កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​ប្រដាល់​អាមេរិក Patrick ស្លាប់ ក្រោយ​រងរបួស​ក្បាល​ខ្លាំង​អំឡុង​ប្រកួត​លើស​ង្វៀន​
17, Oct 2019 , 11:54 am        
រូបភាព
​អ្នក​ប្រដាល់​អាមេរិក Patrick Day បានទទួល​មរណភាព នៅ​ថ្ងៃទី​១៦ ខែតុលា នៅត្រឹម​វ័យ​២៧​ឆ្នាំ ពោលគឺ​៤​ថ្ងៃ​បន្ទាប់ពី​រងរបួស​ក្បាល​រហូត​ប៉ះពាល់​ខួរក្បាល​ធ្ងន់ធ្ងរ អំឡុងពេល​ប្រកួត​ជាមួយ​កីឡាករ Charles Conwell​។ Patrick ជា​អ្នក​ប្រដាល់​ទី​៣​ហើយ ដែល​ស្លាប់​តាមរយៈ​ការឡើង​រេញ​នៅ​ឆ្នាំ​២០១៩​នេះ​។​



Patrick បាន​ដួលសន្លប់​បាត់ស្មារតី​នៅលើ​រេញ ក្រោយ Conwell វាយ​ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​១០ នា​ការប្រកួត​ប្រភេទ​ទម្ងន់​មធ្យម នៅ​សង្វៀន Wintrust Arena ក្នុង​ក្រុង Chicago សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១២ ខែតុលា​។​

Conwell ដែលជា​កីឡាករ​អូឡាំពិក​ឆ្នាំ​២០១៦ របស់​អាមេរិក វ័យ​២១​ឆ្នាំ បាន​វាយ​ឲ្យ Patrick រាប់​ដល់​ទៅ​៣​លើក ពោលគឺ​ក្នុង​ទឹក​៤ និង​៨ មុន​សន្លប់​ធំ​នៅ​ទឹក​ទី​១០​។​



​អ្នក​ផ្គូផ្គង​កីឡាប្រដាល់​លោក Lou DiBella ជា​អ្នក​បញ្ជាក់​ពី​ការស្លាប់​របស់ Patrick នៅឯ​មន្ទីរពេទ្យ Northwestern Memorial ដោយ​អះអាងថា​រូបគេ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​។ ក្រុមគ្រួសារ មិត្តភក្តិ​ជិតស្និទ្ធ និង​សមាជិក​ក្រុម​ប្រដាល់​របស់ Patrick បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​ក្រោយ​មរណភាព​នេះ​។​



Patrick ដែលមាន​ប្រវត្តិ​ប្រកួត ២២​លើក ឈ្នះ ១៧ ចាញ់​៤ និង​ស្មើ​ម្តង ជា​កីឡាករ​ប្រដាល់​ទី​បី​ហើយ​នៅ​ឆ្នាំ​២០១៩​នេះ ដែល​បាត់​បង់ជីវិត​តាមរយៈ​ការប្រកួត​លើស​ង្វៀន​។
​កាលពី​ខែកក្កដា​កន្លងទៅ អ្នក​ប្រដាល់​អា​ហ្ស​ង់​ទីន Hugo Santillan បាន​ស្លាប់​នៅត្រឹម​អាយុ​២៣​ឆ្នាំ ដោយសារ​រងរបួស​ធ្ងន់​ធ្ង​រ​ពេក​អំឡុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ស្រាល WBC​។ បើ​ទោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ទទួល​ការវះកាត់​សង្គ្រោះបន្ទាន់​ក្តី ប៉ុន្តែ Santillan នៅតែ​មិនអាច​គេច​ផុតពី​ការស្លាប់​។​

​ការស្លាប់​របស់ Santillan កើតឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កីឡាករ​រុស្ស៊ី Maxim Dadashev បាន​បាត់​បង់ជីវិត​តាមរយៈ​ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ​អំឡុងពេល​ប្រកួត​ដូចនឹង Patrick ដែរ​។ Dadashev វ័យ​២៨​ឆ្នាំ បាន​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ IBF ជាមួយ​កីឡាករ Subriel Matias តែ​ត្រូវ​អ្នក​ប្រដាល់​ព័រ​តូ​រី​កូ​រូបនេះ​វាយ​ត្រូវ​ក្បាល​ជាច្រើន​ដៃ​រហូត​ដួលសន្លប់​លើ​រេញ​តែម្តង​៕

Tag:
 ​ប្រដាល់​
  Boxer
  Patrick Day
© រក្សាសិទ្ធិដោយ thmeythmey.com