាពជាដៃគូ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ជាក់ស្តែង សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប គឺផ្តោតសំខាន់ទៅលើជំហាននៃការចរចាឡើងវីញ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ផ្អែកទៅតាមគណៈកម្មការអឺរ៉ុប ពាណិជ្ជកម្មរវាងអឺរ៉ុប និងថៃមានទំហំរហូតដល់ ៤២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨។ សូមបញ្ជាក់ថា ថៃ គឺជាទីផ្សារនាំចេញធំទី៣ របស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ប្រមាណជា ២២,៩ ពាន់លានដុល្លារ នៃទំនិញ និងសេវាកម្ម ហើយភាគច្រើនជា គ្រឿងម៉ាស៊ីន និងសំភារៈសម្រាប់ដឹកជញ្ជូន៕
© រក្សាសិទ្ធិដោយ thmeythmey.com