អន្តរជាតិ
ត្រាំ​៖ ការវាយប្រហារ​របស់​តួ​ក​គី​ក្នុង​ទឹកដី​ស៊ី​រី មិនមែនជា​បញ្ហា​អាមេរិក​ឡើយ​
17, Oct 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ក្តែ​ងៗ​ថា ការបើក​ប្រតិបត្តិការ​យោធា​ក្នុង​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​ពី​សំណាក់​តួ​ក​គី ពុំមែន​ជា​រឿង​ព្រំដែន​របស់​អាមេរិក​នោះឡើយ ។ ក្រៅពី​មិន​ជួយ​ហើយ មេដឹកនាំ​រូបនេះ ក៏បាន​ហៅ​អតីត​សម្ព័ន្ធមិត្ត​អាមេរិក សកម្មប្រយុទ្ធ​ឃើ​ដ «​មិនមែនជា​ទេវតា​» ទៀតផង​។



​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​អាមេរិក នៅ​ថ្ងៃ​ពុធ ១៦​តុលា លោក ដូ​ណា​ល់ ត្រាំ គូសបញ្ជាក់ថា សហរដ្ឋអាមេរិក ពុំមែន​ភ្នាក់ងារ​ប៉ូលិស​ឡើយ ហើយ​វា​ដល់ពេល​ហើយ​សម្រាប់​ក​ង​ទ័ព​អាមេរិក​ត្រឡប់មកផ្ទះ​វិញ​។ លោក និយាយ​បែបនេះ​៖«​ពួកគេ មាន​បញ្ហា​នៅ​ព្រំដែន​។ វា​មិនមែនជា​ព្រំដែន​យើង​។ យើង​មិនគួរ​លះបង់​ជីវិត​ដោយសារ​រឿងនេះ​នោះទេ​»​។​

​សម្រាប់​លោក ត្រាំ លោក មើលឃើញ​ស្ថានការណ៍​ជុំវិញ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​ថា​ជា «​យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ​» សម្រាប់​សហរដ្ឋអាមេរិក​។ លោក និយាយថា កងទ័ព​អាមេរិក បាន​ចាក​ចេញពី​ទីនោះ ហើយ​ពួកគេ​មាន​សុវត្ថិភាព​។ ដោយ​អះអាងថា បញ្ហា​នេះ​អាច​ដោះស្រាយបាន​ដោយ​មិនចាំបាច់​មានការ​ប្រយុទ្ធ​គ្នា​នោះ លោក ត្រាំ បញ្ជាក់​បែបនេះ​៖«​យើង​កំពុង​តាមដាន​, យើង​កំពុង​ចរចា ហើយ​យើង​កំពុង​ព្យាយាម​ប្រាប់​ឲ្យ​តួ​ក​គី​ធ្វើ​រឿង​ត្រឹមត្រូវ ព្រោះតែ​យើង​ចង់​បញ្ឈប់​សង្គ្រាម​ដោយ​មិន​ខ្វល់​ពីអ្វី​ទាំងអស់​»​។

​លោក​ប្រធានាធិបតី ត្រាំ ក៏បាន​ពន្លះ​ពួក​ឃើ​ដ​ថា «​មិនមែនជា​ទេវតា​» ឡើយ​។ លោក លើកឡើងថា សកម្មប្រយុទ្ធ​ឃើ​ដ​និង​អាមេរិក បាន​ប្រកៀក​ស្មា​ប្រយុទ្ធ​ជាមួយគ្នា ដោយ​អាមេរិក​បានផ្តល់​លុយ​យ៉ាងច្រើន​សន្ធឹក​សម្រាប់​ពួកគេ​។ ពួកគេ វាយ​ប្រយុទ្ធ​បានល្អ​នៅពេល​មាន​យើង​នៅក្បែរ​។ ក៏ប៉ុន្តែ នៅពេល​គ្មាន​វត្តមាន​អាមេរិក ពួកគេ​ចុះ​ទន់ខ្សោយ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC លោក ត្រាំ បញ្ជាក់ទៀតថា លោក​មិនបាន​ផ្តល់​ភ្លើង​បៃតង​ដល់​លោក​ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ (Recep Tayyip Erdogan) សម្រាប់​ប្រតិបត្តិការ​យោធា​នៅ​ភាគ​ខាងជើង​ស៊ី​រី​ឡើយ​។ លោក​អះអាងថា លោក​បាន​សរសេរ​សំបុត្រ​មួយច្បាប់​ទៅកាន់​លោក អ៊ែរ​ដូ​ហ្កា​ន់ ក្រោយ​បញ្ចប់​ការ​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ពី​រឿង​វាយប្រហារ​នេះ​។​

​ក្នុង​សំបុត្រ​មួយច្បាប់​ដែល​បាន​ចុះ​ថ្ងៃទី​៩ តុលា ពោលគឺ​ចំ​ថ្ងៃ​ដែល​តួ​ក​គី​បាន​បើក​ប្រតិបត្តិការ​យោធា ប៉ុន្តែ​ទើបតែ​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ១៦ តុលា លោក ត្រាំ សរសេរ​ទៅកាន់​លោក​ប្រធានាធិបតី អ៊ែរ​ដូ​ហ្កា​ន ដោយ​ប្រើ​ពាក្យរិះគន់​ខ្លាំងៗ​។ លោក ត្រាំ បាន​ប្រាប់​ឲ្យ​មេដឹកនាំ​តួ​ក​គី​៖«​កុំ​ធ្វើជា​មនុស្ស​តឹងរ៉ឹង​ពេក ហើយ​កុំ​ធ្វើជា​មនុស្ស​ភ្លីភ្លើ​ឲ្យ​សោះ​»​។ លោក បន្ត​៖«​អ្នក​មិន​ចង់​ក្លាយជា​អ្នកទទួល​ស្គាល់​ខុសត្រូវ​ចំពោះ​ការកាប់សម្លាប់​មនុស្ស​រា​ប់​ពាន់​នាក់ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ក្លាយជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការបំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​តួ​ក​គី​ដែរ ហើយ​ខ្ញុំ​នឹងធ្វើ​វា​»​។

អត្ថបទទាក់ទង

​សូមបញ្ជាក់ថា ក្រោយពី​អាមេរិក កាលពីដើម​សប្តាហ៍​នេះ បានប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី អ្នកនាំពាក្យ​ម្នាក់​របស់​ប្រធានាធិបតី អ៊ែរ​ដូ​ហ្កា​ន់ បាន​និយាយថា ក្រសួងការបរទេស​តួ​ក​គី កំពុង​រៀបចំ​ដាក់ទណ្ឌកម្ម​វាយបក​ប្រឆាំង​សហរដ្ឋអាមេរិក​។ ម្យ៉ាងទៀត ក្រុង​អាង់​កា​រ៉ា បាន​ប្តេជ្ញា​បន្តសកម្មភាព​វាយប្រហារ​នៅ​ព្រំដែន​ស៊ី​រី​ភាគ​ខាងជើង​នេះ ហើយក៏​បាន​ទាត់ចោល​ការចរចា​ជាមួយ​សកម្មប្រយុទ្ធ​ឃើ​ដ​ផងដែរ​៕

Tag:
 សហរដ្ឋអាមេរិក​
  តួ​ក​គី​
  ស៊ី​រី​
  ឃើ​ដ​
  ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com