អន្តរជាតិ
រដ្ឋាភិបាល​ថៃ គម្រោង​យកពន្ធ​លើ​អាហារ​កែច្នៃ​មាន​ជាតិ​ប្រៃ​
17, Oct 2019 , 7:19 pm        
រូបភាព
រូបភាព Grain
រូបភាព Grain
ដោយ៖ ឈួន ឈី​វ​អ៊ីង​

​រដ្ឋាភិបាល​ថៃ កំពុង​រៀបចំ​សេចក្ដីស្នើ​មួយ​ដើម្បី​យកពន្ធ​លើ​អាហារ​កែច្នៃ និង​អាហា​មាន​ជាតិ​ប្រៃ​។ ប៉ុន្តែ​ករណី​លើកលែង​នឹងត្រូវ​បាន​អនុវត្ត​ចំពោះ​ពពួក​គ្រឿងទេស ដូចជា​ទឹកត្រី ទឹកស៊ីអ៊ីវ និង​អំបិល​ជាដើម​។ នេះ​បើតាម​សម្តី​របស់​នាយកដ្ឋាន​គ​យ​ថៃ នៅ​ថ្ងៃទី​១៧ ខែតុលា​។



​អាហារ​កែច្នៃ​មាន​ជាតិ​ប្រៃ​ដោយ​ប្រើ​សមាសធាតុ​សូ​ដ្យូ​ម​ដូចជា ផលិតផល​កក អាហារ​កំប៉ុង និង​មី​កំប៉ុង​ជាដើម ស្ថិតក្នុង​បញ្ជី​អាហារ​ដែល​នឹងត្រូវ​ពិចារណា​យកពន្ធ​។ អគ្គនាយក​គយ​ថៃ លោក Patchara Anuntasilpa បាន​និយាយថា ភ្នាក់ងារ​របស់លោក​កំពុងតែធ្វើការ​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​សិក្សា​ពី​ការដំឡើង​ពន្ធ​ថ្មី​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការប្រើប្រាស់​អា​ហារ​សុខភាព​។​

​អត្រា​យកពន្ធ នឹងត្រូវ​ប្រែប្រួល​ទៅតាម​បរិមាណ​អំបិល​ដែលមាន​នៅក្នុង​អាហារ​។ សមាសធាតុ​សូ​ដ្យូ​ម​មាន​កាន់តែច្រើន អត្រាពន្ធ​ក៏​ដំឡើង​កាន់តែ​ខ្ពស់​ទៅតាម​នោះ​។ នេះ​ជា​បើតាម​ការបញ្ជាក់​របស់​លោក Patchara ដែល​បាន​បន្ថែមទៀតថា ព័ត៌មាន​លំអិត​នឹងត្រូវ​បញ្ចប់​ឆាប់ៗ ហើយ​បញ្ជូនទៅ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Uttama Savanayana នៅ​ចុង​ឆ្នាំនេះ​។

​សំណើ​ដើម្បី​ដាក់​ពន្ធ​លើ​ចំណីអាហារ​ដែល​ផ្សំ​ពីស​មាស​ធា​ត​សូ​ដ្យូ​ម​ក្នុង​កម្រិត​ខ្ពស់ គឺ​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​ក្នុងប្រទេស​ថៃ​។ ប៉ុន្តែ​គម្រោង​នេះ បាន​យក​គម្រូ​តាម​ពន្ធ​ដែល​ដាក់​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ក្នុង​រយៈពេល​ពីមួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ​ដំបូង ការយកពន្ធ​នឹងត្រូវ​កាត់បន្ថយ​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​លើកទឹកចិត្ត​ឲ្យ​អ្នក​ផលិត​កាត់បន្ថយ​អំបិល​ក្នុង​ផលិតផល​របស់​ពួកគេ​។​

​មន្ត្រី​ខាងលើ​បន្តថា ផលិតផល​មាន​ជាតិ​ប្រៃ​ដំបូង​ដែល​ត្រូវ​បង់ពន្ធ​រួមមាន​អាហារ​កក អាហារ​កំប៉ុង និង​មី តែ​មិន​យកពន្ធ​លើ​អាហារសម្រន់​របស់​កុមារ​ព្រោះ​វា​មិនមែនជា​អាហារ​ប្រចាំថ្ងៃ​ទេ​។ គ្រឿងទេស និង​គ្រឿងផ្សំ​ផ្សេងទៀត​ក៏ត្រូវ​បាន​លើកលែង​ផងដែរ​។

​នាយកដ្ឋាន​រដ្ឋ​ករ​បានលើកឡើង​ពី​គំនិត​នេះ​តាំងពី​ឆ្នាំមុន ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជំនាន់​នោះ លោក  Apisak Tantivorawong ប្រឆាំងនឹង​គម្រោង​នេះ ដោយបាន​និយាយថា ពន្ធ​លើ​អាហារ​មាន​ជាតិ​ប្រៃ​និង​ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ច្រើន និង​រួមចំណែក​ក្នុងការ​រកប្រាក់​ចំណូល​តិច​បំផុត​៕

​ផែនការ​នៃ​ការដាក់​ពន្ធ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ការបរិភោគ​អំបិល ៣០​ភាគរយ​ក្នុងប្រទេស​ថៃ​ទាំងមូល ក្នុង​បំណង​កាត់បន្ថយ​អាត្រា​ជំងឺលើសឈាម​ឲ្យ​បាន ២៥​ភាគរយ​នៅ​ឆ្នាំ​២០២៥​។

​យោងតាម​អង្គការ​សុខភាព​ពិភពលោក ការប្រើប្រាស់​អំបិល​ហួសប្រមាណ​អាច​សម្លាប់​មនុស្ស ២.៥​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​ទូទាំង​សលក​លោក​។ ជា​ដំបូន្មាន​ល្អ គឺ​គួរតែ​ប្រើប្រាស់​អំបិល​តិចជាង​៥​ក្រាម​ក្នុង​មួយថ្ងៃ​៕


© រក្សាសិទ្ធិដោយ thmeythmey.com