អន្តរជាតិ
ថៃ ត្រៀមរួចរាល់ក្នុងការបើកជំនួបកំពូលអាស៊ានលើកទី៣៥
× ប្រសិនគ្មានការផ្លាស់ប្តូរកាលបរិច្ឆេទទេ ទីក្រុងបាងកកនឹងបើកទ្វារចាំទទួលប្រមុខដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ដែលជាសមាជិកអាស៊ាន ក៏ដូចជាដៃគូសន្ទនាមកពីបណ្តាលប្រទេសទាំង១៨ ចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ។ កិច្ចប្រជុំលើកនេះ ត្រូវបានគេមើលឃើញថា នឹងមានការចូលរួមពីសំណាក់មេដឹកនាំប្រទេសធំៗជាច្រើន។
បន្ទាប់ពីវេនសិង្ហបុរីនៅឆ្នាំ ២០១៨ ឥឡូវដល់វេនថៃ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ានលើកទី៣៥ នៅក្នុងឆ្នាំ ២០១៩ម្តង។ ប្រជាជាតិអាស៊ីអាគ្នេណ៍ទាំង ១០ប្រទេស និងដៃគូសន្ទនាផ្សេងៗ ត្រូវមកជួបគ្នា ដើម្បីពិភាក្សាពីបញ្ហាជាច្រើន ទាំងនៅក្នុងតំបន់ និងពិភពលោក។
កិច្ចប្រជុំអាស៊ានលើកទី៣៥ នឹងមានវត្តមានមេដឹកនាំមកពីប្រទេសធំៗជាច្រើន។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ រដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai បានគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង នឹងចូលរួមកិច្ចប្រជុំនេះ។
ប្រមុខការទូតថៃរូបនេះ បានអះអាងថា ជំនួបលើកនេះ ប្រហែលជាមានវត្តមានរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប៉ុន្តែមកទល់នឹងពេលនេះ ថៃមិនទាន់បានទទួលការបញ្ជាក់ណាមួយពីអាមេរិកឡើយ ខណៈលិខិតអញ្ជើញបានផ្ញើទៅរួចហើយ។
បើតាមមើលជាក់ស្តែង វត្តមានរបស់ត្រាំ ទំនងជាអត់មានមុខក្នុងកិច្ចប្រជុំអាស៊ានច្រើនជាង ព្រោះកាលពីកិច្ចប្រជុំលើកទី៣៣ នៅសិង្ហបុរី ក៏ប្រធានាធិបតីអាមេរិករូបនេះ មិនបានចូលរួមដែរ ហើយបច្ចុប្បន្នលោក ត្រាំ ក៏កំពុងដោះស្រាយបញ្ហារដ្ឋសភាដកតំណែងរបស់ខ្លួនទៀត។
ទាក់ទិនទៅនឹងជំនួបលើកទី៣៥នេះ មេដឹកនាំ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ ដែលមកពីប្រទេសទាំង ១៨ នឹងត្រូវជួបគ្នា នៅមជ្ឈមណ្ឌល IMPACT Exhibition and Convention នាទិសពាយព្យនៃទីក្រុងបាងកក។ ចំណែកខាងសន្តិសុខវិញ ថៃត្រៀមដាក់កម្លាំងប៉ូលីសរហូតដល់ ១ម៉ឺននាក់ ដើម្បីធ្វើឲ្យកិច្ចប្រជុំ មានសុវត្ថិភាព និងរលូនទៅមុខ។
បន្ទាប់ជំនួបផ្លូវការលើកទី៣៥ ភាគីថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី នឹងមានជំនួបក្រៅផ្លូវការមួយទៀត ដែលជជែកគ្នាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ត្រីកោណ ឬ Indonesia-Malaysia-Thailand Growth Triangle (IMT-GT)៕
© រក្សាសិទ្ធិដោយ thmeythmey.com