អន្តរជាតិ
ប្រមុខការទូតម៉ាឡេស៊ី៖ នាវាជើងទឹករបស់យើង តូចជាងនាវាល្បាតចិនឆ្ងាយណាស់
× ប្រមុខការទូតម៉ាឡេស៊ី នៅថ្ងៃទី១៧ ខែតុលា បានលើកឡើងថា ទីក្រុងគូឡាឡាំពួ ត្រូវការបង្កើនសមត្ថភាពនាវាយោធាជើងទឹកបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រយុទ្ធ នៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ បើទោះបីជាម៉ាឡេស៊ី មិនគាំទ្រសកម្មភាពយោធាណាមួយនៅក្នុងតំបន់ដែនទឹកជម្លោះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលត្រូវតែត្រៀមខ្លួនជាមុន ដើម្បីការពារដែនទឹករបស់ខ្លួន។
ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងនៅបន្តកើតមាន បន្ទាប់ពីនាវាអាមេរិក បានបើកក្បែរប្រជុំកោះ ដែលបានទាមទារដោយភាគីចិននាខែមុន។ ជាការឆ្លើយតប ភាគីអាមេរិក បានអះអាងថា នាវាយោធារបស់ខ្លួន មិនបានបើកកាត់ដែនទឹក ដែលត្រូវបានទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួនឡើយ។
ដោយព្រួយបារម្ភពីបញ្ហាជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី Saifuddin Abdullah បានគូសបញ្ជាក់ថា៖ «នាវាជើងទឹករបស់យើង ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពជើងទឹករបស់ព្រះមហាក្សត្រម៉ាឡេស៊ី គឺតូចជាងនាវាយាមល្បាតដែនទឹករបស់ចិនឆ្ងាយណាស់»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ប្រមុខការទូតរូបនេះ ចង់ឲ្យម៉ាឡេស៊ីធ្វើទំនើបកម្មលើនាវាជើងទឹករបស់ខ្លួន យ៉ាងហោចណាស់ឲ្យបានត្រឹមនាវាយាមល្បាតដែនទឹកចិនក៏បានដែរ ព្រោះនៅមានជម្លោះកើតឡើង ម៉ាឡេស៊ីអាចការពារដែនទឹករបស់ខ្លួនបានទេ។ ប្រសិនបើទីក្រុងគូឡាឡាំពួ នៅតែបណ្តោយឲ្យនាវាយោធានៅតែតូចបែបនេះទៀត ដែនទឹករបស់ម៉ាឡេស៊ីនឹងត្រូវលេបត្របាក់ដោយប្រទេសមហាអំណាច ហើយនឹងមិនអាចចាប់បង្ខំឲ្យប្រទេសទាំងនោះចេញពីដែនទឹកជម្លោះបានទេ។ ពេលនោះ ម៉ាឡេស៊ី អាចដាក់បានត្រឹមតែលិខិតតវ៉ាតែប៉ុណ្ណោះ។
ការលើកឡើងបែបនេះ គឺបន្ទាប់ពីលោករដ្ឋមន្ត្រីបានមើលឃើញពីនាវាយាមល្បាតចិន បានវត្តមានជិត២៤ម៉ោង នៅជុំវិញកោះ South Luconia ភាគខាងកើតនៃរដ្ឋ Sarawak។ ជាការយល់ឃើញ លោក Saifuddin អះអាងថា ម៉ាឡេស៊ី មិនចង់ឲ្យមានជម្លោះកើតឡើងទេ តែបើមានការធ្វើទំនើបកម្មលើនាវាយោធាជើងទឹកគឺកាន់តែល្អ។ វាគឺល្អ ព្រោះទីក្រុងគួឡាឡាំពួអាចគ្រប់គ្រង ដែនទឹកជម្លោះជាមួយប្រទេសមហាអំណាច។
សូមបញ្ជាក់ថា ជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូង គឺជាបញ្ហាមួយដ៏ស្មុគស្មាញ ដែលត្រូវបានទាមទារដោយប្រទេសចំនួន ៥ដូចជា ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប្រុយណេ។ តាមការទាមទាររបស់ចិន គឺផ្អែកទៅតាម ផែនទីបន្ទាត់ក្រចកសេះ ដែលគូសដោយទីក្រុងប៉េកាំង។ ការគូរនេះ គឺត្រួតស៊ីគ្នា ទៅនឹងដែនទឹកផ្សេងទៀត ដែលត្រូវបានវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com