ម្ចាស់ខ្សែក្រវាត់ពិភពលោកពីរស្ថាប័ន Aung La N Sang ផ្ដោតលើប្រកួតទម្ងន់ Middleweight
18, Oct 2019 , 7:59 am
រូបភាព
×
អត្ថបទ៖ស៊ីធី
បន្ទាប់ពីវ៉ៃកីឡាករហ្វីលីពីន Brandon Vera ឲ្យចុះចាញ់ទឹកទី២ នៅសង្វៀន ONE: CENTURY ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE World Champion ពីរស្ថាប័នរបស់មីយ៉ាន់ម៉ា Aung La N Sang រហស្សនាម «The Burmese Python» កំពុងផ្ដោតលើការប្រកួតប្រជែងក្នុងប្រភេទទម្ងន់បន្ទាប់ទៀតគឺ Middleweight។
Aung La N Sang ទើបតែការពារខ្សែក្រវាត់ ONE Light Heavyweight World Champion បានដោយជោគជ័យកាលថ្ងៃអាទិត្យកន្លងទៅនៅក្រុងតូក្យូប្រទេសជប៉ុន។ វាជាការប្រកួតប្រជែងដ៏ធំសម្បើមសម្រាប់កូនសិស្សគុនចម្រុះមកពីក្លិប Hard Knocks 365 ដែលទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោកពេលឈ្នះ Vera ដែលមានមាឌធំជាងខ្លួន ប៉ុន្តែ «The Burmese Python» អាចធ្វើឲ្យ កីឡាករហ្វីលីពីនចុះចាញ់ដោយផ្ដួលទៅក្តាររេញ និង ប្រើកណ្ដាប់ដៃឆ្វេងរហូតដល់ ១០ ដៃ មុនអាជ្ញាកណ្ដាលបញ្ឈប់។
Aung La N Sang បានរក្សាក្បាច់គួបផ្សំគ្នាទាំងដៃជើងបានល្អ, មិនបង្កើតឱកាសដល់គូប្រកួត, និង វ៉ៃចេញខ្លីៗបានល្អណាស់។ រឿងរ៉ាវទាំងនេះត្រូវបានជើងខ្លាំងមកពី មីយ៉ាន់ម៉ា បញ្ជាក់ថា ៖« វាជាផ្នែកនៃផែនការរៀបចំ ដាក់សម្ពាធលើ Vera ទប់រងកណ្ដាប់ដៃរបស់គេ និង ដាក់សម្ពាធហើយសងលឿនៗ កុំឲ្យគេដកឃ្លា»។
Aung La N Sang បានសារភាពថា ៖«Brandon ជានិមិត្តរូបរបស់ខ្ញុំ។ ខ្ញុំជាអ្នកគាំទ្រងប់ងុលម្នាក់របស់ Vera ហើយពេលដល់ចំណុចនេះក៏វាជាកិត្តិយសធំធេងរបស់ខ្ញុំដែរ។ រឹតតែកិត្តិយសទៅទៀត វាជាការប្រកួតគូឯកប្រចាំសង្វៀនលំដាប់ពិភពលោក ដែលមិននឹកស្មានដល់»។
ពេលនេះ Aung La N Sang បានការពារខ្សែក្រវាត់ ONE Light Heavyweight World Title យ៉ាងជោគជ័យ និង ដាក់គោលដៅបន្តទៅប្រកួតប្រជែងផ្សេងទៀត។ បន្ទាប់ពីជ័យជម្នះធំធេងនៅកម្មវិធី ONE: CENTURY បុរសជំនាញវាយគូប្រកួតឲ្យសន្លប់រូបនេះផ្ដោតលើ ប្រភេទទម្ងន់ Middleweight ក្នុងការប្រកួតថ្ងៃមុខ។ Aung La N Sang បញ្ជាក់ថា មានកីឡាករទម្ងន់ middleweight ជាច្រើនដែលត្រូវប្រកួតជាមួយ ហើយត្រូវតែដើរតាមការគ្រោងទុក។
ជាចុងក្រោយមុនចាកចេញពីសង្វៀន ល្បីល្បាញ Ryogoku Kokugikan, Aung La N Sang បានផ្ញើសារដល់អ្នកគាំទ្រនៅមីយ៉ាន់ម៉ាថា ៖«អរគុណច្រើនមែនទែន ពេលណាខ្ញុំចេញក្រៅ ខ្ញុំតែងតែឮពីអ្នកគាំទ្រនៅមីយ៉ាន់ម៉ា គាំទ្រខ្ញុំ ហើយវាបានផ្ដល់ឲ្យខ្ញុំនូវកម្លាំងចិត្តមហាសាល។ ខ្ញុំចង់រក្សាកម្លាំងចិត្តនេះ សម្រាប់អ្នកជំនាន់ក្រោយរបស់កីឡាករមីយ៉ាន់ម៉ា និង ប្រជាជនមីយ៉ាន់ម៉ា ដើម្បីក្លាយជាមនុស្សល្អ។ អរគុណខ្លាំងដល់អ្នករាល់គ្នា»។