ជាតិ
លោក ឃាង ភារម្យ៖ ខេត្តព្រះសីហនុ នឹងផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយដោះស្រាយបញ្ហាជាកញ្ចប់
× ភ្នំពេញ៖ បញ្ហាផ្លូវថ្នល់ ប្រព័ន្ធលូ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តព្រះសីហនុ កំពុងបង្កការរំខានអារម្មណ៍ពលរដ្ឋរស់នៅក្នុងខេត្ត រួមទាំងភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅទីនោះ។ អាជ្ញាធរខេត្តព្រះសីហនុ កំពុងដោះស្រាយបញ្ហាទាំងនេះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានអះអាងថា អាជ្ញាធរបានយកចិត្តដាក់បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាននៅក្នុងខេត្ត ដើម្បីកុំឱ្យប៉ះពាល់ភ្ញៀវទេសចរ។ និយាយដោយឡែកពីរឿងបញ្ហាផ្លូវវិញ លោក ឃាង ភារម្យ បានបញ្ជាក់ថា អាជ្ញាធរបានត្រៀមចំណាយថវិកាជិត២០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាផ្លូវខូច៣៤ខ្សែ ប្រវែងជាង៨៤គីឡូម៉ែត្រនេះ។ ប៉ុន្តែទឹកប្រាក់ចំណាយសរុបលើការជួសជុលផ្លូវយ៉ាងណានោះ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ក្រៅពីបញ្ហាផ្លូវថ្នល់នេះ អាជ្ញាធរខេត្ត ក៏នឹងដោះស្រាយបញ្ហាប្រព័ន្ធលូ ដើម្បីរំដោះទឹក នៅពេលភ្លៀងធ្លាក់ខ្លាំង។ ជាពិសេសអាងចម្រោះទឹកស្អាត រួមទាំងការរៀបចំ និងដោះស្រាយបញ្ហាបរិស្ថាន និងអនាម័យក្នុងខេត្តទេសចរណ៍មួយនេះផងដែរ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។
សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ដូចតទៅ៖
សម្រាប់លោក ឃាង ភារម្យ ខេត្តព្រះសីហនុ នឹងផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយដោះស្រាយបញ្ហាជាកញ្ចប់រួចរាល់។«ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខ្ញុំសូមឡើងថា ផ្លូវទាំង៣៤ខ្សែ យើងប្រើពេល(ជួសជុល)៨ខែជាង នឹងជួសជុលចប់ហើយ។ គួបផ្សំ និងប្រព័ន្ធលូ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ សួនច្បារផ្សេងៗ យើងគិតថា ខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុ នឹងមានការផ្លាស់ប្ដូរមុខមាត់ថ្មីតែម្ដង ។ ហើយនឹងសង្ឃឹមថា ទាក់ទាញវិនិយោគទុនបន្ថែម ក៏ដូចជាភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តព្រះសីហនុនេះច្រើន នៅក្នុងពេលអនាគតដ៏ថ្មីខាងមុខនេះ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ដែលអះអាងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនេះ ដោយសារតែកំណើនប្រជាពលរដ្ឋ និងការអភិវឌ្ឍយ៉ាងគំហុក នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ៕
Tag:
ឃាង ភារម្យ
ហេដ្ឋរចនាសម្ព័ន្ធ
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com