ជាតិ
នយោបាយជាតិ
ទស្សនកិច្ចនៅឆែក ហុងគ្រី និង ប៊ុលហ្គារី មេដឹកនាំកម្ពុជា សុទ្ធតែបានលើកពីបញ្ហា EBA
× ដ្បិតប្រកាសកន្លងថាមិនបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ពិតមែន តែប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែសម្តែងការយកចិត្តទុកចំពោះ EBA នេះ ដដែល។ ទៅដល់ប្រទេសទាំងបី គឺឆែក ហុងគ្រី និង ប៊ុលហ្គារី ដែលស្ថិតក្នុងសហគមន៍អឺរ៉ុប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីបញ្ហា EBA ទៅពិភាក្សាជាមួយមេដឹកនាំនៃប្រទេសទាំងនេះ។
ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក Andrej Babis នាយករដ្ឋមន្ត្រីឆែក ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងថា៖«ខ្ញុំ សូមអរគុណឆែក ដែលបានអះអាងជាថ្មីនូវជំហរគាំទ្រកម្ពុជាក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប។ ខ្ញុំ សង្ឃឹមថា បណ្តាប្រទេសនៅអឺរ៉ុប នឹងប្រព្រឹត្តដោយយុត្តិធម៌ចំពោះកម្ពុជា»។
ចំណែក ក្នុងជំនួបជាមួយលោក Janos Ader ប្រធានាធិបតីហុងគ្រី ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី បានសរសេរថា៖«សម្ដេចតេជោ បានលើកឡើងអំពី EBA ដោយសម្ដេច បានស្នើឲ្យឯកឧត្តមប្រធានាធិបតី បន្តគាំទ្រដល់កម្ពុជា ជាមួយនឹងសហភាពអឺរ៉ុប ហើយអ្វីដែលដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុប មានដំណើរការនិងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា»។ លោក Janos Ader តបថា៖«ទាក់ទងទៅនឹងបញ្ហា EBA ហុងគ្រី នឹងគាំទ្រដល់កម្ពុជាជាបន្តទៀត»។
រីឯក្នុងជំនួបជាមួយ Rumen Radev ប្រធានាធិបតីប៊ុលហ្គារី ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី បង្ហោះថា៖«ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA សម្ដេចតេជោ បានស្នើឲ្យប្រទេសប៊ុហ្គារី ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប ជួយផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។ សម្តេចតេជោ បន្តថា បច្ចុប្បន្ន ដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ។ ជាក់ស្តែងការបោះឆ្នោតឆ្នាំ២០១៨ បានដំណើរការទៅយ៉ាងល្អបំផុតដោយសារមានគណបក្សចូលរួមច្រើន និងមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅជាង៨៣ភាគរយ»។
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជានៅឆែក ហុងគ្រី និង ប៊ុលហ្គារី ដែលចាប់ផ្តើមតាំងពីថ្ងៃទី១៣មក នឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីនៃការឈានទៅដក EBA ជាបណ្តោះអាសន្ននៅកម្ពុជា ដោយមកដល់ពេលនេះ វា មានរយៈពេលប្រមាណ៨ខែហើយ។ សហភាពអឺរ៉ុប ត្រូវការពេលវេលាសរុប១៨ខែ ដើម្បីសម្រេចថា ដក EBA ពីកម្ពុជា ឬក៏មិនដក។
មិនមែនតែសហភាពអឺរ៉ុបទេ សូម្បីតែតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ក៏ជំរុញឲ្យរដ្ឋាភិបាលអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីកម្ពុជាដែរ។ ទាំងសហភាពអឺរ៉ុបនិងសហរដ្ឋមេរិក សុទ្ធតែមិនសូវពេញចិត្តនឹងស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា ហេតុដូច្នេះហើយ ទើបបានជាពួកគេ យកប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ មកគំរាមរដ្ឋាភិបាលកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com