អន្តរជាតិ
ជប៉ុន បញ្ចេញជំនួយរាប់លានដុល្លារទៅឲ្យតំបន់ដែលត្រូវបំផ្លាញដោយព្យុះ Hagibis
×
ដោយ ឈួន ឈីវអ៊ីង
នៅថ្ងៃទី១៦ តុលា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយជាទឹកប្រាក់៦,៥លានដុល្លារដើម្បីជួយតំបន់ដែលត្រូវបានបំផ្លាញដោយព្យុះទីហ្វុង Hagibis ។ តុល្យការចុងក្រោយ ព្យុះកំណាចនេះ បានសម្លាប់មនុស្សជាង៧០នាក់ទូទាំងប្រទេសជប៉ុន។
Hagibis បានបក់បោកឡើងលើប្រទេសជប៉ុន នៅថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយមានខ្យល់បោកបក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់ជួបពីមុនមក។ ហេតុការណ៍នេះបណ្តាលឲ្យមានការបាក់ដី និងបាក់ច្រាំងទន្លេជាច្រើនផងដែរ។
នៅក្នុងថ្ងៃទី១៦ ខែតុលា រដ្ឋាភិបាលជប៉ុនបានប្រកាសថា មនុស្សស្លាប់មានរហូតដល់ ៧៤នាក់ ខណៈមានមនុស្សរាប់សិបនាក់នៅបន្តបាត់ខ្លួននៅឡើយ។ លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ជំនួយជាទឹកប្រាក់ ៧១០លានយ៉េន ស្មើនឹង ជាង៦លានដុល្លារ ដែលត្រូវកាត់យកមកពីថវិកាបម្រុងក្នុងករណីបន្ទាន់ប្រាំរយពាន់លានយ៉េន។
រដ្ឋាភិបាលនឹងឈររួបរួមគ្នាដើម្បីដោះស្រាយបញ្ហាជូនជនរងគ្រោះ ដើម្បីឲ្យពួកគេអាចត្រឡប់ទៅមានជីវិតធម្មតាវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។ នេះជាការបញ្ជាក់របស់លោក អាបេ ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន លោក Yoshihide Suga លើកឡើងថា សព្វថ្ងៃនេះក្រុមជួយសង្គ្រោះកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការរុករក និងជួយសង្គ្រោះ។ ដោយសារមានភ្លៀងធ្លាក់ជោកជាំឥតស្រាក កម្រិតទឹកទន្លេចេះតែបន្តកើនឡើង ហើយមានកន្លែងជាច្រើនពេញទៅដោយល្បាប់ភក់។
រថភ្លើងក្នុងតំបន់បានបើកដំណើរការឡើងវិញជាបណ្តើរៗ ប៉ុន្តែរថភ្លើងល្បឿនលឿន Shinkansen មួយចំនួននៅតំបន់ Nagano និង Niigata បានផ្អាកដំណើរការនៅឡើយ ដោយសារទទួលការខូចខាតខ្លាំងនៅដោយសារការវាយប្រហារដោយព្យុះ Hagibis នៅភាគកណ្តាលប្រទេសជប៉ុន។
ជាងនេះទៅទៀត នៅមានគ្រួសារជាង១ម៉ឺនគ្រួសារទៀតដែលនៅតែទទួលរងការកាត់ផ្តាច់ចរន្តអគ្គិសនី ខណៈ ១១ម៉ឺនគ្រួសារគ្មានទឹកប្រើប្រាស់។ តំបន់ភាគខាងជើងឆៀងខាងកើតរបស់ជប៉ុន ត្រូវបានរងគ្រោះខ្លាំង ដែលមានអ្នកស្លាប់២៦នាក់នៅក្នុងខេត្ត ហ្វូគូស៊ីម៉ា ដែលជាអត្រាខ្ពស់ជាងគេក្នុងចំណោមខេត្តខណ្ឌនានាដែលប៉ះពាល់ទាំង៣៦របស់ជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com